ខេត្តកណ្តាល ៖ ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ ពេជ្ជរិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១២ នៅឃុំភូមិធំ ស្រុកកៀនស្វាយ មានរៀបចំពិធីទទួលសមាជិកគណបក្សថ្មីចំនួន៧១នាក់ ដែលសមាជិកថ្មីទាំងអស់នោះ គឺជាអតីតសកម្មជនគណបក្សនយោបាយ៤ គឺគណបក្ស សម រង្ស៊ី, នរោត្តម រណឫទ្ធិ, ហ៊្វុន ស៊ិនប៉ិច និងគណបក្សសិទ្ធិមនុស្ស ។
តាមការឱ្យដឹងរបស់តំណាងសមាជិកថ្មី ការវិលត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺបន្ទាប់ពីពួកគាត់បានដឹងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងកសាងប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ។ ចំណែកគោលនយោបាយគណបក្សផ្សេងនោះគឺមានតែការបោកប្រាស់ ភូតកុហក និងរារាំងដំណើរការសន្តិភាព និងកសាងប្រទេសប៉ុណ្ណោះ ។
មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកថ្មីនាពេលនោះ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា ការមករួមរស់ជាមួយគណបក្សប្រជាជន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងពេលដែលការរស់នៅជាមួយគណបក្សនយោបាយមុននោះ គឺមិនទទួលបានផលប្រយោជន៍ ឬឱកាសចូលរួមកសាងប្រទេសជាតិនោះឡើយ ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយស្នូលនៃការកសាងប្រទេសជាតិ និងជាគណបក្សបើកទូលាយសម្រាប់ការចូលរួមពីប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយនិងមិនគិតអំពីអតីតភាពនោះឡើយ ។
លោក ម៉ក់ ពេជ្ជរិទ្ធ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ដូច្នេះ ការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់បងប្អូនគ្រប់និន្នាការនយោបាយ គឺមិនគ្រាន់តែបង្ហាញនូវការគិតគូរត្រូវប៉ុណ្ណោះទេ ប៉ុន្តែបងប្អូននឹងមានឱកាសចូលរួមក្នុងការកសាងប្រទេសជាតិថែមទៀត ។ លោកបញ្ជាក់ថា ទ្វារគណបក្សប្រជាជនកម្ពុជា បើកចំហជានិច្ចរង់ចាំទទួលបងប្អូនដែលភ្ញាក់រលឹក និងចង់មកចូលរួមកសាងប្រទេសជាមួយគណបក្សប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា សមាជិកថ្មីទាំង៧១នាក់នោះ គឺមានស្ត្រីចំនួន៣៧នាក់ មកពីឃុំចំនួន២ គឺឃុំ គគីរ និងឃុំភូមិធំ របស់ស្រុកកៀនស្វាយ ៕


ចែករំលែកព័តមាននេះ