រាជធានីភ្នំពេញ ៖ រថយន្ដហ្វ័ររ៉េន័រពណ៌ត្រេអ៊ី បានបោះពួយបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ បណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូរងរបួសជាទម្ងន់ សន្លប់បាត់ស្មារតីនៅលើផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី២៩ មេសា ២០១២។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានបើកម៉ូតូឌ្រីមសេ១២៥ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច ។ លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្ដហ្វ័ររ៉េន័របើកបរដោយបុរសម្នាក់ពីលិចទៅកើតបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនផងនោះបានមកបុកចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររងរបួសជាទម្ងន់ដេកស្ដូកនៅលើផ្លូវតែម្ដង។
ប្រភពបន្ដឱ្យដឹងទៀតថា ក្រោយពីបង្កគ្រោះថ្នាក់រថយន្ដបានបើកចូលផ្លូវលំគេចខ្លួនបាត់ស្រមោល។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកឯកជន។ ចំពោះម៉ូតូត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕
ចែករំលែកព័តមាននេះ