ខេត្តបាត់ដំបង ៖ ពិធីសំណេះសំណាលជាមួយក្រុមការងារនិងសមាជិកបក្សរបស់គណបក្សប្រជាជនកម្ពុជាចំនួន៦០០នាក់ មកពី៨ភូមិក្នុងឃុំអូរតាគី ស្រុកថ្មគោល នៅក្នុងទីស្នាក់ការបក្សឃុំអូរតាគីត្រូវបានរៀបចំឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ឧសភា ក្រោមអធិបតីភាពលោកសួស អង្គារ៍ ប្រធានក្រុមការងារក្នុងឃុំអូរតាគី និងមានការចូលរួមពីមន្ត្រីក្នុងស្រុកជាច្រើនរូប ដើម្បីពង្រឹងជំហរការងារបន្ថែមទៀត ។
លោកប៉ង់ ណាប់ ប្រធានសមាជិកបក្សឃុំអូរតាគី បានណែនាំឱ្យសមាជិកបក្សប្រជាជនកម្ពុជាទាំងអស់បានយល់ដឹងអំពីលទ្ធផលដែលសមាជិកបានធ្វើកន្លងមកទទួលបានលេខ១ក្នុងការអនុវត្តតាមគោលនយោបាយ ហើយយើងកំពុងតែពង្រីកសមាជិកបន្ថែមទៀតឱ្យកាន់តែមានសំឡេងគាំទ្រកាន់តែច្រើនឡើងៗ ។ លោក សួស អង្គារ៍ បានបញ្ជាក់ថា ដោយសារការងារបម្រើប្រទេសជាតិមានការរវល់ខ្លាំង ទើបលោកខំឆ្លៀតពេលទាំងយប់ទាំងថ្ងៃដើម្បីមកជួបបងប្អូនជាសមាជិកបក្សបានសំណេះសំណាលពេលនេះ ហើយក៏មានការជឿទុកចិត្តក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រីស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ទើបយើងមានការរីកចម្រើនទាំងប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងដល់សព្វថ្ងៃនេះ ។
លោកបន្តទៀតថា ការបោះឆ្នោតនាពេលកន្លងមកគណបក្សប្រជាជនកម្ពុជានាំមុខគេជានិច្ចដោយសារមានសម្តេចទាំង៣ជាប្រធានបក្ស និងមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងដូចជាស្ពានឆ្លងទន្លេ ស្ពានអាកាស តំបន់ភ្នំបូកគោ និងកំពុងជំរុញប្រព័ន្ធផ្លូវតាមព្រំដែន និងផ្លូវកាត់មួយខ្សែទៀតចេញពីខេត្តពោធិ៍សាត់ទៅកោះកុង និងសំខាន់បំផុតប្រទេសកម្ពុជាជាប់ជាសមាជិកអាស៊ាន និងជាប្រធានអាស៊ានទទួលបានជោគជ័យ និងកំពុងត្រៀមប្រជុំអាស៊ានបូក៣ នាពេលខាងមុខទៀត ។ នេះជាកិត្តិយសដ៏ធំមួយដែលកម្ពុជាមិនធ្លាប់ជួបពីមុនមកក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាងើបពីគំនរផេះផង់សល់ពីសង្គ្រាមមក ។ លោកបានណែនាំឲ្យប្រធានសមាជិកក្រុមទាំងអស់ត្រូវស្គាល់កន្លែងដែលត្រូវគូសសន្លឹកឆ្នោតនៅលំដាប់ទី១ ក្នុងចំណោមគណបក្ស៤ដែលចូលរួម ។ បើបងប្អូនណាមិនទាន់មានកាតឬអត្តសញ្ញាណប័ណ្ណត្រូវប្រញាប់រាយការណ៍ទៅរដ្ឋបាលភូមិ-ឃុំជួយរៀបចំពីថ្ងៃនេះទៅដល់ថ្ងៃ១៦ ឧសភា ខាងមុខដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតបាន ហើយសុំកុំឲ្យមានការរើសអើងរវាងគ្នានិងគ្នា ពីព្រោះយើងសុទ្ធតែជាប្រជាជនខ្មែររស់នៅក្រោមដំបូលជាតិតែមួយដូចគ្នា ។
លោកបន្តទៀតថា សំខាន់នោះគឺការរស់នៅត្រូវជួយពិនិត្យក្នុងនយោបាយភូមិ-ឃុំមានសុវត្ថិភាពដោយសហការជាមួយរដ្ឋអំណាចមូលដ្ឋានទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រូវជួយស្ត្រីមេម៉ាយគ្មានទីពឹង ជនចាស់ជរា និងកុមារកំព្រាកុំឲ្យជួបការលំបាក ។ បន្ទាប់មកលោកអ៊ូច អ៊ាង ប្រធានសមាជិកបក្សប្រជាជនកម្ពុជាស្រុកថ្មគោល បានណែនាំអំពីការធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកមិនទាន់មានគឺត្រូវប្រញាប់ ពីព្រោះពេលវេលាខ្លីណាស់ ៕



ចែករំលែកព័តមាននេះ