រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូ ពណ៌ត្រេអ៊ីមួយគ្រឿង បានបើកបុកម៉ូតូពីក្រោយរួចកិនជាប់ក្រោមរថយន្តអូសចំនួន១២ម៉ែត្រ ទើបទៅមុខលែងរួច ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ថ្ងៃទី១ ឧសភា នៅមុខក្រុមហ៊ុនណូគា តាមផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បណ្តាលឱ្យម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី២០១០មួយគ្រឿងរងការខូចខាតស្ទើរតែទាំងស្រុង ឯអ្នកបើកបររងរបួសស្រាល ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីមសេ១២៥ខាងលើបានធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាជាមួយរថយន្តម៉ាកហ៊ីណូ ពណ៌ត្រេអ៊ី ។ នៅពេលធ្វើដំណើរមកដល់ស្តុបមុខក្រុមហ៊ុនណូគា ម៉ូតូបានឈប់ស្តុបហើយនៅពេលភ្លើងខៀវម៉ូតូប្រុងបើកចេញស្រាប់តែរថយន្តនោះមកបុកពីក្រោយហើយកិនជាប់ក្រោមរថយន្តនិងអូសប្រវែង១២ម៉ែត្រទើបឈប់ ។ ចំណែកអ្នកជិះម៉ូតូសំណាងល្អបានខ្ទាតចេញពីមុខរថយន្តរងរបួសស្រាល។
ក្រោយពេលកើតហេតុ ចរាចរណ៍នៅទីនោះបានកកស្ទះប្រមាណកន្លះម៉ោង ហើយត្រូវបានប៉ូលិសគោលដៅនិងប៉ូលិសមូលដ្ឋានខណ្ឌទួលគោកចុះទៅវាស់វែងអូសម៉ូតូចេញពីក្រោមរថយន្តដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕



ចែករំលែកព័តមាននេះ