ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ម៉ូតូ​​រត់​ឌុប​បាន​ត្រឹម​តែ​4​ថ្ងៃ​ចាញ់​ល្បិច​​ចោរ​​បោក​ដាក់​ថ្នាំ​​​សណ្តំ​យក​បាត់​

14 ឆ្នាំ មុន

ខេត្តប៉ៃលិន​​​​ ៖ អ្នក​រត់​ម៉ូតូ​ឌុប​​ម្នាក់​ត្រូវ​​ជន​មិន​ស្គាល់អត្តសញ្ញា​ណ​​​ប្រើ​ល្បិច​ឱ្យ​ឌុប​​ដើរ​រក​មើល​​ដី​អស់​រយៈ​ពេល​២​ថ្ងៃ​ បន្ទាប់​មក​ចោរ​នោះ​​​ឱ្យ​ជន​រង​គ្រោះ​​ទៅ​មើល​ដី​ដែល​គេ​ថា បាន​ទិញ​នៅ​ផ្លូវ​ឡើង​ទៅ​ទឹក​ធ្លាក់​ភ្នំ​ខៀវ ។ ដោយចាញ់​កល​ល្បិច​ចោរ​ឱ្យ​ផឹក​ស្រា​បៀ​រ​ដែល​មាន​ជាតិ​ថ្នាំ​​សណ្តំ​​​ ​ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូ​វង្វេង​​ស្មារតី​​និយាយ​មិន​កើត​ ​រួច​​ចោរ​យក​ម៉ូតូ​​ម៉ាក​ឌ្រីម សេ​១២៥ ស៊េរី​២០១១ ដែល​ទើប​ទិញ​បាន​រយៈ​ពេល​​៤​ថ្ងៃ​ទៅ​បាត់​ ។

ម្ចាស់​ម៉ូតូ​​ឈ្មោះ​មុំ នឿន ហៅ​តា​ដំបង​គ្រញូង អាយុ៥១​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ប្រពន្ធ​ឈ្មោះ​ឡាយ ហៀង អាយុ​៣១​ឆ្នាំ ​ជា​អ្នក​​លក់​ខោ​អាវ​នៅ​ផ្សារ​សាមគ្គី(​ប៉ាហ៊ី) រស់​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​​ទួល​ល្វា ក្រុង​ប៉ៃ​លិន ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៣​និង​៥១​នាទី​រសៀល ថ្ងៃ​ទី​១ ឧសភា ២០១២ នៅ​ផ្លូវ​ឡើង​ទៅ​ទឹក​ធ្លាក់​​ភ្នំខៀវ សង្កាត់​​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ។

ស្ត្រី​ជា​ប្រពន្ធ​​ឱ្យ​ដឹងថា នៅ​មុន​ថ្ងៃ​កើត​ហេតុ​ប្តី​របស់​​នាង​ឌុប​​បុរស​ម្នាក់​មិន​ស្គាល់​​អត្តសញ្ញាណ​មាន​អាយុ​ប្រមាណ២០​ឆ្នាំ ពាក់​អាវ​ស ខោស ​សក់​វែង និង​​ស្វិតដៃ​ខាង​ឆ្វេង​ ។ ជន​​នោះ​​ជួល​ឱ្យ​ប្តី​នាង​​ឌុប​ទៅ​លេង​នៅ​កាស៊ីណូ​ផ្សារ​ព្រំ រហូត​ដល់​ម៉ោង​​៩​​យប់​​ថ្ងៃ​ដដែល​ទើប​ត្រឡប់​មក​វិញ ។ លុះ​ព្រឹក​ឡើង​​ថ្ងៃ​ទី​១ ឧសភា បុរស​រូប​នោះទូរស័ព្ទ​​ឱ្យ​ប្តី​​នាង​ដែល​តែង​​តែ​ឈរ​ចាំ​ដឹក​ម៉ូយ​នៅ​ក្បែរ​​ផ្សារ​ឱ្យ​ឌុប​ទៅ​មើល​ដី​មួយ​កន្លែង​ដែល​គេ​ទិញ​នៅ​ម្តុំ​ទឹក​ធ្លាក់​ភ្នំខៀវ ។ ពេល​ប្តី​របស់នាង​​​ឌុប​ទៅ​ដល់​គោល​ដៅ ស្រាប់​តែ​ជន​ល្មើស​ល្បួង​ឱ្យ​ផឹក​ស្រា​បៀរ​ដែល​ដាក់​​ថ្នាំ​សណ្តំ ។ ​ប្តី​របស់​នាង​​វង្វេង​​វង្វាន់​ស្មារតី ​និយាយ​មិន​រួច ត្រូវ​​ជន​នោះ​យក​​ម៉ូតូ​​ជិះ​​ទៅ​បាត់​ស្រមោល ។
ស្ត្រី​ដដែល​​បន្ត​ទៀតថា  ក្រោយ​ពី​ជិះ​ម៉ូតូ​​យក​ទៅ​បាត់​ប្តី​របស់​នាង​​បាន​ដឹង​ខ្លួន​មួយ​ភាំង​ៗ​ក៏​ខំ​ប្រឹង​ដើរ​​ចុះ​មក​ក្រោម ។ ពេល​​ដល់​កន្លែង​អ្នក​យាម​ផ្លូវនៅ​​រមណីយដ្ឋាន​ទឹក​ធ្លាក់​ភ្នំខៀវ ឃើញ​ប្តី​របស់នាង​មាន​សភាព​មិន​ប្រក្រតី​​គេ​ក៏​ទូរស័ព្ទ​​ហៅ​សមត្ថកិច្ច​​ឱ្យ​ទៅ​ដឹក​យក​ទៅ​បន្សាប​ជាតិ​ថ្នាំ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

គ្រូ​ពេទ្យ​​បាន​ចាក់​ថ្នាំ​បន្សាប​រួច​ហើយ តែ​ប្តី​នាង​នៅ​តែ​មិន​ទាន់​ធូរ​ស្រាល​ ប្រហែល​ជា​ជន​ល្មើ​ស​ដាក់​ថ្នាំ​​សណ្តំ​លាយ​ជា​មួយ​ថ្នាំ​ពុល​អ្វី​ម៉្យាង​ ។ នាង​បាន​​បញ្ជូន​ប្តី​ទៅ​ព្យាបាល​​បន្ត​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​បាត់​ដំបង ។អ្នក​រត់​ម៉ូតូ​ឌុប​និយាយថា ចាត់​ទុក​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណាង​ខ្លាំង​ណាស់​​ដែល​ជន​រង​គ្រោះ​មិន​ត្រូវ​ចោរ​សម្លាប់​​ដោយ​គ្រាន់​តែ​ដាក់​ថ្នាំ​សណ្តំ​រួច​យក​ម៉ូតូ​ទៅ​បាត់​ ព្រោះ​នៅ​​ផ្លូវ​ឡើង​ទៅ​ទឹក​ធ្លាក់​ភ្នំខៀវ​​ឆ្ងាយ​ពី​ភូមិ​ប្រហែល​៥​គីឡូ​ម៉ែត្រ​ ហើយ​​ស្ងាត់​ខ្លាំង​ណាស់មិន​សូវ​មាន​មនុស្ស​ម្នា​ទៅ​មក​ទេ។ បុរស​នោះ​​បើចោរ​​សម្លាប់​ក៏​ពិបាក​រក​សាក​សព​ឃើញ​ដែរ ។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​អូ​រតា​វ៉ៅ​បាន​ទទួល​ពាក្យ​បណ្តឹង​​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ ​ហើយ​ប្រាប់​ឱ្យ​ក្រុម​សមត្ថកិច្ច​​នៅ​តាម​ដង​ផ្លូវ​រង់​ចាំ​ស្ទាក់​ចោរ​ និង​ពិនិត្យ​មើល​ម៉ូតូ​ដែល​មានភិន​ភាគ​ដូច​ម្ចាស់​រាយ​ការណ៍​ ដើម្បី​​ចាប់​​ចោរ​​យក​ទៅ​​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕