ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​សេរី​កម្ម​ករ​​​ធ្វើ​សេច​ក្តីថ្លែង​ការ​ណ៍​​ក្នុង​​​ទិ​វា​​ពល​កម្ម​​​​អន្ត​រ​ជាតិ​​​លើ​ក​​ទី​​126

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖ កម្ម​ករ​រាប់​ពាន់​នាក់​មក​ពី​​​រោង​ចក្រ​នានា​​​ក្នុង​​និង​ក្រៅ​​​រាជ​ធានី​​ភ្នំ​ពេញ​​ បាន​ជួប​ជុំ​គ្នា​​​ហែ​​ក្បួន​​​តាម​ការ​គ្រោង​ទុក​​​ចេញ​​ដំណើ​រ​​ពី​វត្ត​ភ្នំ​​​​​ទៅ​​កាន់​រ​ដ្ឋសភា ដើម្បី​​​​ដាក់​ញតិ្ត​​​ស្នើ​​ដល់​រដ្ឋ​សភា​​ជំរុញ​​​​រដ្ឋា​ភិបាល​​​ ធ្វើ​យ៉ាង​ណា​​​ឱ្យ​មាន​ការ​​​គោរ​ព​​ច្បាប់​​ការ​ងារ​​​​ និង​លើក​កម្ពស់​​​ជីវ​ភាព​កម្ម​ករ​និយោ​ជិត​ ក៏ដូច​​ជា​​​ប្រជា​ពលរ​ដ្ឋទូទៅ ។

​​​លោក​ជា​ មុនី​ ប្រធាន​​​សហ​ជីព​សេរី​កម្ម​ករ​​​នៃ ព្រះ​រាជ​ា​ណា​ចក្រ​កម្ពុជា​​​​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​​​អប​អរ​​សាទរ​​​ថ្ងៃទី​១ ឧ​សភា​ ​ទិវា​​ពល​កម្ម​​កម្ម​​អន្តរ​ជាតិ​​​ឆ្នាំ​​២០១២​ ​ដោយ​បាន​លើក​ឡើង​​​ថា ក្នុង​​គម្រប់​ខួប​​​លើក​ទី​១២៦​​​ ទិវា​​ពល​កម្ម​​​អន្ត​​រ​ជាតិ​​​​​ឆ្នាំ​២០១២នេះ​ មាន​​គោល​បំណង​​ធ្វើ​ឱ្យ​ល្អ​ប្រសើ​រឡើង​​​នូវ​លក្ខ​ខណ្ឌ​​​ការ​ងា​រ​ និង​​លើក​តម្កើង​​​កម្រិត​​​ជីវ​ភាព​​របស់​កម្ម​ករ​​និយោ​ជិត​ ក​៏​ដូច​ជា​​​​ប្រជា​ពល​រដ្ឋ​​​​ទូ​ទៅ​ ។ ខណៈ​​ពេល​ព្រឹត្តិការណ៍​​​ពិ​ភព​លោក​​​ប្រា​រព្ធ​ខួប​លើក​ទី​១២៦​​​​នៃទិ​វា​ពល​កម្ម​អន្ត​រ​ជាតិ​​​​១ឧសភា ​​នៅ​ថ្ងៃ​ទី​​១ ឧ​សភា ​​ឆ្នាំ​​២០១២ ​លោក​ជា​ មុនី ប្រធា​ន​សហ​ជីព​សេរី​កម្ម​​ករ​​​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ច្បាប់​​ដែល​បាន​លើក​ឡើង​នូវ​សំណើ៩​ចំណុច​​​ក្នុង​គោល​បំណង​​​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​​​នូវ​លក្ខ​ខណ្ឌ​​ការ​​ងារ​ និង​​​លើក​កម្ពស់​កម្រិត​ជីវ​ភាព​​របស់​​​កម្ម​ករ និង​​ប្រជា​ពល​រដ្ឋ​​ទូ​ទៅ ។

​សេច​ក្តី​ថ្លែង​ការណ៍​​បាន​អះ​អា​​ង​ថា ​​អស់​រយៈ​​លោក​ជា​ច្រើន​ឆ្នាំ​​​​មក​ហើយ អង្គ​ការ​​​សហ​ជីព​ សហ​គមន៍​ និង​បង​​ប្អូន​កម្ម​ករ​​និយោ​ជិត​​​បាន​ចូល​​រួ​ម​ចំណែក​​​យ៉ាង​​​សកម្ម​ក្នុង​​​កា​រ​ខិត​ខំ​​​លើក​​​កម្ពស់​​​ជំនាញ​​ការ​ងារ​ ​​និង​គោរ​ព​ច្បាប់​​​ ដើម្បី​​​បង្កើន​​ផលិត​​ផល​​​ការ​ងារ​ និង​គុណ​​ភាព​ផលិត​ផល​​​សំដៅ​បម្រើ​​ដល់​ការ​ប្រជែង​​​លើ​ទី​ផ្សារ​​ និង​រក្សា​ស្ថិ​រ​ភាព​​​​ដំណើរ​ការ​​របស់​រោង​ចក្រ​​​​ សហ​គ្រាស​ ​។ លទ្ធ​ផល​​​នៃ​ការ​​ខិត​ខំ​របស់​សហ​ជីព​​ សមាគម ព្រម​ទាំង​​​បង​ប្អូន​​​កម្ម​ករ​និយោជិត​​ គឺ​បាន​​ជា​​​ប្រយោជន៍​​ផ្ទាល់​​របស់​កម្ម​ករ​​​និ​យោ​ជិត​​ និង​​ជា​ផល​ប្រយោជន៍​​​សង្គម​​ និង​ប្រជា​​ជាតិ​ទាំង​មូល​​ ។

​សេច​ក្តីថ្លែង​ការ​ណ៍​បាន​បន្ត​ថា ​នៅ​ក្នុង​ឱ​កាស​​ប្រា​រព្ធ​​​ពិ​ធី​​​អប​​អរ​សាទរ​​​ទិវា​ពល​កម្ម​អន្ត​រ​ជាតិ​​ខួប​លើក​ទី​១២៦​​​នេះ សហ​ជីព​​​សេរី​កម្ម​ករ​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា សូម​លើក​​​សំណើ​មួយ​ច​ំនួន​​​​គោ​រ​ព​ជូន​​ថ្នាក់​ដឹក​នាំ​​​នៃ​ស្ថា​ប័ន​រដ្ឋ​ រួម​មាន​​ព្រឹទ្ធ​សភា រដ្ឋ​សភា​ រាជ​រដ្ឋា​​ភិ​បាល​​​​ តុលា​ការ​​​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ និង​សមា​គម​​​និយោ​ជក​ ដើម្បី​​បាន​ពិ​ចារណា​​​យក​​​ចិត្ត​​ទុក​ដាក់​​​គិត​គូ​​រ​ និង​​​ដោះ​ស្រាយ​​​ដូច​ខាង​ក្រោម​ ៖
១-​ជំរុញ​​កា​របង្កើត​​ការ​ងារ​​មួយ​​ដែល​​មាន​ឯក​រាជ្យ​​​​ភាព​ និង​​​មាន​សមត្ថ​ភាព​​​វិជ្ជា​​ជីវៈឱ្យ​បាន​​​ឆាប់​រហ័ស​​ ដើម្បី​ដោះ​ស្រាយ​​​​វិវាទ​​​ការ​ងារ​​​ ព្រោះ​​អស់​រយៈ​ពេល​​ជាង​​១​៥​ឆ្នាំ​ហើយ​ ​តុលាការ​​ការ​​ឯកទេស​​​នេះ​មិន​ទាន់​​បង្កើត​ឡើង​​ឱ្យ​ស្រប​តាម​ច្បាប់​​​ស្តី​ពី​​​ការ​ងារ​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​​នៅ​ឡើយ​ ។
២-​​បញ្ឈប់​​​ការ​រើស​​អើង​​​គ្រប់​រូប​ភាព​​​ចំពោះ​​សិទ្ធិ​​​ សេរី​ភាព​​​សហ​ជីព​ និង​សមា​គម ។
៣-​​ដំឡើង​​ប្រាក់​​​​សម្រាប់​​ការ​ធ្វើ​​ដំណើរ​​​របស់​កម្ម​ករ​​​និយោ​ជិត​​ ឱ្យ​បា​​ន​ឡើង​ដល់​់ចំនួន​​១០​ដុល្លារ​អា​មេរិក​​​ក្នុង​​១ខែ​​ ក្នុង​ម្នាក់​ ។
៤-​​កំណត់​​​​​ឱ្យ​​មាន​ការ​ផ្តល់​ប្រាក់​ខែ​សម្រាប់​​​ការ​ស្នាក់​នៅ​​របស់​កម្ម​ករ​​​​និយោជិត​​​​បាន​ចំនួន​​​១០ដុល្លារ​​អាមេរិក​​​​​​ក្នុង​​១​ខែ​ក្នុង​ម្នាក់​ ។
៥-​បង្កើត​ការ​យក​ចិត្ត​ទុក​ដាក់​​​គ្រប់​គ្រង​​​ទីផ្សារ​​ជួយ​ឱ្យ​​ជីវ​ភាព​​​រស់​នៅរបស់​កម្ម​ករ​​​និ​យោ​ជិត​​ ក៏​​ដូច​ជា​ប្រជា​ពល​រដ្ឋ​​​ទូទៅ​មាន​​​កម្រិត​​​សម​រម្យ​​​ ស្រប​តាម​​បញ្ញត្តិ​​មាត្រា​​​៦៣​​ នៃ​​រដ្ឋ​ធម្ម​នុញ្ញ​​​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ រួម​មាន​ជា​អាទិ៍​ បញ្ចុះ​តម្លៃ​ប្រេង​សាំង​​​ និង​ទប់​ស្កាត់​​ការ​ហក់​ឡើង​​នៃ​ថ្លៃ​ទំនិញ​សព្វ​​សារ​ពើ​​ក្នុង​កម្រិត​​​ហួស​ហេតុ​​​នៅ​លើ​ទី​ផ្សារ​ ។
៦-​លុប​បំបាត់​​​​អំពើពុក​រលួយ​ និង​ការ​ប្រើ​ប្រាស​់​កម្លាំង​​​​ពល​កម្ម​លើ​កុមារ​​ ។
៧-​លុប​បំ​បាត់​​​ការ​បញ្ឈប់​ ឬ​ការ​​ព្យួរ​ការ​​ងារ​​​តំណាង​កម្ម​ករ​​និយោ​​ជិត​​ដោយ​ខុស​ច្បាប់​ និង​​ពង្រឹង​​ការ​អនុ​វត្ត​​ច្បាប់​ស្តីពី​ការ​ងារ​​​ល្អ​ប្រសើរ​ ។
៨-​បញ្ឈប់​​​​ការ​ប្រើ​ប្រាស់​អំពើ​​ហិង្សា​​តាម​គ្រប់​រូប​ភាព​​​ទៅ​លើ​កម្ម​​ករ​និ​យោ​ជិត​​ ដើម្បី​ពង្រឹង​​​នី​តិ​រដ្ឋ​​ពិ​ត​ប្រា​កដ​​​នៅ​កម្ពុជា​ ។
៩-​​ជំរុញ​​ការ​ស្រាវ​ជ្រាវ​​​សើុប​អង្កេត​​​​ វែក​មុខ​​​​​ឃាត​ករ​​​​​ដែល​បាញ់​សម្លាប់​លោក​ជា​ វិជ្ជា​ អតីត​​​​ប្រធា​ន​សហ​ជីព​​សេរី​កម្ម​ករ​​​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ យក​​ផ្តន្ទា​ទោស​​តា​ម​ច្បាប់​ដើម្បី​​លុប​បំបាត់​​​វប្ប​ធម៌​​នីទណ្ឌ​​ភាព​​នៅ​កម្ពុជា ។

ទោះ​បី​ជា​​យ៉ាង​ណា​​ សហ​ជីព​​​សេរី​កម្មករ​​​របស់​លោក​​​ ជា​ មុនី​ ​ក្នុ​ងទិវា​​ពល​កម្ម​អន្ត​រ​ជាតិ​​​ថ្ងៃទី​១ ឧសភា​ នៅ​ឆ្នាំ​​នេះ​​​​មិន​បាន​ជួប​ជុំ​ ហែ​​​ក្បួន​កម្ម​ករ​​​​ដូច​​រៀង​រាល់​ឆ្នាំ​​ឡើយ ។ សហ​​ជីព​​​​​​កម្ម​ករ​របស់​លោក​​​ជា មុនី ​​​ប្តូរ​​យុទ្ធ​សាស្ត្រ​​ពី​ការ​​ស្រែក​​ទាម​ទា​​រ​នៅ​តាម​ដង​ផ្លូវ​​ មក​ជា​យុទ្ធ​សាស្ត្រ​​​កា​រទូត​​​តាម​យៈ​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​​​ ។ នៅ​​រាជ​​ធានី​​ភ្នំ​ពេញ​​​ នា​ព្រឹក​​ថ្ងៃទី​​​១ ឧស​ភា ​​​សហ​ជីព​​កម្ម​ករមាន​សមាជិក​ប្រមាណ​​៤.០០០​នាក់​ បាន​ជួប​​ជុំ​​ដើរ​ហែ​ក្បួន​​​​លើ​ក​បដា និង​​ថ្លែង​ការ​ណ៍​​មុន​នឹង​​​ដាក់​ញត្តិ​​ទៅ​កាន់​​​រដ្ឋ​សភា​ ដូច​​រៀង​រាល់​ឆ្នាំ​​ ដើម្បី​​សាទរ​ទិវា​​ព​ល​កម្ម​​អន្ត​រជាតិ​​​ថ្ងៃទី​១ ឧសភា ​ខួប​លើក​​ទី​១២៦ នេះ ។

ក្រុម​កម្ម​ករ​​​​បាន​ចាក​ចេញ​ពី​​​មុខ​រដ្ឋ​​​សភា​ ​នៅវេលា​ម៉ោង​​​​១និង​៣០​នាទី​រសៀល​​​ថ្ងៃទី​១ ឧសភា ហើយ​​ក្រុម​​មួយ​​ថ្មី​​​មក​ពី​បឹង​កក់​​​បាន​បន្ត​ជួប​​​ជុំ​គ្នា​​​​នៅ​មុខ​រដ្ឋ​​​សភា​ដើម្បី​​​តវ៉ា​​​ដែរ ៕