ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ​បើក​កិច្ច​ប្រជុំ​លើក​ទី​35​របស់​ខ្លួន​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅសាលប្រជុំសាលា​ខណ្ឌ​ដូនពេញនាព្រឹក​ថ្ងៃទី០២ ​ឧសភា​ឆ្នាំ​២០១២​ក្រុមប្រឹក្សា​ខណ្ឌ​​ បានបើកកិច្ច​ប្រជុំ​សាមញ្ញ​​លើក​ទី៣៥​អាណត្តិ​ទី១​ ដើម្បី​ពង្រឹង​ការ​ងារ​សន្តិសុខ​សណ្តាប់ធ្នាប់​និងអនុវត្ត​ភូមិ-សង្កាត់​មាន​សុវត្ថិភាព​ប្រចាំខែ​ឧសភា​ឆ្នាំ​២០១២​ ក្រោម​អធិប​តី​ភាព​លោក​ហែម អាន​ ប្រធាន​ក្រុម​ប្រឹក្សា​​​​ខណ្ឌ​​ ​លោក​ឯក ឃុន​ឌឿន អភិបាល​រង​ខណ្ឌ​ ព្រម​ទាំង​សមា​ជិក​ ​សមា​ជិកា​ក្រុម​ប្រឹក្សា​ខណ្ឌ​ ។

លោក​ហែម អាន​ បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំនោះ​ថា​ ក្រុម​ប្រឹក្សា​ខណ្ឌដូនពេញ​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៣៥ អាណត្តិទី១​នា​ថ្ងៃ​នេះ ​គឺ​ដើម្បី​ពិនិត្យ​និង​អនុម័តសេច​ក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​លើកទី​៣៤​ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញអាណត្តិ​ទី១​ នា​ថ្ងៃទី​២៩ ​មេសា ​ឆ្នាំ​២០១២ ស្តាប់របាយ​ការណ៍​សកម្មភាព​ការងារ​រយៈ​ពេល១ខែ​​មេសា​ឆ្នាំ​២​០១២​របស់រដ្ឋ​បាល​ខណ្ឌដូន​ពេញ​ និងបញ្ហា​ផ្សេងៗ​។

លោក​ឈឹម​ ឌី​ណា​ នាយក​រដ្ឋបាល​សាលា​ខណ្ឌដូន​ពេញ​ បាន​អាន​របាយ​ការណ៍​សកម្មភាព​រយៈ​ពេល​មួយ​ខែ​មេសា​ ក្នុងនោះ​មាន​ការងារ​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​សាធារណៈ​ ជា​ពិសេស ​ការ​ងារ​ភូមិ​-សង្កាត់​ មាន​សុវត្ថិភាព​ចុះ​ធ្វើការ​អប់រំ​ផ្សព្វ​ផ្សាយ​ និង​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​ និងចុះ​រដ្ឋ​បាល​ពេលយប់​ព្រមទាំង​រឹតបន្តឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ចុះកិច្ច​ប្រតិ​បត្តិការ​ប្រមូល​ជនអនាថា អ្នកសុំទាន​ ក្រុម​ក្មេ​ង​ហិត​កាវ​​ និងស្ត្រី​រកសុីផ្លូវ​ភេទ​តាមផ្លូវ​សាធារណៈ​បញ្ជូនទៅមន្ទីរ​​សង្គម​កិច្ចរាជ​ធានី​ភ្នំពេញ។​ ដោយ​ឡែក ក្នុង​ខែ​មេសាឆ្នាំ​២០១២​នេះដែរ​ សកម្ម​ភាព​​បទ​ល្មើសព្រហ្ម​ទណ្ឌ​មាន​ការ​ថយ​ចុះ ហើយ​ករណី​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​ក៏មានការ​ថយ​ចុះ​​ដែរ ។

ក្នុងកិច្ច​ប្រជុំនេះ​ដែរសមាជិក​ក្រុម​ប្រឹក្សា​បាន​សំណូម​ពរដល់​សាលា​ខណ្ឌ​ដូនពេញ​បន្ត​ការ​អនុវត្ត​គោលនយោ​បាយភូមិ-សង្កាត់​មាន​សុវត្ថិ​ភាព​ជា​ចម្បង​ ហើយ​សមា​ជិក​ សមា​ជិកា​ក្រុម​ប្រឹក្សា​ក៏បានអនុម័ត​ដោយ​លើក​ដៃ​លើ​របាយ​ការណ៍​​សកម្មភាព​ការងារ​រយៈ​ពេល​មួយខែ​ មេសា ដោយ​១៣​សំឡេង​លើ១៣សំឡេង​ ៕