ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ប៉េអឹម​​ក្រុង​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​ប្រុស​ស្រី​​3នាក់​ទាក់​ទិន​​គ្រឿងញៀន​​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​​​​ ៖ ជន​សង្ស័យ​​ប្រុស-​ស្រី​៣នាក់​​ ត្រូវ​​​​កម្លាំង​​ប៉េអឹម​ក្រុង​​​​​ឃាត់​ខ្លួន​​នឹងឆែក​ឆេរ​​​បន្ទប់​​ជួល​​ កាល​ពី​​វេលា​​ម៉ោង​​​ជិត​​​៥​ល្ងាច​​ថ្ងៃ​ទី​​១ ឧសភា​​ នៅ​ភូមិ​​ប្រជា​​ធម្ម​​​ខាង​លិច​ សង្កាត់​​​ប៉ោយ​ប៉ែត​ ពីបទ​​សង្ស័យ​​ចែក​ចាយ​​ថ្នាំ​ញៀន​​ ។

ជន​សង្ស័យ​​ទាំង​៣នាក់​​​​ ១- ឈ្មោះ លី ឆៃយ៉ា ភេទប្រុស អាយុ​​២៨ឆ្នាំ ជាអ្ន​ក​រត់​ម៉ូ​តូ​ឌុប​ ស្នាក់​នៅ​​ក្នុង​ភូមិ​​កើត​ហេតុ​​ ២- ឈ្មោះ ឈុំ ឆានិន អាយុ​​​២៧ឆ្នាំ ជា​ប្រពន្ធ​​ និង​​៣- ឈ្មោះ ប៉ិច​​ សុគន្ធា អាយុ​​២៩ឆ្នាំ ជា​​ជាង​​​កាត់​ដេរ​ ស្នាក់​​​នៅក្នុង​​ភូមិ​​​កើត​ហេតុ​​ ។ ជាមួយ​​​​ការ​ឃាត់ខ្លួន​​និង​​ឆែក​ឆេរ​​បន្ទប់​ជួល​​ជន​សង្ស័យ​​ទាំង​​​៣​ខាងលើ​​​សមត្ថ​​កិច្ច​​​បាន​រក​ឃើញ​​ថ្នាំ​ញៀន​ប្រភេទ​​ម៉ា​​ទឹក​កក​​ចំនួន​​​២កូន​​ថង់នៅ​ជាប់​​​​ខ្លួន​​ និង​ក្នុង​​បន្ទប់​​ជួល​​​របស់​​ប្តី​ប្រពន្ធ​​ ​​​រួម​ទាំង​​ថង់​​សម្រាប់​​វេច​​ខ្ចប់​​​មួយ​ចំនួន​​ផ​ងដែរ ។ ឯ​​ក្នុង​បន្ទប់​​ជួល​​របស់​ឈ្មោះ​ ប៉ិច សុគន្ធា ខណៈ​​ធ្វើ​ការ​ឆែក​ឆេរ​​ពុំ​បាន​រក​ឃើញ​​វត្ថុតាង​​អ្វី​​​​​ទេ ប៉ុន្តែ​​ដោយ​សារ​​មាន​ការ​​ពាក់​ព័ន្ធ​​​​​​ជាមួយ​​ជន​សង្ស័យ​​ប្តី​ប្រពន្ធ​​​ខាង​លើ ទើប​កម្លាំង​​​ប៉េអឹម​​ធ្វើ​ការឃាត់​ខ្លួន​​ ។

ក្នុង​​អំឡុង​​នៃ​ការ​ឆែក​ឆេរ​​ខាងលើ​ គេ​​ឃើញ​​វត្ត​​មាន​​អាជ្ញាធរ​​ភូមិ​ ក្នុងនោះ​​​មាន​ទាំង​​ប៉ូលិស​ប៉ុស្តិ៍​​សង្កាត់​​ប៉ោយ​ប៉ែត​ផង​ដែរ ។ ក្រៅពី​
ជន​សង្ស័យ​​ និង​វត្ថុ​តាង​​​ជា​ថ្នាំ​​ញៀន​​ព្រមទាំង​​​ឧបករណ៍​​សម្រាប់​​សេព​ ​ថង់​សម្រាប់​​វេច​​​ខ្ចប់​​​កម្លាំង​​ប៉េ​អឹម​​ក៏​​បាន​នាំ​យក​​ម៉ូតូ​​ធុន​សេ​​​១២៥​មួយ​គ្រឿង​​​ពីកន្លែង​កើត​ហេតុ​​ទៅទុកនៅ​​​ទី​បញ្ជាការ​​​ប៉េអឹម​​​ក្រុង ។

លោក​ហម​ ម៉ុត មេ​បញ្ជាការ​​​ប៉េអឹម​​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ប្រាប់​ថា ជន​សង្ស័យ​​ទាំង​​៣​ ​​មាន​​ជាប់​​​ពាក់​ព័ន្ធ​​ក្នុង​ករណី​​ចែក​​​ចាយ​​ថ្នាំ​ញៀន​ ហើយ​​ក្រោយ​​ការ​សួរ​​នាំ​ និង​ធ្វើ​កំណត់​ហេតុ​​ពួក​​គេ​ត្រូវ​​បាន​​​​បញ្ជូន​​ទៅ​​ទី​បញ្ជាការ​​ប៉េអឹម​ខេត្ត​​ដើម្បី​​ចាត់​ការ​​​តាម​​នី​តិ​វិធី​​ ៕​