រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣នាក់រងរបួសដោយការវាយតប់គ្នារវាងយុវជនពីរក្រុមមានស្រីមានប្រុស ដោយសារតែការប្រើពាក្យសម្តី «ផា» ឱ្យស្រី្តម្នាក់ថាមុខយ៉ាងកញ្ចាស់នៅហាងផឹកស៊ី ។
អំពើហិង្សាកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១ ឧសភា មុខភោជនីយដ្ឋានវីហ្វ្រិនក្រោយមន្ទីរពេទ្យកុមារជាតិតាមផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ធ្វើឱ្យភ្ញៀវដែលកំពុងផឹកស៊ីរត់ប្រសាច ។
ជនរងរបួស ១-ឈ្មោះហាក់ ងួនពិសី ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត មានលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រងរបួសដៃខាងឆ្វេង ២-ឈ្មោះលន់ លាងហ៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបោះពុម្ពលើអាវ មានទីលំនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រងរបួសមាត់ និងក្តោងច្រមុះ និង៣-ឈ្មោះជ័យ ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតមានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ រងរបួសពកក្បាល ។ ចំណែកជនដែលត្រូវចាប់ខ្លួនឈ្មោះច័ន្ទ មង្គល ហៅយ៉ារ៉ូជានិស្សិត មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ប៉ូលិសមូលដ្ឋានឱ្យដឹងថា មានការវាយតប់ និងដេញគប់គ្នារវាងយុវជន២ក្រុម ដែលមួយក្រុមមានគ្នា៦នាក់ និងមួយក្រុមទៀតមានគ្នា៧នាក់ មានស្រីមានប្រុស ដោយសារទាស់គ្នាពីរឿង«ផា» ឱ្យគ្នាទៅវិញទៅមក ។ នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចឃាត់ខ្លួនជនម្នាក់រងរបួសស្រាល និងដកហូតម៉ូតូម៉ាកស្គូពី មួយគ្រឿង ដែលជារបស់ស្ត្រីជាអ្នកបង្ក និងរត់ចោលបាត់ ។
យុវជនឈ្មោះលន់ លាងហ៊ី ដែលរងរបួសឱ្យដឹងថា រូបគេនិងមិត្តភក្តិចំនួន៦នាក់ ក្នុងនោះមានស្ត្រីម្នាក់នាំគ្នាអង្គុយផឹកនៅក្នុងភោជនីយដ្ឋានវីហ្វ្រិន ។ នៅពេលនោះស្ត្រីម្នាក់ដែលធ្លាប់ស្គាល់ស្រី្តរួមតុរបស់គេបានមកជួបនិយាយលេង ហើយឈ្មោះឡាន វិចិត្រ ជាមិត្តភក្តិបាន«ផា»ស្ត្រីនោះថា «មុខយ៉ាងកញ្ចាស់» និងមានការ«ផា» ឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យស្ត្រីម្នាក់នោះដើរចេញទៅក្រៅបាត់ ។ ក្រោយមកពេលពួកគេចេញទៅក្រៅស្រាប់តែស្ត្រីម្នាក់នោះវាយរូបគេ១ដៃ តែរូបរូបគេចាប់ដៃជាប់ ។ ខណៈនោះយុវជនជាបក្សពួកបាននាំគ្នាដេញវាយរត់ចូលទៅក្នុងហាង ។
ប្រភពព័ត៌មានឱ្យដឹងថា ក្រុមជនទាំងនោះដេញវាយគ្នាប្រសាច ទៅវិញទៅមកផ្អើលពេញហាងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប៉ូលិសទៅដល់ចាប់បានម្នាក់ និងដកហូតបានម៉ូតូស្គូពីមួយគ្រឿង ៕


ចែករំលែកព័តមាននេះ