រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងម៉ាកព្រូស មួយគ្រឿង និងម៉ូតូអាយខន មួយគ្រឿង ដែលឈប់នៅភ្លើងស្តុប ចំណុចមេភ្លើងបានត្រូវរថយន្ត CR-V មួយគ្រឿង ដែលអ្នកបើកបរស្រវឹងធ្លាក់ភ្នែកមកពីណា ជ្រុលទៅបុកម៉ូតូអាយខន បណ្តាលឱ្យខ្ទាតទៅបោកផ្ទប់នឹងរថយន្តហាយឡែនឌ័រ ហើយចុងក្រោយរថយន្ត CR-V ក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១ ឧសភា នៅចំណុចស្តុបមេភ្លើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន និងបណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូអាយខន ដួលបោកក្បាលសន្លប់ ហើយត្រូវបានបញ្ជូនទៅព្បាបាលនៅគ្លីនិកឯកជនមួយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុរថយន្តព្រូស ពណ៌ឈាមជ្រូក ឈប់ទន្ទឹមរថយន្តហាយឡែនឌ័រ ឯអ្នកជិះម៉ូតូអាយខន ឌុបស្ត្រីជាម្តាយ កំពុងឈប់នៅភ្លើងស្តុប ។ ខណៈពេលនោះស្រាប់តែមានរថយន្ត CR-V ពណ៌ទឹកប្រាក់មួយគ្រឿងបោះពួយយ៉ាងលឿនក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកគូទម៉ូតូអាយខនដួលធ្លាក់ស្ត្រីជាម្តាយបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹង ចំណែកម៉ូតូខ្ទាតទៅបោកនឹងរថយន្តហាយឡែនឌ័របណ្តាលឱ្យរថយន្តរលាត់ថ្នាំតិចតួច តែដោយមិនចង់វែងឆ្ងាយក៏បើកចេញទៅបាត់ទៅ ។
ដោយឡែករថយន្ត CR-V បានជ្រុលទៅកៀររថយន្តម៉ាកព្រូស បណ្តាលឱ្យរលាត់ថ្នាំ និងក្រពឹតថ្ពាល់មួយចំហៀង ហើយខាងរថយន្តម៉ាកព្រូសបានទាមទារសំណងចំនួន១០០ដុល្លារ តែដោយអ្នកបើកបររថយន្ត CR-V មិនមានលុយ ចរចាគ្នាមិនត្រូវទើបសមត្ថកិច្ចយករថយន្ត CR-V និងរថយន្តព្រូស ព្រមទាំងម៉ូតូអាយខនផងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕




ចែករំលែកព័តមាននេះ