ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវដួលរលំខូចខាតទាំងស្រុង ដោយសារខ្យល់ព្យុះ ហើយមនុស្សចំនួន៣នាក់បានរងរបួស និងក្របី១ ក្បាលត្រូវងាប់ដោយសាររន្ទះបាញ់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣០ មេសា ឆ្នាំ២០១២ នៅស្រុកថ្មពួក ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកថ្មពួក បានឱ្យដឹងថា នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃនោះ នៅស្រុកថ្មពួក មានភ្លៀង និងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ព្រមទាំងមានផ្គររន្ទះផង ។ ជាមួយគ្នានេះ ក៏មានលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ត្រូវដួលរលំខូចខាតទាំងស្រុង និងមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាលដោយសាររន្ទះបាញ់ ។ ជនរងគ្រោះទាំង៣នាក់នេះមាន១-ឈ្មោះច្រឹម តាល់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ដួលសន្លប់នៅនឹងកន្លែងកើតហេតុ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកថ្មពួក ២-ឈ្មោះវិញ ញួន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក និង៣-ឈ្មោះកំ សាត់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ទាំង២នាក់នេះរងរបួសស្រាល ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បានទៅភ្ជួរស្រែនៅចំណុចកញ្ចន់វាយពស់ខាងត្បូងភូមិអន្លង់ត្រាច ចម្ងាយប្រហែល១.០០០ម៉ែត្រ ។ ស្របពេលនោះមានភ្លៀង និងខ្យល់ព្យុះ លាយឡំជាមួយផ្គររន្ទះផង ជនរងគ្រោះទាំង៣នាក់ ក៏នាំគ្នារត់ទៅជ្រកនៅក្រោមដើមឈើ ដែលទុករ៉ឺម៉កគោយន្តនៅទីនោះ ស្រាប់តែរន្ទះបាញ់ដើមឈើបណ្តាលឱ្យអ្នកទាំង៣នាក់រងរបួសធ្ងន់ និងស្រាល ។
ដោយឡែកនៅថ្ងៃដដែល វេលាម៉ោង៤ និង២០នាទីរសៀល មានក្របី១ក្បាលត្រូវរន្ទះបាញ់ងាប់ ខណៈម្ចាស់ឈ្មោះញ៉ា ញឿន ភេទប្រុស អាយុ៤៣ឆ្នាំ លែងឱ្យដើរស៊ីស្មៅនៅក្រោមដើមឈើត្រង់ចំណុចគោកឪឡោក ខាងលិចសាលាបឋមសិក្សាឯកភាពចម្ងាយប្រហែល៥០០ម៉ែត្រ ។ពេលកំពុងស៊ីស្មៅនោះក៏មានរន្ទះបាញ់ត្រូវដើមឈើ និងត្រូវក្របីងាប់ភ្លាមនៅនឹងកន្លែង ។
នៅក្រុងប៉ោយប៉ែត មានលំនៅឋានប្រជាពលរដ្ឋជាង២០ខ្នង បានរងការខូចខាតធ្ងន់ និងស្រាល ដោយសារឥទ្ធិពលព្យុះ និងភ្លៀងមួយមេធំបានកើតឡើងកាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី១ ឧសភា ក្នុងភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
នៅភូមិកើតហេតុ គេឃើញផ្ទះខ្លះត្រូវម្ចាស់គ្របកៅស៊ូតង់ ដើម្បីជ្រកបណ្តោះអាសន្ន ព្រោះតែដំបូលផ្ទះត្រូវព្យុះភ្លៀងបោកបក់កួចយកទៅបាត់ ។ ស្រ្តីឈ្មោះ ជិម ទូច អាយុ២៨ឆ្នាំ ដែលអះអាងថា ប្តីគាត់រវល់ទៅរកស៊ីនៅស្រុកថៃ រស់នៅជាមួយកូនប្រុសស្រី២នាក់ក្នុងផ្ទះត្រូវបានខ្យល់ព្យុះលើកយកតួផ្ទះចេញពីទីតាំងចាស់ប៉ើងទៅជិត១០ម៉ែត្រ នៅសល់តែជើងតាំង ប៉ុន្តែសំណាងល្អខណៈកើតហេតុ រូបគាត់ និងកូនៗរវល់នៅផ្ទះម្តាយក្មេក ប្រសិនបើនៅលើផ្ទះដូចសព្វដងវិញ ប្រហែលជាគ្រោះថ្នាក់មិនខាន។
ព្យុះភ្លៀងមួយមេខាងលើ មិនត្រឹមតែបង្កឱ្យខូចខាតដល់លំនៅឋានប្រជាពលរដ្ឋនោះទេ សូម្បីតែដើមឈើធំៗមួយចំនួនក៏បានបាក់រលំដែរ ។ លោក ទឹម វ៉ា មេភូមិអន្លង់ស្វាយបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ឧសភា ថា លំនៅឋានដែលរងការខូចខាតក្នុងភូមិទាំងអស់ចំនួន២៦ខ្នង ក្នុងនោះធ្ងន់ធ្ងរ ៤ខ្នង ក្រៅពីនេះខូចខាតស្រាលត្រឹមតែប៉ើងដំបូលប៉ុណ្ណោះ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ឱ្យដឹងតាមទូរស័ព្ទថា ការខូចខាតលំនៅឋានប្រជាពលរដ្ឋ ក្រោយពេលទទួលបានព័ត៌មានលោកបានឱ្យអាជ្ញាធរ និងសមត្ថកិច្ចចុះស្រង់ទិន្នន័យការខូចខាតភ្លាមៗ ។ បើតាមរបាយការណ៍ពីសង្កាត់និមិត្ត លំនៅឋានដែលរងការខូចខាតមានត្រឹមតែ១៤ខ្នងប៉ុណ្ណោះ ក្នុងនោះ៤ខ្នងរងការខូចខាតធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ