រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូ១គ្រឿងដឹកកម្មកររោងចក្រកាត់ដេរជាង៣០នាក់បានបោះពួយក្នុងល្បឿនលឿនគួរសម ហើយបានវាក់ជាមួយស្ត្រីម្នាក់ដែលកំពុងដើរឆ្លងផ្លូវធ្វើឱ្យអ្នកបើកបរស្លន់ស្លោខំទាញចង្កូតគេចក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយមួយកន្លែងទាំងកំរោល ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសធ្ងន់ឬស្លាប់ឡើយ គ្រាន់តែរបួសស្រាលម្នាក់ប៉ុណ្ណោះ ។
ឧប្បត្តិហេតុគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ រ៉ឺម៉កម៉ូតូនោះអត់មានស្លាកលេខទេ បើកបរដោយឈ្មោះ ស្រេង អាយុជាង៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រ៉ឺម៉កម៉ូតូនោះបានដឹកកម្មការិនីជាង៣០នាក់ ទៅធ្វើការនៅរោងចក្រម្តុំភូមិត្រពាំងទួល សង្កាត់កំបូល បើកក្នុងទិសដៅពីលិចទៅកើត ។
លុះទៅដល់ចំណុចកើតហេតុមានស្ត្រីម្នាក់ដើរឆ្លងផ្លូវពីត្បូងទៅជើង ហើយអ្នកដើរឆ្លងផ្លូវនោះបានដើរដល់ពាក់កណ្តាលទ្រូងផ្លូវទៅហើយ ប៉ុន្តែមានរថយន្ត១គ្រឿងមកដល់ ស្ត្រីរូបនោះបានថយក្រោយបន្តិចវិញ ធ្វើឱ្យអ្នកបើករ៉ឺម៉កម៉ូតូដឹកកម្មការិនីវាក់និងស្លន់ស្លោខំទាញចង្កូតគេចចេញក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើងតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានចាក់កម្មការិនីចោលទៅក្នុងទឹកសំអុយទាំងអស់ ហើយសំណាងល្អមានអ្នករបួសស្រាលប៉ុណ្ណោះ ប៉ុន្តែពួកគេពេលឡើងចេញពីក្នុងប្រឡាយទឹកសំអុយនោះវិញ ម្នាក់ៗខ្លួនប្រាណមើលមិនយល់ទេ ប្រឡាក់ភក់ស្រមក ។ ក្រោយពេលកើតហេតុប៉ូលិសប៉ុស្តិ៍បានចុះទៅកាន់ទីនោះ ហើយបាននាំយករ៉ឺម៉កម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីឱ្យអ្នកបើកបរដោះស្រាយចេញថ្លៃព្យាបាលដល់កម្មការិនីម្នាក់ដែលរបួសស្រាល ដើម្បីបញ្ចប់បញ្ហា ៕



ចែករំលែកព័តមាននេះ