ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ដល់​ចុង​ត្នោត​រន្ទះ​បាញ់​ឆេះ​ទាំង​ស្លឹក​ទាំង​មនុស្ស​ធ្លាក់​មក​ដី​រង​របួស​ធ្ងន់​ធ្ងរ​

14 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ បុរសម្នាក់បានរងរបួស​ធ្ងន់ក្នុងហេតុការណ៍រន្ទះបាញ់​មួយដែល​បានកើត​ឡើងកាលពីវេលាម៉ោង៥​និង៣០នាទីល្ងាច​ថ្ងៃទី១ ឧសភា នៅ​ចំណុច​ជិតខ្ទមស្រែរបស់គាត់​ស្ថិតក្នុង​ភូមិដំណាក់ខ្លុង ឃុំ​ក្រាំងស្គា ស្រុកទឹក​ផុស ខណៈដែល​បុរសរងគ្រោះកំពុងស្ថិតនៅ​លើចុង​ត្នោ​ត​ត្រូវ​រន្ទះ​បាញ់​ចុងត្នោត​ឆេះ​ទាំង​មនុស្ស ស្លឹក និង​ធាង​ត្នោតធ្លាក់មកដីកម្ពស់​ជាង១០ម៉ែត្រ ។

ស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះសោម អ៊ុន អាយុ៤០ឆ្នាំ បាន​​​រៀប​រាប់​​ថា​ ប្តី​គាត់ដែលរង​គ្រោះ​ដោយ​រន្ទះ​​​បាញ់​នេះ​ឈ្មោះផៃ អេង  អាយុ​៤៧​ឆ្នាំ ។ គ្រួសារគាត់មានកូន២នាក់និង​មាន​ទីលំនៅក្នុង​ភូមិ-ឃុំជិតកន្លែងកើតហេតុ  ​ហើយ​​ជា​រៀង​​រាល់​ថ្ងៃ​​​ប្តីគាត់​​តែងឡើង​​​ត្នោត​​​​យកទឹកមក​​រម្ងាស់​ស្ករ​ចំនួន​២០​ដើម ។ នៅថ្ងៃកើតហេតុ ប្តីគាត់បានឡើងត្នោតជិត​រួច​ទៅហើយគឺឡើង​បាន១៨ដើមនៅសល់២​ដើមទៀត ​​ស្រាប់​តែ​មេឃ​​ងងឹត​រកកល​ភ្លៀងប៉ុន្តែប្តី​គាត់​ថា​មិនភ្លៀង​ទេ សល់២ដើមទៀតឡើងឱ្យហើយមុនធ្លាក់​ភ្លៀង។ ពេលនោះប្តីគាត់កំពុងស្ថិតនៅលើ​ចុង​ត្នោតដែលមានចម្ងាយ​ពីខ្ទមស្រែប្រមាណ​៣០០​​ម៉ែត្រស្រាប់តែរន្ទះបាញ់ចុងត្នោតដែលប្តី​គាត់​កំពុងនៅឆេះចុងត្នោតនិង​ឆេះទាំងប្តីគាត់​ធ្លាក់​មកដី​ដែលមានកម្ពស់ជាង១០ម៉ែត្រ បណ្តាល​ឲ្យរង​របួសធ្ងន់ ត្រូវ​ដឹក​យក​ទៅ​​​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ទាន់​ ។

នៅមន្ទីរពេទ្យគេឃើញ​ជនរង​គ្រោះ​រលាក​ពេញមួយកំណាត់ចង្កេះចុះ​ក្រោម និងគ្រាំគ្រា​ពេញ​​ខ្លួនកំពុងស្ថិត​ក្នុងការសង្គ្រោះបន្ទាន់ ៕