ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ស្រវឹងស្រាបានយកដៃទៅលូកចាប់ប្រដាប់ភេទក្មេងស្រីពីក្រោយខណៈនាងកំពុងឱនដងទឹកអណ្តូងលូ ក៏ត្រូវប៉ូលិសឃាត់ខ្លួន ដោយចោទពីបទប្រទូស្តកេរ្តិ៍ខ្មាស ។ ករណីនេះកើតឡើងនៅឃុំត្នោតជុំ ស្រុកក្រគរ កាលពីថ្ងៃទី១ ឧសភា វេលាម៉ោង៤ និង៤០នាទីរសៀល ។
លោកមេប៉ុស្តិ៍រដ្ឋបាលត្នោតជុំឱ្យដឹងថា ជនសង្ស័យឈ្មោះហោ ហៀម អាយុ២៨ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ រស់នៅឃុំកើតហេតុជាមួយគ្នា ។ ការឃាត់ខ្លួនជនសង្ស័យនេះតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះដែលចោទប្រកាន់ថា គេបានប្រព្រឹត្តអំពើមិនគប្បីយកដៃលូកប្រដាប់ភេទ និងច្របាច់សុដន់ កូនស្រីរបស់ខ្លួនប៉ុនប៉ងរំលោភ ។
តាមការរៀបរាប់របស់ក្មេងស្រីនោះថា នៅល្ងាចថ្ងៃទី១ ឧសភា នាងទៅរែកទឹកពីអណ្តូងលូក្នុងភូមិចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ។ ពេលទៅដល់ឃើញឈ្មោះហៀម និងប្រពន្ធរបស់គេនៅងូតទឹកអណ្តូងនោះ ។ ខណៈពេលនាងកំពុងឱនយោងទឹកអណ្តូងស្រាប់តែឈ្មោះហៀម យកដៃលូកប្រដាប់ភេទរបស់នាងពីក្រោយតាមប្រលោះភ្លៅ ។ ពេលនាងភ្ញាក់ត្បៀតជើងទាំង២ ជននោះដកដៃទៅច្របាច់សុដន់នាងវិញ រួចហើយដកដៃចេញធ្វើមិនដឹង ។ ពេលនាងដងទឹករួចមិននិយាយស្តីអ្វីទាំងអស់ ប៉ុន្តែពេលរែកទឹកទៅដល់ផ្ទះក៏ប្រាប់ឪពុកម្តាយ ។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប់ចោទបដិសេធថា គេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ក្មេងស្រីនោះទេ ព្រោះប្រពន្ធ កូនរបស់គេក៏នៅទីនោះដែរ ។ នៅល្ងាចនោះគេស្រវឹងស្រាទៅងូតទឹកអណ្តូងជាមួយប្រពន្ធកូនទាំងអស់គ្នា ។ ពេលឃើញក្មេងស្រីនោះ កំពុងឱនយួរទឹកពីក្នុងអណ្តូង គេក៏ដើរទៅចាក់ចង្កេះ និងទាញហោប៉ៅអាវលេងក្នុងនាមជាអ្នកភូមិជាមួយគ្នាដោយមិននឹកស្មានថានាងខឹង ហើយប្តឹងប៉ូលិសឱ្យឃាត់ខ្លួនគេដោយចោទបែបនោះសោះ ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីដោះស្រាយជាមួយក្រុមគ្រួសារក្មេងស្រី ដើម្បីបញ្ចប់បញ្ហា តែបើមិនសម្រួលគ្នាបានទេនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ