ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ពលករ​ខ្មែរ​​​3នាក់​ក្នុង​ចំណោម​13នាក់បញ្ជូន​ត្រឡប់​មកប្រទេស​វិញ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត​​ ៖ សព​ពលករ​​ខ្មែរ​ប្រុស​ស្រី​​​៣​នាក់​​ក្នុង​ចំណោម​​១៣​នាក់ ដែល​ស្លាប់​​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជា​បន្ត​បន្ទាប់​​នៅ​លើ​​​ទឹក​ដី​ថៃ​​នាចុង​ខែ​មេសា កន្លង​មក​​៣​លើក​ក្នុង​ខេត្ត​​២​ គឺ​ខេត្ត​​ប្រាជីន​បូរី និង​ខេត្ត​​ឆាក់​ឆឺងសៅ ត្រូវ​បាន​​បញ្ជូន​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត​​កាល​ពី​វេលា​ម៉ោង​​៧​យប់​​ថ្ងៃ​ទី​១ ឧសភា ។

សព​ទាំង​៣​​នោះ​​១-​ឈ្មោះ​ឡូយ ឡូ​ផារី ភេទ​ស្រី អាយុ​​១៦​ឆ្នាំ ២-​ ឈ្មោះ​យឿន រឿន ភេទ​ប្រុស អាយុ​៤៦ឆ្នាំ  និង​៣-​ឈ្មោះ​ចក់ តាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ សព​ឈ្មោះ​ឡូយ ឡូ​ផារី និង​ឈ្មោះ​​យឿន រឿន មាន​ទី​លំនៅ​ក្នុង​ភូមិ​រោង​​គោ ឃុំ​ចំណោម ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ ឯ​ឈ្មោះ​ចក់ តាក់​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​បឹង​រាំង​ ឃុំ​តា​ឡំ ស្រុក​មង្គល​បុរី ។

សព​ជន​រង​គ្រោះ​ទាំង​៣​​ត្រូវ​សាច់​ញាតិ​​​ និង​ក្រុម​គ្រួ​សារ​​ទៅ​​ទទួល​នៅ​វត្ត​បាលិលេយ្យ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​​ប៉ោយ​ប៉ែត​ ដោយ​សព​ត្រូវ​​​បូ​ជា​នៅ​ទី​នោះ​តែ​ម្តង ។
លោក​នេត ​សារី អគ្គ​កុង​ស៊ុល​ខ្មែរ​ប្រចាំ​​ខេត្ត​ស្រះ​កែវ​ ប្រទេសថៃ ​ប្រាប់​កោះ​សន្តិភាព ​ខណៈ​លោក​នាំ​សព​​ពី​ថៃ​មក​កម្ពុជា​​ថា សព​​​ជន​រង​គ្រោះ​​ជា​ពលករ​​ទាំង​អស់​​មាន​១៣​នាក់ និង​របួស​ធ្ងន់​ស្រាល​​ជាង​៣០​នាក់ ​ប៉ុន្តែ​អ្នក​របួស​ស្រាល​មួយ​ចំនួន​ត្រូវ​​ចេញ​ពី​មន្ទីរ​ពេទ្យ​​ហើយ ។ ​​​​​​​​​​​​នៅ​សល់​​អ្នក​របួស​ធ្ងន់​មួយ​​​ចំនួន​ធំ​កំពុង​​​​បន្ត​ការ​សម្រាក​​ព្យាបាល​​នៅ​ក្នុង​ខេត្ត​​២​ គឺ​ខេត្ត​​ឆាក់​ឆឺងសៅ និង​ខេត្ត​ប្រាជីន​បូរី ដែល​​ជា​កន្លែង​កើត​ហេតុ ។

ជុំវិញ​ការ​បញ្ជូន​សព​ត្រឡប់​មក​កម្ពុជា​​វិញ​នេះ ​លោក​នេត សារី ប្រាប់​ថា សព​ដែល​ពុំ​ទាន់​​​ស្គាល់​អត្តសញ្ញាណ​ ឬពុំ​​មាន​សាច់​ញាតិ​ចេញ​មុខទៅ​រក​ពុំ​ទាន់​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ទេ គឺ​បន្ត​តម្កល់​​នៅ​ឡើយ ដើម្បី​រង់​ចាំ​ការ​ផ្តល់​​អត្តសញ្ញាណ​ពី​ក្រុម​គ្រួសារ​ ឬ​សាច់​ញាតិ ។ ​ចំពោះ​ដំណោះ​ស្រាយ​​សព​ទាំង​៣នោះ​ ​​លោក​នេត​ សារី ប្រាប់​ថា ​នឹង​​ដោះ​ស្រាយ​​តាម​ក្រោយ​ព្រោះ​ពេល​​​នេះ​អ្នក​បើក​បរ​​​រថយន្ត​​បង្ក​​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​​គេច​ខ្លួន​បាត់​ទៅ​ហើយ។ ម៉្យាង​លោក​ថា ​ពលករ​រង​គ្រោះ​​ជា​ពលករ​​ខុស​ច្បាប់​ពិបាកទាម​ទារ​​រក​ការ​ទទួលខុស​ត្រូវ​​ណាស់។

សព​ជន​រង​គ្រោះ​​ទាំង​៣​​នាក់​នោះ​ លោក​នេត សារី ប្រាប់​ថា​ទទួល​រង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នា​ថ្ងៃ​ទី​២៨ មេសា នៅ​ភូមិ​វាំង​ថា​ឆាង ឃុំ​វាំង​ថាឆាង ស្រុក​កាប៊ីន​បូរី ខេត្ត​ប្រាជីន​បូរី ៕