ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​ផ្ទះ​3ខ្នង ដោយ​សារ​ខ្យល់​ព្យុះ​ និង​មនុស្ស​3នាក់​របួស​​ដោយ​រន្ទះ ក្របី​​1ក្បាល​ងាប់

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លំ​នៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវ​ដួល​រលំ​ខូច​ខាត​ទាំង​ស្រុង ដោយ​សារ​ខ្យល់​ព្យុះ​ ​ហើយ​មនុស្ស​​ចំនួន​៣​នាក់​បាន​រង​របួស​​​​ និង​​​ក្របី​១ ក្បាល​​ត្រូវ​ងាប់​​ដោយ​សារ​រន្ទះ​បាញ់​ ​​​​។ ហេតុ​ការណ៍​នេះ​​បាន​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០១២ នៅ​ស្រុក​ថ្ម​ពួក ។

យោង​តាម​ប្រភព​ព័ត៌​មានពី​មន្ត្រី​នគរ​បាល​ស្រុក​ថ្ម​ពួក បាន​ឱ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​​រសៀល​ថ្ងៃ​នោះ​ នៅ​ស្រុក​ថ្ម​ពួក មាន​ភ្លៀង​​ និង​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​ ​​ព្រម​ទាំង​​មាន​ផ្គរ​រន្ទះផង ​។ ជា​មួយ​គ្នា​នេះ​ ក៏​មាន​លំ​នៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ខ្នង នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ​ត្រូវ​ដួលរលំ​​ខូច​ខាត​ទាំង​ស្រុង និង​មនុស្ស​​ចំនួន​៣​នាក់ រង​របួស​ធ្ងន់​ និង​ស្រាល​ដោយ​សារ​រន្ទះ​បាញ់ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​​នេះ​មាន​១-​ឈ្មោះ​​​ច្រឹម តាល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​​ភូមិ​ថ្ម​ពួក ឃុំ​ថ្ម​ពួក ​​ដួល​សន្លប​់នៅ​​នឹង​កន្លែង​កើតហេតុ​ ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យា​បាល​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ថ្ម​ពួក ២-​ឈ្មោះ​វិញ ញួន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​​អ្នក​តា ឃុំ​ថ្ម​ពួក ​និង​៣-​ឈ្មោះ​កំ សាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​អ្នក​តា​ ឃុំ​ថ្ម​ពួក ទាំង​២​នាក់​នេះ​រង​របួស​​ស្រាល ។
ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​ទៅ​ភ្ជួរ​ស្រែ​នៅ​ចំណុច​កញ្ចន់​វាយពស់​ខាង​ត្បូង​ភូមិ​អន្លង់​ត្រាច ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ ។ ស្រប​ពេល​នោះ​មាន​ភ្លៀង​ និង​ខ្យល​់​ព្យុះ លាយ​ឡំ​ជា​មួយ​ផ្គរ​រន្ទះផង​ ជន​រងគ្រោះ​ទាំង​៣​នាក់​ ក៏​នាំ​គ្នា​រត់​ទៅ​ជ្រក​​នៅ​ក្រោម​ដើម​ឈើ ដែល​ទុក​រ៉ឺម៉ក​​គោយន្ត​នៅ​ទី​នោះ​ ស្រាប់​តែ​រន្ទះ​បាញ់​ដើម​ឈើ​បណ្តាល​ឱ្យ​អ្នក​ទាំង​៣​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល ។

ដោយ​ឡែក​នៅ​ថ្ងៃ​ដដែល ​​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល មាន​​ក្របី​១ក្បាល​ត្រូវ​រន្ទះ​បាញ់​​​ងាប់​ ខណៈ​​ម្ចាស់​ឈ្មោះ​​ញ៉ា ញឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​លែង​ឱ្យ​ដើរ​ស៊ី​ស្មៅ​នៅ​ក្រោម​ដើម​ឈើ​ត្រង់​ចំណុច​គោក​ឪឡោក ខាង​លិច​សាលា​បឋម​សិក្សា​ឯក​ភាព​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ។​ពេល​កំពុង​​​ស៊ី​ស្មៅ​នោះ​ក៏​មាន​​រន្ទះ​បាញ់​ត្រូវ​ដើម​ឈើ​ និង​​ត្រូវ​ក្របី​ងាប់​ភ្លាម​នៅ​នឹង​កន្លែង​ ៕