រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជាបានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជរាជធានីភ្នំពេញលើកទីមួយនៅម៉ោង៩ព្រឹកសម្រាប់ថ្ងៃទី២ ឧសភា ២០១២ នេះ ដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរលើកទីមួយនេះ បានធ្លាក់ចុះមកនៅត្រឹម៧.៦០០រៀល ដែលធៀបទៅនឹងតម្លៃកាលពីថ្ងៃម្សិលមិញ៨.០០០មានការធ្លាក់ចុះប្រមាណ៥,០០% ត្រូវនឹង៤០០រៀល ចំណែកឯទំហំនៃការជួញដូរវិញមានអត្រា១៣.៣១៣ភាគហ៊ុន ត្រូវនឹងតម្លៃជួញដូរ១០១.១៧៨.៨០០រៀល ។
ចំណែកលទ្ធផលការទិញលក់លើកទីពីរនៅម៉ោង១១ និង៣០នាទីព្រឹកដែលជាលទ្ធផលចុងក្រោយសម្រាប់ថ្ងៃទី២ ឧសភា ២០១២នេះ ត្រូវបានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរលើកទីពីរនេះមានការនៅនឹងដដែល គឺនៅត្រឹមតម្លៃ៧.៦០០រៀល ចំណែកឯទំហំនៃការជួញដូរវិញ មានអត្រា១៧.០៩៧ភាគហ៊ុន និងតម្លៃជួញដូរសរុប១២៩.៩៣៧.២០០រៀល ។
មូលហេតុដែលតម្លៃមូលបត្ររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមានការធ្លាក់ ពីព្រោះអត្រាចំនួនវិនិយោគិនដែលទិញបានហ៊ុនហើយ ត្រូវការដាក់លក់ភាគហ៊ុនរបស់ខ្លួនវិញ មានចំនួនច្រើន ។ ផ្ទុយទៅវិញអត្រាចំនួនវិនិយោគគិនដែលមានចំណាប់អារម្មណ៍ចង់ទិញមូលបត្រថ្មីមានចំនួនតិច ៕
ចែករំលែកព័តមាននេះ