ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ឡូត៍​នេសាទ​​ឱ្យ​សហគមន៍​​គ្រប់​គ្រង និង​ដាំ​​ព្រៃ​លិច​ទឹក​នៅស្រុក​​ជល​គិរី​​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​​យឹម​ ឆៃ​លី ប្រធាន​​​ក្រុម​ប្រឹក្សាស្តា​រ​​អភិវឌ្ឍ​​ន៍​​វិស័យ​​កសិ​កម្ម​​និង​ជន​បទ កាល​ពី​​ព្រឹក​ថ្ងៃទី​​៣០ ខែ​មេសា បាន​អញ្ជើញ​​ជាអធិបតី​​​ភាព​ក្នុង​​ពិធី​ប្រគល់​​ដែន​​​ឡូត៍​​នេសាទ​​ជូន​ទៅ​​សហគមន៍​​នេសាទ​​គ្រប់​គ្រង​​​ និង​ដាំ​​កូន​​ឈើ​ព្រៃលិច​​ទឹក​​ ។ ពិធី​នេះ​​​បាន​ប្រព្រឹត្ត​​ធ្វើ​​​​​នៅ​​​ក្នុងបរិវេណ​​វត្ត​កំ​​ពង់​​អុស ភូមិ​កំពង់​​អុស​​ឃុំ​​កំពង់​​អុស ស្រុក​ជល​គិរី ដោយ​​មាន​ការ​អញ្ជើញ​​​​ចូល​រួម​ពី​​​លោក​ទូច ម៉ារីម អភិបាល​​​ខេត្តកំពង់​ឆ្នាំង លោក​​ណៅ​ ធួក ប្រតិ​ភូ​​​​​​រាជ​រដ្ឋា​ភិបាល​​​ទទួល​បន្ទុក​​ជា​ប្រធាន​​រដ្ឋ​បាល​ជល​ផល​​ មន្ត្រី​អ្នក​​មុខ​អ្នក​ការ​​​ជាច្រើន​រូប​​ ​​​​ប្រជា​​ពលរដ្ឋ​​​ និង​​សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ ​។

លោក​​​​ទូច​ ម៉ារីម មាន​ប្រសាសន៍​​ថា​ រាជ​រដ្ឋា​​ភិបាល​​​បាន​​លុប​ឡូត៍​ទាំ​​ង​អស់​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​ ។ ដោយឡែក​នៅ​ខេត្ត​កំពង់​ឆ្នាំង​មាន​ឡូត៍​ចំនួន​​១២ត្រូវ​បាន​លុប​ផង​ដែរ ដែល​ឡូត៍​ទាំង​នោះ​​​​មាន​ជាង​​​៤៥ពាន់​​ហិក​តា ។ ឡូត៍​​នេសាទ​​​ដែលបាន​កាត់​ចេញ​​ គឺ​​​៧៨ភាគរយ​​បាន​​ប្រគល់​​ជូន​​ប្រជាពលរដ្ឋ​​នេសាទ​​ជាលក្ខណៈ​គ្រួសារ​​ និង​​​២២ភាគរយ​​ត្រូវ​បាន​ដាក់​បញ្ចូល​​ជាដែន​​អភិរក្ស​​ធន​ធាន​​ជល​​ផល​ ។ ក្នុង​រយៈ​ពេល​៣ខែ​​កន្លង​ទៅ​ គឹ​បាន​​​បង្ក្រាប​​​បទ​ល្មើស​​​នេសាទ​​ចំនួន​​​១៧៨​ករណី​​ ។

លោក​​​ណៅ​​ ធួក ​បាន​មាន​​ប្រសាសន៍​​ថា ដើម្បី​​ធានា​​និរន្តរ​ភាព​​​ពូជ​មច្ឆ​​ជាតិ​ យើង​​បាន​រក្សា​​ទុក​ដែន​​ឡូត៍​​នេសាទ​​​មួយ​ចំនួន​​ជា​តំបន​់​​​ដែន​អភិ​រក្ស​ធន​ធាន​​​ជល​ផល​ ហើយ​ក្នុង​នោះ​​​ឡូត៍​​នេសាទ​​មួយ​ចំនួន​​​ត្រូវ​បាន​​ប្រគល់​ជូន​​​ប្រជាពលរដ្ឋ​​ ប៉ុន្តែ​​ការ​នេសាទ​​របស់​បង​ប្អូន​​ត្រូវ​នេសាទ​​តាម​ច្បាប់​​ដែល​បាន​កំណត់​​ ដូច​​មាន​ចែក​ក្នុង​​ប្រកាស​លេខ​​​១២៩ របស់ ក្រសួង​​​​​កសិកម្ម​​ ។ បង​ប្អូន​​មិន​ត្រូវ​​នេសាទ​ល្មើស​​ច្បាប់​ដូច​ជា ប្រើ​​ឧបករណ៍​​ឆក់​​ អួន​ស្បៃ​មុង ឬ​អួន​​ក្រឡា​ញឹក​​ឡើយ និង​មិន​ត្រូវ​​កាប់​បំផ្លាញ​​​ព្រៃ​លិច​ទឹក​​​ដែល​ជា​​ជម្រកដ៏​​​មាន​សារសំខាន់​​សម្រាប់​​​ត្រី​​ពង​​កូន​​នោះ​ទេ ។ ដូច​ថ្ងៃ​នេះ​ យើ​ង​នាំគ្នា​​ដាំ​ព្រៃលិច​ទឹក​​ គឺជាការ​​បំផុស​​ដល់​ក្មួយៗ​​ឱ្យ​ចេះ​​ស្រឡាញ់​​ និង​ការពារ​​​​​​ព្រៃ​​​លិច​ទឹក​​​តទៅ​​​ថ្ងៃ​មុខ ។

លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​​យឹម​ ឆៃ​លី បាន​​មាន​ប្រសាសន៍​​​ផ្តាំ​ផ្ញើ​​ដល់​សហគម​​ន៍​​នេសាទ​​ដែល​​​បាន​ឡូត៍​នេសាទ​​​ ត្រូវ​ខិត​ខំ​​កា​រពារ​​​ក្នុង​ដែន​ឡូត៍​​របស់​ខ្លួន​​​ឱ្យ​បាន​ល្អ​ប្រសើរ​​ មិន​ត្រូវ​​ឱ្យ​មាន​បទ​ល្មើស​​​នេសាទ​​កើត​ឡើង​​ក្នុង​ដែន​​របស់ខ្លួន​​គ្រប់​គ្រងឡើយ ។ ពីដើម​​ម្ចាស់​ឡូត៍​​នេសាទ​​​គេ​ការពារ​​​បាន​ ដូច្នេះ​​យើង​ក៏ត្រូវ​​ការពារ​​ឱ្យ​បាន​​​ដូច​គេ​​ដែរ ពេលនេះ​​​អំណាច​​បាន​ធ្លាក់​មក​​​លើ​ដៃ​​យើង​ហើយ​ យើង​ត្រូវ​​ចេះ​គ្រប់​​​គ្រង​ បើ​បណ្តោយ​​ឱ្យ​មាន​បទ​ល្មើស​​កើត​ឡើង​​គឺ​ដូច​​បំផ្លាញ​ខ្លួន​ឯង ។

លោកឧប​នាយក​រដ្ឋ​មន្ត្រី​​​បញ្ជាក់​ថា ​​យើ​ងបាន​ដោះ​លែង​​អ្ន​ក​ទោស​​ចំនួន​​​៨៤នាក់​ ដែល​​មាន​ទោស​​ល្មើស​​នេសាទ​ ប៉ុន្តែ​​កាល​នោះ​​យើង​មិន​ទាន់​​​លុប​​ឡូត៍​​ ឯ​​​ចាប់​ពី​ពេល​នេះទៅ​ តែ​ល្មើស​ច្បាប់​​គឺ​មាន​​ទោស​​តាម​ច្បាប់​​ស្តីពី​ជល​ផល​ជា​ពុំ​ខាន​​ឡើយ ៕