ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ដឹក​អាចម៍ដី​​ឡើង​ចំណោត​​​​វាក់​​នឹង​រថយន្ត​​កូរ៉េ​មួយគ្រឿង​​​ទៀតរអិល​​​ថយ​ក្រោយ​​កិន​ម៉ូតូ​​2គ្រឿង​​​ និង​បុក​​រះ​​​មុខ​ផ្ទះ​​ឈើ​​​3ជាប់​គ្នា

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ រយន្ត​កូរ៉េ​​ដឹក​អាចម៍​ដី​​ចំណុះ​​​២,៥​តោន ពណ៌ស​​មួយគ្រឿង​​  ខណៈ​បើក​ឡើង​​​ផ្លូវ​លេខ​​​២៧១ ដែល​ជាផ្លូវ​​ចំណោត​​ហើយ​​​វាក់​នឹង​រថយន្ត​កូរ៉េ​​មួយ​​គ្រឿងទៀត​​​​​​ ក៏​​ចាប់​​ហ្វ្រាំង​​ឈប់​​ឱ្យ​រថយន្តកូរ៉េ​​នោះ​​បើក​ទៅ​​មុន​ ស្រាប់តែ​​រអិល​ថយ​ក្រោយ​​ទៅកិន​​​ម៉ូតូ​​​២គ្រឿង​​​ដែល​ចត​នៅ​មុខ​ផ្ទះ​​មួយ​​ និ​ងរអិល​​​ថយ​​ទៅប៉ះ​​ទ្វារដែក​​​ និង​ជញ្ជាំង​​​ផ្ទះ​ឈើ​​​ចំនួន​​​២ទៀតដែល​​នៅ​ជាប់​គ្នា​​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​៤និង​​៣០​នាទី​​រសៀល​ថ្ងៃទី​​​១ ឧសភា នៅ​កែង​​ផ្លូវ​លេខ​​២​៧១​​និង​​​​ផ្លូវ​លេខ​​​២៥៥​ ស្ថិត​​ក្នុង​សង្កាត់​​បឹង​សាឡាង ខណ្ឌទួល​គោក តែ​មិន​​បណ្តាល​​ឱ្យ​មាន​មនុស្ស​រង​របួស​ទេ​ ។

ប្រជាពលរដ្ឋ​​​នៅ​កន្លែង​កើត​ហេតុ​​​​​​ឱ្យ​ដឹងថា ​​រថយន្ត​កូរ៉េ​​ចំណុះ​២,៥តោន​​ ពណ៌​​ស​​នោះ​​ដឹក​អាច​ម៍ដី​​​ស្តារ​​ពី​ប្រព័ន្ធ​លូ​ នៅ​ម្តុំ​​សង្កាត់​បឹង​សាឡាង​​​​​យក​ទៅ​​ចាក់​នៅ​​សង្កាត់​​ស្ទឹង​មានជ័យ ​​បើក​បរ​ដោយ​​បុរស​ម្នាក់​​​ តាម​ផ្លូវ​​លេខ​​​២៥៥ ពីលិច​ទៅ​​កើត​​ឆ្ពោះ​​ទៅ​ផ្លូវ​លេខ​​​២៧១ ដែល​​ជា​ផ្លូវ​​ឡើង​​ចំណោត​ ។ លុះ​ពេល​ទៅ​​​ជិត​ដល់​​ផ្លូវ​កែង​​ ស្រាប់​តែ​មាន​​រថយន្ត​កូរ៉េ​១គ្រឿង​​​ទៀត​បើក​​​តាម​ផ្លូវ​​លេខ​​២៧១​ បត់​ចុះ​​​មក​​​ផ្លូវ​​​លេខ​​​២៥៥ ក្នុងទិសដៅ​​​បញ្ច្រាស​ទិស​​គ្នា​​ ។

ដោយ​សារតែ​​​ផ្លូវ​តូច​ចង្អៀត​​​រថយន្ត​​ធំ២មិន​​​អាចចៀស​គ្នា​​​បាន​​ ទើប​​​រថយន្ត​ដឹក​​ដី​​​ជាន់​ហ្វ្រាំង​​​ឈប់​​​នៅ​កន្លែង​​ចំណោត​​​ ដើម្បី​​ឱ្យ​រថយន្ត​​​កូរ៉េ​​នោះ​​បើក​ចុះ​​ទៅមុន តែ​ដោយ​សារ​​​រថយន្ត​​ដឹក​ដី​ធ្ងន់​​ក៏​​​រអិល​ថយក្រោយ​​ទៅ​កិន​​​លើ​ម៉ូតូ​​ស្តេប ពណ៌ក្រហម​លា​យ​ខ្មៅ​​មួយ​គ្រឿង​​ ចត​នៅ​​មុខ​ផ្ទះ​​​លេខ​​៥៥ ​និង​​កៀប​​ជាប់​ម៉ូតូ​​​វីវ៉ា​ ពណ៌ខ្មៅ​​មួយគ្រឿង​ទៀត​ចត​នៅមុខ​ផ្ទះ​​លេខ​​១ ។

ប្រភព​ដដែល​ប​ន្ត​​ទៀត​ថា ពេលដែល​រថយន្ត​រអិល​​ថយ​ក្រោយ​​នោះ​ មានម៉ូតូ​​១គ្រឿង​​​ជិះ​​គ្នា​​២​នាក់​​ បើ​ក​ពី​ក្រោយ​​រថយន្ត​​ ប៉ុន្តែ​​​សំណា​ងល្អ​​ពេល​​​​រថយន្ត​រអិល​​ថយក្រោយ​​ អ្នក​ឃើញ​​​ហេតុការណ៍​​បាន​ស្រែក​​ប្រាប់​ ទើប​​អ្នក​​បើក​ម៉ូតូ​នោះ​​​​​​​គេច​​ទៅ​ខាងស្តាំ​​ឡើង​​ទៅ​ផ្លូវ​​លេខ​​​២៧១ផុត​ទៅ ។ ចំណែក​​រថយន្ត​រអិល​​ទៅ​ខាង​​​ឆ្វេង​​​ដៃ​​ ទោះ​បី​​ជា​​អ្នក​បើក​បរ​​រថយន្ត​​បាន​បួង​ចង្កូត​​ និង​ជាន់​ហ្វ្រាំង​​អប​​យ៉ា​ងណាក៏ដោយ​​ ប៉ុន្តែ​​មិន​​​អាច​ទប់​​ឈ្នះ​​ ទើប​បណ្តាល​​​​ឱ្យ​រអិល​​សន្សឹម​ៗ​​ថយក្រោយ​​ទៅកិន​​ពីលើ​ម៉ូតូ​​ស្តេប​​កល់​ជាប់​ក្រោម​រថយន្ត​​ ហើយកៀប​ម៉ូតូ​​វីវ៉ាជាប់​​នឹង​ជញ្ជាំង​​ផ្ទះ រីឯ​គូទរថយន្ត​​ថយ​ទៅ​ប៉ះ​​នឹង​ផ្ទះ​លេខ​​​៥៥ បណ្តាល​​​ឱ្យ​បាក់​ជញ្ជាំង​​ និង​​វៀចទ្វារ​ដែកទ្រេត​​ទៅបោក​​នឹង​ជញ្ជាំង​​​ផ្ទះ​​មួយ​ទៀត​​ដែល​​នៅជាប់​គ្នា ។​​

ក្រោយ​ពេល​កើត​ហេតុ​​ ម៉ូតូ​វីវ៉ាដែល​ម្ចាស់ឈ្មោះ​​ ម៉ិច សុនី​​ ភេទប្រុស អាយុ​​២៩ឆ្នាំ ស្នាក់​នៅ​ផ្ទះ​​​ជួល​​លេខ​​​១ បាន​រង​ការខូច​ខាត​​ច្រើន​ជាង​​​ម៉ូតូ​ស្តេប​​ដែល​មានម្ចាស់​​​​ឈ្មោះ អឿង​ ឌី​ ភេទ​ប្រុស អាយុ​​​៤៧ឆ្នាំ ស្នាក់​នៅ​​ក្នុង​សង្កាត់​​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សីកែវ បាន​ជិះ​​មក​លេង​ផ្ទះ​ប្អូន លុះ​​​ពេលថ្ងៃ​​ក្តៅ​​​យក​ភួយ​​ទៅគ្រប​​​ពី​លើ​​ ត្រូវ​រថយន្ត​​កិន​នៅជាប់​​​ពី​ក្រោម​​កល់​​ជាប់​​រថយន្ត ។ ចំណែក​​ផ្ទះ​លេខ​​​​៥៥ដែល​​​នៅកណ្តាល​​​គេខូច​ខាត​​ច្រើនជាង​គេ​​ ម្ចាស់​ឈ្មោះ​​​ ប៉េង ផាវី​ ភេទស្រី​ អាយុ​​៣៥​ឆ្នាំ និង​​​ផ្ទះ​ចុង​ក្រោយ​​គេ​​ខូច​ខាត​ទ្រេត​​​ជញ្ជាំង​​ផ្ទះ​ខាងមុខ​​ ដោយ​សារទ្វារ​​ផ្ទះ​កណ្តាល​​​ទ្រេត​​​ទៅ​លើ​ ។ ម្ចាស់​ផ្ទះ​ក្រោយ​នេះ​​ ឈ្មោះ​ ប៉េង ថារឿន ភេទ​ស្រី​ អាយុ​​៣៧ឆ្នាំ​ ។

បន្ទាប់​​ពី​កើត​ហេតុ​​ ភាគី​ខាង​​​តំណាង​រថយន្ត​​ដឹក​ដី​​បាន​ចេញ​មុខ​​ធ្វើការ​ដោះ​ស្រាយ​​នៅ​កន្លែង​កើត​ហេតុ​​ ដោយ​​បាន​សង​​សំណង​ទៅ​ម៉ូតូ​​ទាំង​​​២គ្រឿង​​ចំនួន​​​២៥០ដុល្លារ​​ និង​ផ្ទះលេខ​​​១ចំនួន​​៥០ដុល្លារ​ ។ សង​​ផ្ទះ​​លេខ​​៥៥ ដែលនៅកណ្តាល​​​ ហើយ​ខូច​​ខាត​ច្រើន​ជាងគេ​​ចំនួន​​​៣៨០​ដុល្លារ​​ និងផ្ទះ​​​​ចុង​ក្រោយ​​គេ​​ចំនួន​​​៥០ដុល្លារ ៕