ខេត្តប៉ៃលិន ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ដែលដឹកនាំដោយលោកសេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ មេសា បានចាប់ខ្លួនស្ត្រីម្នាក់ដែលកំពុងលេងបៀនៅក្នុងផ្ទះរបស់ខ្លួន ។ ដោយសារស្ត្រីរូបនោះមានជំងឺបេះដូង និងលើសឈាមប៉ូលិសមិនបានបញ្ជូនគាត់មកស្នងការដ្ឋាននគរបាលខេត្តទេ គឺចាប់ខ្លួនប្តីជំនួសវិញ ចំណែកស្រ្តីជាបក្សពួក២នាក់ទៀត ដែលបានលេងបៀជាមួយគ្នាគេចខ្លួនបាត់ស្រមោល ។ បុរសជាប្តីឈ្មោះហែម ចន្ថា អាយុ៥១ឆ្នាំ ជាកសិករ ប្រពន្ធឈ្មោះណែម អុល អាយុ៥២ឆ្នាំ មានកូនស្រី២នាក់ ។
បុរសជាប្តីនិយាយថា រូបគាត់មិនបានដឹងរឿងអ្វីទេ ពីព្រោះរូបគាត់ទើបតែមកពីបាញ់ថ្នាំចម្ការដំឡូងមី តែគាត់សុខចិត្តជាប់ទោសជំនួសពីព្រោះប្រពន្ធគាត់មានជំងឺបេះដូង និងលើសឈាមអាចប្រឈមនឹងគ្រោះថ្នាក់ណាស់ ។ គាត់បានបន្តថា តាំងពីព្រឹកព្រលឹមរូបគាត់បានចេញទៅបាញ់ថ្នាំស្មៅក្នុងចម្ការដំឡូងមីមួយកន្លែងដែលបានជួលដីគេធ្វើមានទំហំ២ហិកតា ។ លុះបាញ់ថ្នាំស្មៅរួចរាល់ហើយ មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងខ្លាំងមិនអាចត្រឡប់មកផ្ទះវិញបាន ក៏រង់ចាំរហូតដល់រាំងភ្លៀងទើបរូបគាត់ជិះម៉ូតូត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ផ្ទះនៅម៉ោង៣និង៣០នាទីរសៀល រូបគាត់ឆ្ងល់ដោយឃើញមានប៉ូលិសច្រូងច្រាងនៅជិតផ្ទះរបស់ខ្លួន និងនឹកគិតថាប្រាកដជាមានរឿងអ្វីកើតឡើងហើយ ពេលទៅដល់ទើបអ្នកជិតខាងប្រាប់ថា នៅក្នុងផ្ទះរបស់គាត់បានប្រព្រឹត្តបទល្មើសល្បែងស៊ីសង ដោយប្រពន្ធរបស់គាត់ និងបក្សពួក២នាក់ទៀតនាំគ្នាលេងបៀដាក់ប្រាក់ម្តង៥រយរៀល ។
ប្រភពបានបន្តទៀតថា ពេលនោះបុរសជាប្តីក៏ត្រូវព្រះរាជអាជ្ញារងហៅមកជួប ហើយឱ្យប៉ុលិសឃាត់ខ្លួនតែម្តង ដោយរូបគាត់សុំឱ្យសម្រួលនៅកន្លែងកើតហេតុដែរ តែសមត្ថកិច្ចមិនព្រមដោយប្រាប់ថា រឿងនេះមិនអាចដោះស្រាយនៅទីនេះបានទេ ត្រូវតែបញ្ជូនទៅតុលាការទើបបាន។ លុះក្រោយមកក៏ត្រូវបានប៉ូលិសបញ្ជូនខ្លួនគាត់តាមរថយន្តមកដាក់ខ្នោះដាក់ច្រវាក់ជើងមួយយប់ទុកក្នុងកន្លែងឃុំខ្លួននៅស្នងការដ្ឋាន ។
ស្ត្រីអ្នកជិតខាងម្នាក់បានឱ្យដឹងថា នៅថ្ងៃកើតហេតុបុរសជាប្តីមិនបាននៅផ្ទះទេ គឺរូបគាត់បានចេញទៅបាញ់ថ្នាំស្មៅដំឡូងមីក្នុងចម្ការតាំងពីព្រលឹម លុះដល់ពេលរសៀលទើបត្រឡប់មកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ តាមពិតប៉ូលិសឃាត់ខ្លួនស្ត្រីជាប្រពន្ធទេ តែដោយសារស្រ្តីនោះមានជំងឺលើសឈាម និងខ្សោយបេះដូងទើបប៉ូលិសចាប់ប្តីជំនួសវិញ ។
លោកវរសេនីយ៍ត្រី គាំ រិទ្ធីគុណ អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា នៅថ្ងៃកើតហេតុរូបលោកបានចូលរួមក្នុងការបង្ក្រាបបទល្មើសលេងល្បែងស៊ីសងនេះដែរ ដែលពេលនោះបានមកដល់ក្រោយ តាមការហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ លោកបានបន្តថា តាមលោកដឹងអ្នកប្រព្រឹត្តបទល្មើសល្បែងស៊ីសងនេះ គឺប្រពន្ធ និងស្រី២នាក់ទៀតតែពេលស្ត្រី២នាក់បានរត់គេចខ្លួនបាត់ហើយ នៅសល់តែស្ត្រីម្ចាស់ផ្ទះដែលមានជំងឺខ្សោយបេះដូង និងលើសឈាមមិនអាចចាប់ខ្លួនយកមកស្នងការបាន ទើបចាប់ប្តីមកជំនួសវិញ ។
ចំណែកលោកវរសេនីយ៍ទោ អ៊ុយ សារេត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលមិនអាចសុំការបំភ្លឺបានទេ ដោយលោកបាននិយាយថា នេះជារឿងដែលព្រះរាជអាជ្ញារងយកផ្ញើទុកនឹងលោកសិនប៉ុណ្ណោះ លុះត្រាតែមានការបញ្ជាពីលោកស្នងការទើបលោកអាចផ្តល់ព័ត៌មានជូនអ្នកកាសែតបាន ។ ឯលោកសេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កោះសន្តិភាពព្យាយាមទូរស័ព្ទដើម្បីសុំការបំភ្លឺរឿងនេះដែរ តែលោកមិនបានលើកទូរស័ព្ទទេ ។
គួររំលឹកថា នៅផ្ទះបុរសជាប់ចោទត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ២០១១ ព្រមទាំងយកមកអប់រំនៅស្នងការដ្ឋានដោយសារតែប្រព្រឹត្តបទល្មើសល្បែងស៊ីសង ហើយពួកគេមិនរាងចាលនៅតែប្រមូលគ្នាមកលេងល្បែងជាអំពើខុសច្បាប់តទៅទៀត ។ មិនដឹងថាតុលាការសម្រេចរឿងក្តីនេះបែបណានៅឡើយទេ ៕


ចែករំលែកព័តមាននេះ