ខេត្តកំពង់ឆ្នាំង ៖ ជុំវិញករណីសម្លាប់ជនរងគ្រោះច្រកបាវ ហើយដុតរថយន្តឡង់គ្រីស្ស័ររបស់ជនរងគ្រោះចោល កាលពីពេលថ្មីៗនេះ ធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជាការប៉ុនប៉ងបំបាត់ភស្តុតាងរបស់ក្រុមឃាតករ ។ អាស្រ័យដោយការស្គាល់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតស្រាវជ្រាវតាមវែកមុខក្រុមឃាតករត្រូវបានធ្វើឡើងភ្លាមៗ ។
តាមប្រភពព័ត៌មានមិនទាន់ផ្លូវការនៅឡើយឱ្យដឹងថា មានជនសង្ស័យចំនួន៣នាក់ហើយដែលប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តដាក់ការសង្ស័យថាជាជនពាក់ព័ន្ធធ្វើជាដៃជើងក្នុងអំពើប្លន់សម្លាប់នេះ ។ ទោះជាយ៉ាងណាមន្ត្រីប៉ូលិសមិនទាន់បានបង្ហាញជនសង្ស័យនៅឡើយទេ ដោយសំអាងថា ជារឿងលាក់ការសម្ងាត់របស់ប៉ូលិស ប៉ុន្តែបានបង្ហើបថា ពិតជាមានចាប់ជនសង្ស័យចំនួន៣នាក់មែន ។
សមត្ថកិច្ចប៉ូលិសមិនបានផ្តល់ព័ត៌មានបន្ថែមជុំវិញការចាប់ខ្លួនជនសង្ស័យ៣នាក់នោះទេ ដែលព័ត៌មានក្រៅផ្លូវការឱ្យដឹងទៀតថា អំពើឃាតកម្មនេះមិនមែនត្រឹមជាការប្លន់សម្លាប់ប៉ុណ្ណោះទេ តែវាក៏ផ្តើមចេញពីរឿងគំនុំផងដែរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជនរងគ្រោះអាចនឹងត្រូវគេសម្លាប់តាំងពីយប់ថ្ងៃទី២៦ មេសា ហើយដឹកសពជនរងគ្រោះដែលច្រកចូលក្នុងបាវពណ៌លឿង ដោយមានច្រករូបតុក្កតាពីលើដើម្បីកុំឱ្យមានការសង្ស័យតាមរថយន្តរបស់ជនរងគ្រោះម៉ាកឡង់គ្រីស្ស័រ ពីរាជធានីភ្នំពេញ ទៅទម្លាក់ចោលនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃដដែល ។ បន្ទាប់មករថយន្តក៏ត្រូវបានបើកបង្ហួសមកលាក់ទុកនៅទីណាមួយក្នុងខេត្ត លុះក្រោយមកទៀតទំនងជាខ្លាចបែកការណ៍ក៏យករថយន្តនោះទៅដុតកម្ទេចចោល ដើម្បីបំបិទភស្តុតាង ។
ជនសង្ស័យទាំង៣នាក់ បើទោះបីជាប៉ូលិស មិនបង្ហាញអត្តសញ្ញាណក៏ពិតមែន ប៉ុន្តែមានមតិខាងក្រៅនិយាយថា អ្នកទាំង៣នាក់អាចពាក់ព័ន្ធទៅនឹងការផ្តល់ទីតាំងលាក់វត្ថុតាងប៉ុណ្ណោះមិនមែនជាជនដៃដល់ទេ ។
ទោះយ៉ាងណាក៏ដោយចុះ នេះជាព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ ឯរឿងពិតបែបណា គឺវានឹងបង្ហាញយ៉ាងច្បាស់នៅពេលចាប់ជនដៃដល់ពិតប្រាកដបាន ដែលពេលនេះសមត្ថកិច្ចកំពុងមមាញឹកសហការគ្នាស្វែងរកចាប់ជនសង្ស័យ ៕






ចែករំលែកព័តមាននេះ