ខេត្តបាត់ដំបង ៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ពីផ្លូវបន្ទាប់ពីមានភ្លៀងរលឹមកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី១ ឧសភា លើផ្លូវជាតិលេខ៥ត្រង់ផ្លូវកោង ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។ អ្វីដែលធ្វើឱ្យអ្នកដំណើរភ្ញាក់ផ្អើលពេញរថយន្តនោះ គឺបន្ទាប់ពីគេឃើញអ្នកបើករថយន្តដោះខ្សែក្រវាត់ចេញរត់ទៅក្រោយ ពេលឃើញរថយន្តរបស់ខ្លួនតម្រង់បុកបង្គោលខ្សែកាប ។
មន្ត្រីនគរបាលចរាចរណ៍និយាយថា ឧប្បត្តិហេតុនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរទេ ប៉ុន្តែរថយន្តខូចខាតផ្នែកខាងមុខដោយសារបុកដើមក្ងោក និងបុកបង្គោលខ្សែកាបអុបទិច ។ រថយន្តនេះបើកដល់ផ្លូវកោង ក៏រអិលធ្លាក់ចេញពីផ្លូវជាតិទៅខាងឆ្វេងដៃពេលមានភ្លៀងរលឹម ។
ឈ្មោះអ្នកបើករថយន្តដែលដឹកអ្នកដំណើរពីខេត្តបាត់ដំបងទៅភ្នំពេញនេះគេមិនស្គាល់ទេ ។ សាក្សីស្រង់សម្តីអ្នកបើកបរថា ពេលប៉ះនឹងផ្លូវរអិលត្រង់ចំណុចផ្លូវកោង ស្រាប់តែគាត់បញ្ជាចង្កូតលែងបាន ។ រថយន្តបើកមិនសូវលឿនទេ តែពេលជួបអាសន្នបែបនេះគាត់ហាក់ដូចជាបាត់បង់ម្ចាស់ការ ។
តាមការបំភ្លឺពីអ្នកដំណើរថា អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺនៅពេលឃើញអ្នកបើកបរដោះខ្សែក្រវាត់ចេញ រួចងើបពីកៅអីរត់ទៅខាងក្រោយ ។ ពេលរថយន្តរេចង្កូតទៅខាងឆ្វេងបានបុកដើមក្ងោកបាក់មួយដើម រួចជ្រុលលឿនស្លេវតម្រង់ទៅបង្គោលខ្សែកាបអុបទិចទៀត ។ ឃើញដូច្នេះដោយខ្លាចស្លាប់ ទើបអ្នកបើកបរប្រញាប់ដោះខ្សែក្រវាត់ចេញស្ទុះងើបពីកៅអីរត់ទៅខាងក្រោយជាមួយអ្នកដំណើរ ។ ទាំងអ្នកដំណើរ ទាំងអ្នកបើកបរអះអាងថា រថយន្តបើកមិនសូវលឿនទេ ។ នៅកន្លែងកើតហេតុគេឮមេការរបស់ក្រុមហ៊ុនស្តីបន្ទោសអ្នកបើកបរថា «មិនបាច់ប្រកែកទេ ច្បាស់ជាបើកលឿនហើយបានជារអិលធ្លាក់ពីផ្លូវបែបនេះ» ។
ទោះជាយ៉ាងណាក្តីសមត្ថកិច្ចជំនាញមិនបាននាំយករថយន្តនោះទៅការិយាល័យជំនាញទេ ដោយហេតុថា ករណីនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ តែគេបានស្តីបន្ទោសថា អ្នកបើកបរមិនគួរលែងដៃចង្កូតចោលរត់យករួចខ្លួនបែបនេះទេ ព្រោះអាចគ្រោះថ្នាក់ដល់អ្នកដំណើរ ៕


ចែករំលែកព័តមាននេះ