ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទី​តាំង​ផលិត​គ្រឿង​ញៀន​ ប៉ូលិស​បើក​ប្រតិ​បត្តិ​ការ​ក្តៅ​គគុក​ក្នុង​ខណ្ឌ​ចំនួន​៤ រឹប​អូស​វត្ថុ​តាង​ ចាប់​ខ្លួន​១១​នាក់​

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ សមត្ថ​កិច្ចចម្រុះ​​​​​មាន​​នគរ​បាល​​ក្រសួង​​​​មហា​​ផ្ទៃ​​ ​​​​រាជធានីភ្នំពេញ ​​​និង​ខណ្ឌ​ ​​​ដោយ​មានការ​សម្រប​សម្រួល​​​ពីស្ថាប័ន អយ្យការ កាលពីវេលាម៉ោង​៦​ល្ងាច​ថ្ងៃទី១ ឧសភា ​​​រហូតដល់ម៉ោង​៣ទៀប​ភ្លឺ ឈាន​ចូល​​​ថ្ងៃ​ទី២ ឧសភា ​បានបើក​ប្រតិបត្តិ​ការ​​​បង្ក្រាប​​​​ក្រុម​ផលិត​​​ និង​ជួញដូរ​​​គ្រឿងញៀនដ៏ធំ​មួយកក្រើក​​រាជធានីភ្នំពេញ ។ ​​ប្រតិបត្តិការ​នេះ ​​បានធ្វើឡើង​​​នៅ​ក្នុង​​ខណ្ឌ​​​ចំនួន៤ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ  ​ខណ្ឌ​មាន​ជ័យ និងខណ្ឌចំការមន និង​ឃាត់​ខ្លួន​​ជន​សង្ស័យ​​​១១នាក់ ក្នុង​នោះ​មាន​ជន​ជាតិវៀតណាម៦​នាក់ និង​ខ្មែរ​៥នាក់ ​​មានប្រុស​៧​នាក់ ​​​ស្រី​៤​នាក់ ​ដោយ​​​ធ្វើ​​ការ​ដក​ហូត​វត្ថុតាង​បានមួយចំនួនធំ ។

​​​ទាក់​ទិន​​​​នឹង​ប្រតិបត្តិការ​​បង្ក្រាប​​ទីតាំង​​​ផលិត​ និង​ក្រុមជួញដូរ​​​គ្រឿងញៀនខាង​លើនេះ ​​ប្រភព​​​ព័ត៌មាន​​​ពីមន្ត្រី​សាលា​ដំបូង​​រាជធានីភ្នំពេញ បាន​​ឱ្យ​ដឹង​ថា ក្រោយពី​​ទទួល​បាន​ព័ត៌​មាន​​ និង​សេចក្តី​​​រាយការណ៍​​​​យ៉ាង​ជាក់​​​លាក់​​ពី​សមា​សភាព និងទីតាំង​លួច​លាក់​ផលិតគ្រឿង​ញៀន​​​នៅក្នុង​រាជធានីភ្នំពេញ​តាមរយៈ​​​នាយក​ដ្ឋាន​​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហា​ផ្ទៃ លោកយ៉េត ​​ចរិយា ​ព្រះ​រាជ​​អាជ្ញា​សាលា​ដំបូង​​​​បានចាត់តាំង​​ព្រះ​រាជ​​អាជ្ញា​រង​​​​៣​រូប ​ចុះទៅ​​​ដឹកនាំ​សមត្ថកិច្ច​​​ និង​អាជ្ញា​ធរធ្វើកិច្ច​ការ​នេះ ។ ប្រភព​បន្តថា ​​សមាស​ភាព​ក្រុមចម្រុះ​​​​ចុះបង្ក្រាប​​ទីតាំង​​​​ផលិត ​និង​ក្រុម​ជួញ​ដូរ​គ្រឿង​​​ញៀន​នេះ ​​មាន​លោក​​សុខ ​​​រឿន ​ព្រះ​រាជ​អាជ្ញារង​ លោកសៀង សុខ ព្រះ​រាជអាជ្ញា​​រង ​លោកឯក ឆេងហួត ​ព្រះ​រាជ​អាជ្ញា​រង​តំណាង​អយ្យ​ការ​​​​​អម​សាលា​ដំបូង ​។ ​ខាង​​​សមត្ថ​កិច្ច​​​មាន​លោក​ឧត្តម​សេនីយ៍ អ៊ុក ​ហៃសីឡា អនុ​ប្រធាន​​​​នាយកដ្ឋាននគរបាល​​​​ប្រឆាំង​​ភេរវកម្ម​ក្រសួង​មហា​ផ្ទៃ​ លោកឧត្តម​សេនីយ៍​ទូច ណារ៉ុថ ​ស្នង​ការ​​​នគរបាល​រាជធានីភ្នំពេញ ​លោកឧត្តម​សេនីយ៍​បែន រ័ត្ន ស្នង​ការ​​រង និង​​​ជា​ប្រធាន​​ការិយា​ល័យ​​​កណ្តាល​នគរ​បាល​ប្រឆាំងបទ​ល្មើស​នៃ​ស្នង​​​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ។ លោក​​ឃួង ​ស្រេង អភិបាល​​ខណ្ឌ​​សែន​សុខ ​លោកវរ​សេ​នីយ៍​ទោ ម៉ក់ ហុង អធិការ​​ខណ្ឌ​សែនសុខ ​លោកគិត សុផា អភិបាល​ខណ្ឌ​​​ពោធិ៍​សែនជ័យ លោក​វរ​សេនីយ៍​ទោប៊ន សំអាត អធិការ​ខណ្ឌ​​​​ពោធិ៍​សែនជ័យ ​​លោកហ៊ី ណារិន ​អធិការ​ខណ្ឌ​មាន​ជ័យ និង​លោក​​ហៀង ថារ៉េត អធិការ​​រង​ខណ្ឌ​ចំការមន ។

​ក្នុងបេសកកម្មបង្ក្រាប​ដ៏ធំនោះ ​​​​ក៏មានវត្ត​មាន​​លោកជីវ ​​កេង ប្រធាន​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ ​​​តាមឃ្លាំ​មើល​​ និង​សង្កេត​ការណ៍​​​ផ្តល់​ជាយោបល់​​​រហូត​ដល់​​ទីបញ្ចប់ផងដែរ ។

មន្ត្រី​សាលា​ដំបូង​​​​បានឱ្យ​ដឹង​ទៀតថា ប្រតិបត្តិការ​បង្ក្រាប​​​គ្រឿង ញៀន១ករណីនេះ ​បានធ្វើឡើង​​​ចំនួន​​៧​​គោល​ដៅ ក្នុងនោះ​​​ខណ្ឌ​ពោធិ៍​សែនជ័យ​មាន​២ ​​គោលដៅ ​​ខណ្ឌសែន​​សុខ​មាន២គោលដៅ ខណ្ឌ​​ចំការមនមាន២គោលដៅ និងខណ្ឌ​​មានជ័យ មាន​១គោលដៅ ។ ​​​​ទាំង​៧​គោលដៅ​នេះ ​​ឃាត់​ខ្លួន​​​មនុស្ស​១១នាក់ ​​ដកហូត​វត្ថុតាង​រួម​មាន ប្រេង​ម្រះព្រៅ១២៧ប៊ីដុង​ សារធាតុ​ផ្សំគ្រឿង​ញៀន​​​ជាង១តោន ​​អាស៊ីដ​ ម្សៅសច្រើនថង់ ​​ឧបករណ៍​ផលិត​គ្រឿងញៀន​​​១កំប្លេ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន១គ្រឿង និងសម្ភារ​វេច​ខ្ច​ប់​​ថ្នាំញៀន​មួយចំនួន ។ ​​ប្រភពបន្តថា ​ករណីខាងលើនេះ ​​​ពី​ដំបូង​​ព័ត៌​មាន​បានធ្លាយ​ចេញ​​​មកពី​សមត្ថកិច្ច​​​នាយកដ្ឋាននគរបាល​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហា​ផ្ទៃ ​ដែលកម្លាំង​​នាយកដ្ឋាននោះ​បានតាម​ប្រមាញ់ជនសង្ស័យ​១ក្រុម ដែលជា​ក្រុមជួញដូរ​​គ្រឿងញៀន​រហូត​ដល់​ចំណុចមួយ​ជិតផ្សារ​អូរ​ដឹម សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ ។

ពេលនគរបាលក្រសួង​មហាផ្ទៃ​​​​​តាមប្រមាញ់ ​ជនសង្ស័យ​ទៅដល់ទីនោះ ក៏ត្រូវ​បាត់ដាន​ ប៉ុន្តែភ្លាមនោះ ជនសង្ស័យ​បែរជាត្រូវ​​​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​​សង្កាត់​ចោមចៅ​ឃាត់ខ្លួន ទើប​​​​កិច្ច​​ការ​នេះ​ កើតមានការ​សហការ​គ្នា​​តាំងពី​សមត្ថ​កិច្ចនគរបាលក្រសួង​​មហា​ផ្ទៃ សង្កាត់​​ខណ្ឌ ​រាជធានីបង្កើត​ជា​គណៈ​កម្មការ​​ចម្រុះ​មួយ​​ដឹកនាំ​ដោយលោក​ព្រះ​រាជអាជ្ញា​រង៣រូប ​​បង្ក្រាប​លើ​ក្រុម​ផលិត និង​ជួញដូរ​គ្រឿងញៀន ​​ទាំង៧​គោល​ដៅនេះពេញ​មួយ​យប់​បាន​យ៉ាង​​ជោគជ័យ ។ ​ជនសង្ស័យ​ចំនួន១១នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅខណ្ឌ​​ពោធិ៍សែនជ័យ ដើម្បី​ធ្វើការ​​សាក​សួរ ​និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានីភ្នំពេញ​តាមនីតិ​វិធី​ ។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​ទាំង​១១​នាក់មាន ១-ឈ្មោះ​​ប៊ិន ​សុភ័ក្រ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​មុខរបរ​​បើក​បរ​រថយន្តដឹក​ទឹក​បរិ​សុទ្ធ ស្នាក់​នៅភូមិ​អង្គ​កែវ សង្កាត់​​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២-ឈ្មោះ​​សាន សម្បត្តិ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជាសិស្ស ស្នាក់​នៅ​​​ផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន ​។  ៣-ឈ្មោះ​​ឯក ​ផាន់​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​​ជា​អង្គ​រក្ស ស្នាក់​នៅ​ផ្ទះ​លេខ​៦៩ ផ្លូវលេខ​៣១០ ​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌចំការ​​មន។ ៤-ឈ្មោះ​​ង្វៀង វឿក​ថាញ់ ភេទប្រុស អាយុ​​៦០​​ឆ្នាំ​ ជា​ជន​ជាតិ​វៀតណាម ​ស្នាក់​នៅ​​ផ្ទះ​លេខ​៦៩ ផ្លូវលេខ​៣១០ ​សង្កាត់​បឹង​កេងកងទី២​  ខណ្ឌ​ចំការ​មន ។ ៥-ឈ្មោះ​​ង្វៀង ងឹង ​ភេទ​ស្រី អាយុ​២៦​ឆ្នាំ ​ជន​ជាតិ​វៀតណាម ស្នាក់​នៅ​ផ្ទះ​​លេខ​៦៩ ផ្លូវ​លេខ​៣១០ ​សង្កាត់​បឹងកេង​ទី​២ ខណ្ឌ​ចំការ​មន។ ៦-ឈ្មោះ​​ង្វៀង ភឿង ភេទស្រី អាយុ​៥៦​ឆ្នាំ ​ជន​ជាតិវៀតណាម ស្នាក់​នៅ​​ផ្ទះ​លេខ​៦៩ ផ្លូវលេខ​​៣១០ ​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​​ចំការមន ។ ៧-ឈ្មោះ​​ធូ តាំ ភេទ​ស្រី អាយុ​​៣៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ផ្ទះលេខ​៦៩ ផ្លូវ​លេខ​៣១០ ​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​​​មន ។ ៨-ឈ្មោះ​ចូវ យ៉ាងដាំង ភេទ​​ប្រុស អាយុ​​៥៥​ឆ្នាំ ​ជន​ជាតិ​វៀត​ណាម ។ ៩-ឈ្មោះ​ចូវ យ៉ាង​ថាក់ ភេទប្រុស អាយុ​៤១​ឆ្នាំ ​​ជន​ជាតិ​វៀត​ណាម (២​នាក់​នេះស្នាក់​នៅ​មិន​​ពិតប្រាកដ) ។ ១០-ឈ្មោះ​​សេង សទ្ធាសំរិទ្ធ ​ភេទប្រុស អាយុ​​​២៨ឆ្នាំ ស្នាក់​នៅ​​ផ្ទះលេខ​១៦ ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹង​​មានជ័យ ខណ្ឌ​មាន​ជ័យ ។ ១១-ឈ្មោះ​​សេង សុធារ័ត្ន ​ភេទស្រី អាយុ​២៣​ឆ្នាំ ​​ជា​​និស្សិត​​​ឆ្នាំទី​៤ ស្នាក់​នៅ​ផ្ទះ​លេខ​១៦ ភូមិ​ដំណាក់​ធំ២ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ ។​

តាម​ប្រភព​​ពីប៉ូលិស​​ខណ្ឌពោធិ៍សែន​ជ័យ​​បាន​​ឱ្យ​ដឹង​​បន្ថែម​ថា រថយន្ត​​ដឹក​ប្រេង​​ម្រះ​ព្រៅ​​៣៤ប៊ី​ដុង​​ និង​សារធាតុ​​ផ្សំ​សម្រាប់​​ផលិត​​គ្រឿង​ញៀន​​​ជាង​​​១០មុខ​​ទៀត​​ត្រូវ​​បាន​បង្ក្រាប ។ ​​ប្រភព​​ដដែល​ឱ្យ​​ដឹង​ថា រថយន្ត​កូរ៉េ​​១គ្រឿង​​​ដឹក​ប្រេង​ម្រះ​ព្រៅ​​ជាង​​​​៣០ប៊ី​ដុង​​​ព្រម​ទាំង​​សារធាតុ​ផ្សំ​​​សម្រាប់​ផលិត​​គ្រឿង​ញៀន​​​ជាច្រើន​​ទៀត​ ត្រូវ​​​​កម្លាំង​ប៉ូលិស​​ខណ្ឌពោធិ៍​សែន​ជ័យ​​ និង​ប៉ូលិស​​ប៉ុស្តិ៍​ចោម​ចៅ​​ ដឹក​នាំ​​ដោយ​លោក​​អធិការ​​​ប៊ន សំអាត​ ក្រោម​​បញ្ជា​​​​ផ្ទាល់​​ពី​​​លោក​អភិបាល​​ខណ្ឌ​​​គិត​ សុផា​ ព័ទ្ធ​​ចាប់​បាន​​បន្ទាប់​ពី​​ទទួល​បាន​ព័ត៌​មាន​​រាយការណ៍​​ពីប្រជាពលរដ្ឋ​​​ ។

ការបង្ក្រាបនេះ​​បាន​ធ្វើឡើង​​កាល​ពីវេលា​​​​ម៉ោង​​៧និង​​១០នាទី​យប់​​ថ្ងៃទី​​១ ឧសភា នៅក្នុង​​ភូមិ​​អង្គកែវ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន ជ័យ ​​។ រថយន្ត​​១គ្រឿង​​នោះ​ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ខៀវ​​​ បើក​បរ​ដោយ​​បុរ​ស​ម្នាក់​​ឈ្មោះ​ ប៊ិន សុភ័ក្ត្រ អាយុ​​៣១ឆ្នាំ ស្នាក់​នៅ​​ផ្ទះជួល​​ក្នុង​​ភូមិ​​​ខាង​​លើ ហើយ​​រថយន្ត​​នេះ​​ត្រូវគេ​​ជួល​ក្នុង​​តម្លៃ​​៣០ដុល្លារ​ ឱ្យដឹក​ប្រេង​​​ម្រះ​​ព្រៅ​ និង​សារធាតុ​​ផ្សំ​សម្រាប់​​ផលិត​​​គ្រឿង​ញៀន​ជាច្រើន​​មុខ​ទៀត ។

តាមប្រភព​​ព័ត៌មាន​​ពីមន្ត្រីប៉ូលិស​​មួយ​រូប​​​ឱ្យ​ដឹង​ថា មុននឹង​ឈាន​​ដល់​ការ​ចាប់​បាន​រថយន្ត​​មួួយ​​គ្រឿង​​នេះ​​ គឺ​កម្លាំង​​ប៉ូលិស​​ខណ្ឌ​​​​​បាន​ធ្វើ​​កា​រស្រាវ​​ជ្រាវ​​យូរ​ម​កហើយ​​ ទើប​តែ​​ពេល​នេះ​ ​​​លេច​ឮព័ត៌មាន​​​ដែល​​ផ្តល់​​ដោយ​ប្រជាពលរដ្ឋ​​​ថា​បាន​ឃើញ​​រថយន្ត​ទ្រុង​​សម្រាប់​​ដឹក​ទឹក​​បរិ​​សុទ្ធ​​មួយ​គ្រឿង​​ដឹក​ប្រេង​​ម្រះ​ព្រៅ​​​ និង​សារធាតុ​​ផ្សំ​​សម្រាប់​​ផលិត​គ្រឿង​​ញៀន​​ចេញ​ពី​ឃ្លាំង​​នៅតាម​​​បណ្តោយ​​ផ្លូវ​លេខ​​២០០៤ ស្ថិត​ក្នុង​​ភូមិ​​ស្លែង​រលើង សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ ពេល​ទទួល​​បាន​​ព័ត៌មាន​​បែប​នេះ​​ លោក​អធិការ​​ប៊ន សំអាត ក្រោម​​បញ្ជា​ពី​​លោក​អភិបាល​​​ខណ្ឌ​គិត​ សុផា បានដឹក​នាំ​​កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​​ចោម​ចៅ​​ និង​ប៉ូលិស​​ខណ្ឌ​​ចេញ​​​ធ្វើ​សកម្ម​ភាព​​តាម​​​រថយន្ត​​នោះ​ ហើយ​បាន​ប្រទះ​ឃើញ​​​​​​​​ដឹក​វត្ថុ​​សង្ស័យ​​ទៅកាន់​​ឃ្លាំង​​មួយ​នៅក្នុង​​​ភូមិ​​​​អង្គកែវ សង្កាត់​ចោម​ចៅ។

ប្រភព​ដដែល​​​បាន​បន្ត​​​​ថា ខណៈ​នោះ​​​កម្លាំង​​ក៏បាន​​​ទៅដល់​​ ហើយ​​ឡោម​ព័ទ្ធ​​​ចាប់​ភ្លាមៗ​តែ​​ម្តង រួច​នាំ​​​​យក​​ទៅ​កាន់​​​ប៉ុស្តិ៍​​ចោម​ចៅ​​ធ្វើការ​​​ឆែក​ឆេរ​​ក្នុង​ទ្រុង​រថយន្ត​​នោះ​ជា​ជំហាន​​ដំបូង​ ក៏​ឃើញ​សុទ្ធ​តែ​​ប៊ីដុង​​ដាក់​ប្រេង​​​ម្រះ​ព្រៅ​​​ និង​​សារធាតុ​​ផ្សំ​សម្រាប់​​ផលិត​​គ្រឿង​ញៀន​​​ជាច្រើន​ទៀត​ ។ បន្ទាប់​​មក​​​ សមត្ថ​កិច្ច​​ខណ្ឌ​​ពោធិ៍សែន​ជ័យ​​ដែល​ពេល​នោះ​​លោក​អភិបាល​​​ខណ្ឌ​បាន​​ចុះ​ទៅ​ពិនិត្យ​​ផ្ទាល់​​ដែរបាន​​បិទ​ប្លុម​​បេ​​វិញ​រួច​​នាំ​យក​​រថយន្ត​ទៅ​​កាន់​សាលា​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ដោយ​មាន​​កា​រយាម​កាម​​យ៉ាង​តឹង​រ៉ឹង​​បំផុត ។

ប្រភព​ដដែល​បាន​បន្ត​ទៀតថា លុះ​ដល់​​​​​​ព្រឹក​​ថ្ងៃទី​​២ ឧសភា គណៈ​កម្មការ​​ចម្រុះ​​១​ក្រុម​​រួម​​មាន​ លោក​ឯក ឆេង​ហួត​ ព្រះ​រាជអា​​ជ្ញា​​រង​​សាលាដំបូង​​​​រាជ​ធានី​​ភ្នំពេញ​ លោក​​ឧត្តម​សេនីយ៍​​ត្រី​ ទូច ណារ៉ុថ ស្នង​​ការ​​នគរ​បាល​រាជធានីភ្នំ ពេញ លោក​ឧត្តម​សេនីយ៍​​ត្រី បែន ​រ័ត្ន ស្នងការ​រង​នគរបាល​​រាជ​ធានី​ភ្នំពេញ ​លោក​គិត សុផា ​អភិ​បាល​​ខណ្ឌពោធិ៍​សែន​ជ័យ លោក​សេង គន្ធ លោក​ហែម ដារិទ្ធិ អភិ​បាល​រង​ខណ្ឌ លោកប៊ន ​សំអាត អធិ​ការ​​ប៉ូលិស​ខណ្ឌ​ រួម​ទាំង​​មន្ត្រី​ក្រោម​វាទ​​ និង​មន្ត្រីជំនាញ​ពាក់​ព័ន្ធ​​ផ្សេងៗ​ទៀត​ បាន​បើកប្លុម​​បេ​រថយន្ត​ត្រួត​ពិនិត្យ​វត្ថុ​ទាំង​នោះ​​ម្តង​ទៀត ។ ​ការពិនិត្យ​​ឃើញ​ថា នៅ​ក្នុង​រថយន្ត​នោះ​​មាន​ប្រេង​​ម្រះ​ព្រៅ​ចំនួន​៣៤​ប៊ីដុង ​ដែល​ក្នុង​១​ប៊ីដុង​ចំណុះ​២៥​លីត្រ ទម្ងន់​​៣៣​គីឡូ​ក្រាម ​និង​សារ​ធាតុផ្សំ​ជា​ច្រើន​មុខ​ទៀត ដូច​ជា កំប៉ុង​​ដែក​ផ្ទុក​ជាតិ Sodium Methylate ​ចំនួន​៣៤០​​កំប៉ុង ​ដប​ជ័រ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ Heyan ចំនួន​២៨​ដប ។ ដប​ផ្ទុក​សារ​ធាតុ Isooropyl ចំនួន​៣២​ដប សារធាតុ Hydrochlorid acide ចំនួន​១២​ដប សារធាតុ Sulfuric acide ចំនួន​៧ដប សារ​ធាតុ​ Me thanol ចំនួន​៣៣​ដប ​ដប​ជ័រ​ទទេ​ចំនួន​១៤៦​ដប សារ​ធាតុ​ Amerphous ចំនួន​៦​ដប សារ​ធាតុ​ Sodium hydroxide ចំនួន​៣​ដប សារ​ធាតុ Sodium Borohydroxide ចំនួន​៦​ដប និង​សារធាតុ Merhylammo niumeh lorid ចំនួន​​២៤​ដប ។

លោក​ទូច ណារ៉ុថ ស្នងការ​នគរបាល​​រាជ​ធានីភ្នំពេញ ​បាន​ថ្លែង​ថា ​ខណ្ឌពោធិ៍​សែន​​ជ័យ ​ជា​ចំណុច​ទី​១ ដែល​បង្ក្រាប​បាន​​នូវសារ​ធាតុ​ផ្សំ​សម្រាប់​​ផលិត​​គ្រឿងញៀន​ និង​ឈាន​ទៅ​ធ្វើការ​​ឆែក​ឆេរ​ទីតាំង​​ផ្សេងៗ​​ជា​ច្រើន​ទៀត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ។ ទន្ទឹម​​​​នឹង​នេះ ​សមត្ថ​កិច្ច​​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​​ ព្រោះ​​ការ​​បង្ក្រាប​នេះ​ចំទីតាំង​​ធំ​ ហើយ​នេះគឹជា​​លើក​ទី​៥​ ដែល​ការ​ផលិត​គ្រឿងញៀន​​ដ៏ធំ​នេះ​ ត្រូវ​បាន​បង្ក្រាប​​ ។ លោក​ស្នង​ការ​បាន​​បន្តថា ​ជោគជ័យ​​ខាងលើ​គឺ ដោយសារ​​បាន​ការ​សហ​ការ​​ល្អពី​ប្រជា​ពលរដ្ឋ​ល្អ​​របស់​យើង​​ដែល​បានរាយ​ការណ៍​ពី​ទីតាំង​​ផលិត​គ្រឿង​​ញៀន​នេះ ​ហើយ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​​​​ស្រាវ​ជ្រាវ​​រក​ចាប់​​បក្ស​ពួក​​បន្ត​ទៀត​ ទោះ​បី​ជា​ពួក​​គេ​រត់​គេច​​ទៅ​ប្រទេស​ណា​ក៏ដោយ ប៉ុន្តែ​​យើង​មាន​​កិច្ចសហ​ប្រតិ​បត្តិ​​ការ​ល្អ​ជា​មួយ​ប្រទេស​ជិត​​ខាង​ ដូច្នេះ​​មុខ​សញ្ញា​​ប្រាកដ​ជា​គេ​ច​មិន​រួច​​ឡើយ ។

នៅ​ខណ្ឌ​សែន​សុខ​​ សមត្ថ​កិច្ច​​បាន​ឡោម​ព័ទ្ធ​​ឃ្លាំង​​មួយ​​ជាទីតាំង​​ផលិត​​គ្រឿង​​ញៀន សមត្ថកិច្ច​នគរបាល​​​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​​លោកស្នងកា​រ​​ ​ទូច ណា​រ៉ុថ​ លោក​​បែន​ រ័​ត្ន​ ស្នងការ​រង​​​ លោក​ឃួង ស្រេង​ អភិបាល​ខណ្ឌ​សែន​សុខ​ នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១​​ ឧសភា​​​ បាន​ធ្វើការ​ឡោម​ព័​ទ្ឋ​និង​គាស់​ទ្វា​រឃ្លាំ​ង​​គ្មាន​លេខ​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលេខ​​​២០០៤​ ក្នុងភូមិ​ស្លែង​រលើង​​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ដើម្បី​ឆែកឆេរ​ ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ថា​ ឃ្លាំង​នេះ​ជាទី​តាំង​​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​​​​ដែរ​ ។​ ក្នុង​ប្រតិបត្ដិការ​ឆែកឆេរ​ដែល​​ប្រើ​រយៈពេល​ជា​ច្រើន​ម៉ោង ​សមត្ថកិច្ច​បាន​រក​ឃើញ​ប្រេង​​ម្រះព្រៅ​ចំនួន៤០​ប៊ី​​ដុ​ង​ អា​សេ​តូន​ ចំនួន​១១​ប៊ី​​​ដុ​ង​ ទឹក​ពណ៌​ស​ចំនួន​៧​ប៊ី​​​ដុ​ង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១៥​ថង់ HYDRO IODIC Acidចំនួន​៩​ថង់​​ម្សៅ​​CAUSTC SO DAFLAKES=៩៩​ភាគរយ​ UNN១៨២៣​ ចំនួន​១​ការុង​ស​  ម៉ាស៊ីន​ក្រឡុក​(​ម៉ូ​ទ័​រ​)​ចំនួន​១​គ្រឿង​ ជី​ឡាវ​​ថ្មី​ពណ៌​ស​ចំនួន​៣​ ចង្ក្រាន​ខ្សែភ្លើង​ចំនួន​៥​ ម៉ា​សី​ HEATING MANTLE ចំនួន​១​គ្រឿង​ ដប​ជ័រ​ជ្រុង​ម៉ាកAMPRPHOUSPHOSPHORUS ចំនួន​១​ដប​​​​​​ កង្ហា​រចំនួន​២គ្រឿង​​ ម៉ូ​ទ័​រ​ម៉ាក Panasonic មាន​ជើង​ចំនួន​១​គ្រឿង ម៉ូ​ទ័​រ​ម៉ាក Miliore ចំនួន​១​គ្រឿង​ ម៉ូ​ទ័​រ​​ស្វានម៉ាក​​ IKA ចំនួន​១​គ្រឿង​ ម៉ូ​ទ័​រ GAST-១០២៣V2ចំនួន​១​គ្រឿង​ ម៉ូ​ទ័​រ​ស្វាន​បញ្ឈរ​ម៉ាក​ King​ Star​ ចំនួន​១​គ្រឿង ជញ្ជីង​នាឡិកា​ម៉ាក​សាយ​ហ្គ​ន​ចំនួន​១​គ្រឿង​ បំពង់​កែវ​ចំនួន​១​ ម៉ាស៊ីន​ដាក់​ក្នុង​កេស​ឈើ​ទ្រវែង​ចំនួន​១ ប៊ី​ដុ​ងទទេ​ចំនួន​៨​ និង​​សម្ភារ​ផ្សេងៗ​​​​មួយ​ចំនួនទៀត​​ ។ ​នេះ​បើ​យោង​តាម​របាយ​​ការណ៍​របស់​អធិការ​​​ខណ្ឌ​​សែន​សុខ ​។

​លោក​ម៉ក់ ហុង ​អធិការនគរបាល​​ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​កោះសន្ដិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២​ឧសភា​ថា​ នៅវេលា​​រ​សៀល​​​សមត្ថកិច្ច ​នឹ​​ង​ចូល​ទៅ​ឆែកឆេរ​ផ្ទះល្វែង​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ K4B ទល់មុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្រោយ​​ពី​សមត្ថកិច្ច​ចូល​ឆែកឆេរ​ម្ដង​រួច​ហើយ ហើយ​រក​ឃើញ​សម្ភារ​ផលិត​គ្រឿងញៀន និង​ម្សៅ​គ្រឿង​ញៀន​មួយ​ចំនួន​​និង​​បានប្លុម​​បេ​ផ្ទះ​នេះ​មួយ​យប់​​​​ថែម​ទៀត ដើម្បី​រឹបអូស​យក​ទៅ​រក្សា​ទុកជា​វត្ថុតាង​ ។ ចំពោះ​​​សម្ភារ​ផលិត​គ្រឿង ញៀន​ខាង​លើ​ សមត្ថកិច្ច​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​​​រាជធានី​ភ្នំពេញ​ទាំងអស់ ​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ​ម្ចាស់​ទីតាំង​ឈ្មោះ​ប៉េង ចំ​រ៉ុ​ង​ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ់ ​បាន​ជួល​ឃ្លាំ​ង​នេះ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១២ ​ក្នុង​១​ខែ​ត​ម្លៃ​២.៥០០​ដុល្លារ និង​​កុងត្រា​១​ឆ្នាំ ដោយ​អ្នក​ជួល​ប្រាប់​ថា​ធ្វើ​អាជីវកម្ម​លក់ដូរ​គ្រឿងសំណង់ ។ ​នៅ​រសៀល​ថ្ងៃដដែល​​ សមត្ថកិច្ច​​ក៏បាន​​ធ្វើ​ការឆែក​ឆេរ​​​​ផ្ទះ​លេខ​​១៨GJ ផ្លូវ​​ K4B ក្នុង​សង្កាត់​​ទឹក​ថ្លា​​ ​​​រក​ឃើញ​​ប្រេង​ម្រះ​ព្រៅ​​​៥៣​ប៊ីដុង​ និង​ជញ្ជីង​​២គ្រឿង​​ សរុប​ប្រេង​ម្រះ​ព្រៅ​​ដែល​ចាប់​រឹប​អូស​​បាន​ក្នុង​ខណ្ឌសែន​សុខ​​មាន​ប្រមាណ​​ជាង​​​៩០ប៊ី​ដុង ។

នៅ​ខណ្ឌ​ចំការមន​​ និង​ខណ្ឌ​មាន​ជ័យ​​ ដែល​មាន​ទី​តាំង​​៣​កន្លែង​​​​គ្រោង​ផលិត​គ្រឿង​​ញៀន​​ដែរ​នោះ ក៏​ត្រូវ​​បាន​​​ឆែក​ឆេរ​នៅ​ចន្លោះ​​ម៉ោង​១១​ដល់​​ម៉ោង​១២​យប់​ផងដែរ ក្នុង​ថ្ងៃ​តែ​មួយ​​ ។ នៅ​ខណ្ឌ​ចំការ​មន​​ទីតាំង​១ ​ស្ថិតនៅ​​​ផ្ទះ​លេខ​​៤៤២ ផ្លូវ​លេខ​៣១០ ​សង្កាត់​​បឹង​កេង​កង​ទី​២ ត្រូវ​​គេ​បន្លំ​ភ្នែក​បើក​ក្រុម​ហ៊ុន​ KHNT Gold ​លក់​មាស​ពេជ្រ​ តែ​គេ​ដាក់​ទូ​លក់​គ្រឿង​កាឡៃ​បំភាន់​ភ្នែក​ និង​ទី​តាំង​១​ទៀត​​នៅ​ក្បែរ​ផ្សារ​​សុវណ្ណា​ ​ជា​កន្លែង​ស្តុក​ ។ ចំណែក​​មួយ​កន្លែង​ទៀត​​​នៅ​ខណ្ឌ​មាន​ជ័យ ​គឺ​នៅ​ភូមិ​ដំណាក់​ធំ​ ជិត​អង់​តែន​វិទ្យុ ។

មន្ត្រី​ផ្លូវ​ការ​បាន​និយាយ​ថា ​នៅ​ទី​តាំង​ទាំង​៧​ ដែល​បាន​រក​ឃើញ​គឺ​ជា​កន្លែងរៀប​ចំ​សម្រាប់​​ការ​ផលិត​ទាំង​អស់ ។ តាម​ទំហំ​នៃ​ការ​បង្ក្រាប​នេះ​​បង្ហាញ​ថា គឺ​ជា​គម្រោង​​ការ​ដ៏​ធំ​មួយ​ដែលស្មាន​មិន​ដល់​​ ហើយ​ក៏​​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​​ក្រុម​ផលិត​គ្រឿង​ញៀន​ដែល​បាន​បង្ក្រាប​កន្លង​មក​ផង​ដែរ ៕