ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យាល័យ​មេគង្គកម្ពុជា​​សហការ​រៀប​ចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​​អំពី​បញ្ហា​​សិទ្ធិមនុស្ស​​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​​ ៖ សាកល​វិទ្យាល័យ​​មេគង្គ​​កម្ពុជា​​​ បាន​សហការ​ជា​មួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​រៀប​ចំ​ពិធី​អប់​រំ​ផ្សព្វ​​ផ្សាយ​​សិទ្ធិ​មនុស្ស និង​ការ​ចូល​រួម​ផ្តល់​មតិ​លើ​​សេចក្តី​ព្រាងនៃ​សេចក្តី​​​ថ្លែង​ការ​ណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​​កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​សណ្ឋាគារ​​ភ្នំពេញ​​ ក្រោម​អធិបតី​ភាព​លោក​ឱម យ៉ិន​ទៀង ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ។

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​​នេះ មាន​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​ចូល​រួម​ចំនួន​ជាង​៥០០​នាក់ ដែល​​​មក​ពី​បណ្តា​សាកល​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​រាជ​ធានីភ្នំពេញ។

លោក​អ៊ិច សេង សាកល​វិទ្យា​ធិការ​​ សាកល​វិទ្យាល័យ​​មេគង្គ​កម្ពុជា​​ថ្លែង​ថា កន្លង​មក​សាកល​វិទ្យាល័យ​​មេគង្គ​បាន​សហការ​ជា​មួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា​ពិនិត្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​នៅ​តាម​ពន្ធនាគា​រ​នានាទូ​ទាំង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ដើម្បី​​អប់​រំ​ផ្សព្វ​ផ្សាយ​​អំពី​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ ហើយ​កិច្ច​ការ​នេះ​ក៏​បាន​បន្ត​ធ្វើ​នៅ​តាម​វិទ្យាល័យ​នានា សាលាគរុ​កោសល្យ​ភូមិភាគ​ និង​មន្ទីរ​អប់​រំ​តាម​រាជ​ធានី​ខេត្ត​-ក្រុង​​ ។

លោក​អ៊ិច សេង​ បញ្ជាក់​ថា មាន​តែ​សាកល​វិទ្យាល័យ​​មេគង្គ​មួយ​ទេ ដែល​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​​ថ្នាក់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ជំនាញ​សិទ្ធិ​មនុស្ស​​ក្រោម​កិច្ច​​សហការ​​ជា​មួយ​សាកល​វិទ្យាល័យ​ Southerm Cross ប្រទេស​អូស្ត្រា​លី ហើយ​កិច្ច​ប្រជុំ​ជា​ច្រើន​ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ។

ជំនួប​ធំ​លើក​ទី​មួយធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ២០១២ ដែល​មាន​កិច្ច​សហការ​រៀប​ចំ​ធ្វើ​​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​​សហប្រតិ​បត្តិការ និង​សន្តិ​ភាព (CICP) ជា​មួយ​​ស្ថានីយ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ នៅ​សាកល​វិទ្យាល័យ​​កម្ពុជា ។ ជំនួប​លើក​ទី​មួយ​នេះ មាន​អ្នក​ចូល​រួម​​មក​ពី​​អង្គការ​​សង្គម​ស៊ីវិល និង​យុវជន​កម្ពុជា​ប្រមាណ​ជិត​២.០០០នាក់ ។ ការ​ចែក​រំលែក​​ព័ត៌មាន​ទី​ពីរ​ គឺ​នៅ​ក្នុង​​សន្និសីទ​សង្គម​ស៊ី​វិល និង​វេទិកា​ប្រជា​ជន​អាស៊ាន ថ្ងៃ​ទី​២៨-២៩-៣០ មីនា នៅ​សាល​​សន្និសីទ​ចតុមុខ ដែល​មាន​ការ​ចូល​រួម​ពី​​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ជនចំនួន​ជាង​១.០០០នាក់ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ។

កិច្ច​ប្រជុំ​លើក​នេះ​មាន​​គោល​បំណង​​សំខាន់ៗ​ចំនួន​៣​គឺ ១- អប់​រំ​​ផ្សព្វ​ផ្សាយ​​សិទ្ធិ​មនុស្ស​ដល់​ស្រទាប់​យុវជន​កម្ពុជា ២-​ចែក​រំលែក​​ព័ត៌មាន​​អំពី​ការ​វិវឌ្ឍ​នៃ​កិច្ច​ការ​សិទ្ធិមនុស្ស​​អាស៊ាន ជា​ពិសេស​ក្នុង​ឆ្នាំ​២០១២ ដែល​កម្ពុជា​​ជា​ប្រធាន​អាស៊ាន និង​៣-​ប្រមូល​មតិយោបល់​​ពី​អ្នក​ពាក់​ព័ន្ធ​​លើ​ការ​រៀប​ចំ​ព្រាង​​សេចក្តីថ្លែង​ការណ៍​​សិទ្ធិ​មនុស្ស​អាស៊ាន ។

ចំណុច​ដែល​ទាក់​ទាញ​ការ​​ចាប់​អារម្មណ៍​​ខ្លាំង​ក្នុង​​កិច្ច​ប្រជុំ​​លើក​នេះ​មាន​ជា​អាទិ៍​ ១-​តុល្យ​ភាព​រវាង​​​សិទ្ធិ​​ និង​​កាត​ព្វកិច្ច​ ២-​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​​អាស៊ាន ៣-​ការ​បក​ស្រាយ​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​​កម្ពុជា​​លើករណី​មួយ​​​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស ៕