ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវជ្រាវ​ថ្មី​សង្ឃឹម​សម្រាប់​ជួ​យ​សង្គ្រោះ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​

14 ឆ្នាំ មុន

ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​​ ៖ គណៈ​កម្ម​ការអភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ រដ្ឋ​បាល​ជល​ផល​នៃក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និងអង្គការ​WWFកំពុង​អនុវត្ត​គម្រោង​ស្រាវ​ជ្រាវ​សាក ល្បង​មួយ​ នៅក្នុង​តំបន់​អន្លង់សត្វ​ផ្សោត​កាំពី​ទន្លេ​មេគង្គ​ ដោយ​ប្រើ​វិធី​សាស្ត្រ​ថ្មី​គឺ ការច្បិច​យក​សំណាក​ជាលិកាស្បែក​ពីសត្វ​ផ្សោត​​ដែល​កំពុង​រស់​នៅ​ក្នុងទន្លេ​សម្រាប់​ធ្វើ​ការវិភាគ​ ។ ​ការ សិក្សា​​ស្រាវជ្រាវ​នេះ​​គេចាប់​អនុវត្ត​ពី​ថ្ងៃទី​២៦ មេសា​ ​រហូត​ដល់​ដំណាច់​ខែ​ឧសភា​​ ឆ្នាំ​២០១២​ ហើយ​វា​នឹង​ផ្តល់​ព័ត៌​មាន​សំខាន់​ៗ​សម្រាប់​ការ​អភិរក្ស​សត្វ​ផ្សោត​ នៅក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​ និង​សត្វ​ផ្សោត​ដែ​លរស់​នៅ​តំបន់​ព្រំ​ប្រទល់​កម្ពុជា​-ឡាវ​។

ក្រោម​កិច្ចសហការជាមួយ​អ្នក​ជំនាញ​ម​ក​ពី​រដ្ឋបា​ល​ជាតិ​គ្រប់​គ្រង​សមុទ្រ​ និងបរិយាកាស​នៃ​សហរដ្ឋអាមេរិក​ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រមូល​សំណាក​ជាលិកា​ស្បែក​ពី​សត្វ​ផ្សោត​ចំនួន​៣​ក្បាល​​ដែលហែល​នៅក្នុង​ទន្លេ​មេគង្គ​ ។ ​​ការ​​អនុវត្ត​​វិធី​សាស្ត្រ​ស្រាវជ្រាវ​នេះ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​ដោយ​អ្នក​ក្រុម​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ ដែល​មាន​ប​ទពិសោធ​ន៍ច្រើន​ឆា្នំ​ ដូច្នេះ​ទើប​ការយក​សំណាក​ជាលិកា​ពី​សត្វ​ផ្សោត​ ដែល​ហែល​ក្នុងទឹក​អាច​ប្រព្រឹត្ត​ទៅ​បានដោយ​សុវត្ថិភាព​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ។ វិធី​សាស្ត្រ​ស្រាវ​ជ្រាវ​នេះ​ជាបច្ចេក​ទេស​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​កម្រិត​ស្តង់​ដា​រអន្តរជាតិ​ ។

លោក​បណ្ឌិត​ Robert  Pitman ប្រធាន​ក្រុ​ម​ស្រាវ​ជ្រាវ​​នៃរដ្ឋបា​ល​ជាតិ​គ្រប់​គ្រង​សមុទ្រ​ និង​បរិយាកាស​បាន​និយាយ​ថា​ «​យើង​ប្រើ​កាំភ្លើង​ខ្យល់​ ជាមួយ​នឹង​ផ្លែ​ព្រួញ​ពិសេស​ ដែល​ត្រូវបាន​អ្នក​វិទ្យាសាស្ត្រ​​រចនា​ឡើង​សម្រាប់​ការ​ស្រាវ​ជ្រាវ​នេះ​ ក្នុងការបាញ់​សំដៅ​សត្វ​ផ្សោត​ ដែល​ហែល​នៅ​ចម្ងាយ​ប្រមាណ​​១៥​ម៉ែត្រ​ពីទូក​អ្នក​ស្រាវ​ជ្រាវ​ ដើម្បី​ច្បិច​យ​ក​សំណាក​ជាលិកា​ស្បែក​​ ។ អ្នក​វិទ្យាសាស្ត្រ​បាន​រចនា​ផ្លែព្រួញ​​តូច​ពិសេស​នេះ​ឡើង​សម្រាប់​តែគោលដៅ​ស្រាវ​ជ្រាវ​ដើម្បី​ការពារសត្វ​ផ្សោត​ ហើយ​ផ្លែព្រួញ​នេះ​មិន​អាច​រត់​ចូល​លើ​ស្រទាប់​ជាតិ​ខ្លាញ់​របស់​សត្វ​ផ្សោត​បាន​ឡើយ​ ។ ​គេត្រូវ​ការយក​សំណាក​ជា​លិកា​ស្បែក​ចំនួន​តិ​ចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​នូវ​ព័ត៌​មាន​សំខាន់​ៗ​ដែល​ត្រូវការ​» ។

ការប្រមូល​សំណាក​ជាលិកា​ស្បែក​ពី​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ មាន​សារ​សំខាន់​ណាស់​ ដើម្បី​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​ទទួល​បាន​នូវ​ព័ត៌​មាន​អំពី​ភេទ​ និងលក្ខខណ្ឌ​បន្តពូជ​​ អំពី​ចំនួន​ និងសកម្ម​ភាពរស់​នៅ​ប្រចាំថ្ងៃ​របស់​សត្វ​ផ្សោត​ ព្រម​ទាំង​ព័ត៌​មាន​ស្តី​ពី​កម្រិត​នៃ​ជាតិ​ពុល​នៅក្នុ​ង​សរី​រាង្គ​របស់វា​ ។ រាល់​សំណាក​ជាលិកា​ស្បែ​ក​ទាំង​អស់​ដែល​ត្រូវ​គេប្រមូល​បាន​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ពីបេសុពេទ្យ​ជំនាញ​សត្វ​ផ្សោត​ ។ ​នៅ​ក្នុងក្រប​ខណ្ឌ​នៃដំណើរ​ការស្រាវ​ជ្រាវ​នេះ​ សំណាក​ជាលិកា​ស្បែក​ទាំង អស់​នឹង​ត្រូវ​​គេបញ្ជូន​ទៅកាន់​មន្ទីរ​ពិសោធន៍​នៅក្រៅ​​ប្រទេស​ សម្រាប់​ការវិភាគ​ ។

លោក​ទូច​ ស៊ាង​តាណ​ា​ ប្រធាន​គណៈ​កម្ម​ការ​​អភិរក្ស​ និងអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ​​បាន​និយាយ​ថា​ ​«​ព័ត៌​មាន​ដែ​ល​យើង​នឹងទទួល​បាន​ពី​ការស្រាវ​ជ្រាវ​នេះមាន​តម្លៃ​ណាស់​ ព្រោះ​វា​នឹង​ផ្តល់​ឱ្យយើង​នូវ​ការ​យល់​ដឹង​មួយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ អំពី​សត្វ​ជានិមិត្ត​រូប​មួយ​នេះ​ ដើម្បី​កំណត់​វិធាន​ការអភិរក្ស​សម​ស្រប​ សម្រាប់​ការពារ​ចំនួន​សត្វ​ផ្សោត​ដែ​ល​នៅ​សេស​សល់​ឱ្យរួច​ផុតពី​ការ​ឈាន​ទៅផុតពូជ​ និងដើម្បី​ឱ្យ​ចំនួន​វាកើន​ឡើង​វិញ»​។

សត្វ​ផ្សោត​នៅ​ក្នុងទន្លេ​មេគង្គ​ត្រូវបានគេចាត់​ថ្នាក់​ជាប្រភេទ​សត្វ​កំពុង​រង​គ្រោះ​ថ្នាក់ជិត​ផុតពូជ​នៅ​ក្នុងបញ្ជី​ក្រហម​របស់​អង្គការ​IUCN និងក្នុង​ឧប​សម្ព័ន្ធ​ទី​១​ នៃ​អនុសញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជ​កម្ម​ជាអន្តរជាតិ​លើ​ប្រភេទសត្វ​ និង​រុក្ខជាតិ​កំពុង​រងគ្រោះ​​ហៅ​កាត់​ថា​ CITES ​ដែល​​សុទ្ធ​សឹង​ជាទម្រង់​អន្តរជាតិ​ខ្ពស់​ជាង​គេ​នៃ​ការ​ចាត់​ថ្នាក់​ប្រភេទ​សត្វ​កំពុង​រង​គ្រោះ​ ។ សត្វ​ផ្សោត​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​អនុក្រឹត្យ​​នៃ​ប្រទេស​កម្ពុជា​ ស្តីពី​ការកំណត់​អត្ត​សញ្ញាណ​ប្រភេទ​ធន​ធាន​ជល​ផល​កំពុង​រង​គ្រោះ​ផង​ដែរ​ ។ ការប៉ាន់​ប្រមាណ​ចំនួន​សត្វ​ផ្សោត​ចុង​ក្រោយ​បង្អស់​ធ្វើ​ឡើង​ដោយ​អង្គ​ការ​WWF  ​បាន​បង្ហាញថា​ ​មានសត្វ​ផ្សោត​ពេញ​វ័យ​ចំនួន​តិច​ជាង​១០០​ក្បាល​ កំពុង​រស់​នៅ​ក្នុង​ទន្លេមេគង្គ​​ ហើយ​អត្រា​នៃ​ការរស់​រាន​របស់​កូន​ផ្សោត​រហូត​មាន​វ័យ​ជំទង់​មាន​កម្រិត​ទាប​ ។ មាន​ភស្តុ​តាង​គ្រប់​គ្រាន់​អាច​បង្ហាញ​ថា​សត្វ​ផ្សោត​កំពុង​រង​គ្រោះ​​ថ្នាក់​ឈាន​ទៅផុត​ពូជ​ ។

លោក​បណ្ឌិត​ណៅ​ ធួក​ អគ្គ​នាយក​នៃ​រដ្ឋ​បាល​​ជល​ផល​ បាន​មាន​ប្រសាសន៍​ថា​ «​លទ្ធ​ផល​នៃ​ការស្រាវ​ជ្រាវ​នឹងផ្តល់​នូវព័ត៌​មាន​​ដ៏​មាន​តម្លៃ​ដល់​រដ្ឋ​បាល​ជល​ផល​ ដើម្បី​រៀប​ចំ​វិធាន​ការគ្រប់​គ្រង​​សម​ស្រប​សម្រាប់​អភិរក្ស​ថនិកសត្វ​ដ៏​មា​​ន​តម្លៃ​នេះ​» ។ ការ​ជាប់​ដោយ​ចៃ​ដន្យ​នឹង​មង​នេសាទ​ ត្រូវ​បាន​គេចាត់​ទុក​ថា​ជាមូល​ហេតុ​ចម្បង​ដែល​បណ្តាល​​ឱ្យ​សត្វ​ផ្សោត​ពេញ​វ័យ​ស្លាប់​។ ការ​នេសាទ​ដោយ​ប្រើ​មង​ក្នុងតំបន់​ទី​ជម្រក​សំខាន់​ៗ​របស់​សត្វ​ផ្សោត​​នឹង​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អនុក្រឹត្យ​​ដ៏​ថ្មី​មួយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែលនឹង​ចូល​ជាធរមាន​នាពេល​ដ៏​ខ្លីខាងមុខ​ ។ ទោះ​បីជាយ៉ាងណា​ក៏ដោយ​មូល​ហេតុ​នៃការ​ងាប់​ក្នុង​អត្រា​ដ៏​ខ្ពស់​របស់​កូន​សត្វ​ផ្សោត​​ នៅ​មិន​ទាន​់​មា​ន​ភាព​ច្បាស់​លាស់​នៅឡើយ​ ហើយ​គេរំពឹង​ថា​កិច្ច​ការ​ស្រាវ​ជ្រាវ​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មី​នេះ​ នឹង​ជួយ​ផ្តល់​ជាបច្ច័យ​។

លោក​សេង​ ទៀក​ នាយក​អង្គការ​WWF  ​កម្ពុជា​បាននិយាយ​ថា ​«​យើង​ជឿ​ជាក់​ថា​ សកម្មភាព​អភិរក្ស​ដែ​លអនុវត្ត​ដោយ​គណៈ​កម្មការ​អភិរក្ស​សត្វ​ផ្សោត​ រដ្ឋបាល​ជល​ផល​ និង​អង្គ​កា​ WWF ​នឹងផ្តល់​នូវ​ការ​យល់​​ដឹង​ឱ្យកាន់​តែច្បាស់ថែម​ទៀត​អំពី​ចំនួន​សរុប​នៃ​សត្វ​ផ្សោត​​ និង​មូល​ហេតុ​ដែល​បណ្តាល​​ឱ្យ​កូន​ផ្សោតងាប់​»។

ការសិក្សា​ស្រាវជ្រាវ​អំពីសត្វ​ផ្សោ​ត​ដែល​កំពុងប្រព្រឹត្ត​នៅនាពេលនេះ​ ឆ្លុះ​បញ្ជាំង​ពីការ​អនុវត្ត​សេចក្តីថ្លែង​ការណ៍ក្រចេះ​ស្តីពី​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ដែល​ត្រូវ​បានចុះ​ហត្ថ​លេខា​រួម​គ្នា​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១២​​ ដោយ​គណៈកម្មការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ទេស​ចរណ៍​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​ រដ្ឋបាល​ជល​ផល​ និង​អង្គការ​WWF បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​នៃ​ក្រុម​អ្នក​ជំនាញ​ការ​សត្វ​ផ្សោត​ជាតិ​ និង​អន្តរជាតិ​ បានបញ្ចប់​ដែល​កិច្ច​ប្រជុំ​បាន​ពិភាក្សា​ពីសកម្ម​ភាព​អភិ​រក្ស​បន្ទាន់​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុតពូ​ជ​។

សេចក្តី​ថ្លែង​ការណ៍ក្រចេះ​ ​បាន​ដាក់​បញ្ជូល​នូវ​អនុសាសន៍​សំខាន់ៗ​សម្រាប់​ការអភិរក្ស​បន្ទាន់​រួម​មាន​ ការប្រើ​បច្ចេក​​វិទ្យា​ និងវិធី​ស្រាវ​ជ្រាវ​ថ្មី​ៗ​​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សកម្មភាព​សត្វ​ផ្សោត​ ចំនួន​ និងមូល​ហេតុ​នៃការស្លាប់​របស់​វា​ កាត់បន្ថយ​មកនៅ​កម្រិត​ទាប​ ឬ​លុប​បំបាត់់​នូវ​ការ​ស្លាប់​របស់​សត្វ​​ផ្សោត​ដែល​បណ្តាល​មក​ពី​មង​នេសាទ​ តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​​ និងការ​ត្រួត​ពិនិត្យ​ ការលើ​ក​ទឹក​ចិត្ត​ប្រជាជន​​សហគមន៍​មូល​ដ្ឋាន​ឱ្យ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​អភិរក្ស​សត្វ​ផ្សោត​ ។
អនុក្រឹត្យ​ថ្មី​មួយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​អនុម័ត​​កាលពី​ដើម​ឆ្នាំ​២០១២​ ហាមឃាត់​ការប្រើ​ប្រាស់​មង​ក្នុង​​ជម្រក​សំខាន់​ៗ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ ក្នុងចម្ងាយ​១៩០​គីឡូម៉ែត្រ​ ស្ថិតក្នុង​ចន្លោះ​ពីទី​ក្រុង​ក្រចេះ​ រហូត​ទៅ​ដល់​ព្រំ​ប្រទល់​ឡាវ​ ។

សត្វផ្សោត​ទន្លេមេគង្គ​ជាសត្វ​មួយ​ប្រភេទ​ស្ថិត​ក្នុង​ចំណោម​សត្វ​ជល​ផល​កំពុង​រងគ្រោះ​ទាំងអស់​ចំនួន​៥៨​ប្រភេទ​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញ​លេញ​ដោយ​ច្បាប​់​របស់​ប្រទេស​កម្ពុជា​និង​ឡាវ​ ៕