ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវគេអះអាងថា ដួលប្រកាច់ឈ្លក់ស្លាប់ក្នុងទឹកត្រពាំងក្បែរផ្ទះរបស់ខ្លួនដែលមានជម្រៅប្រមាណត្រឹមក្បាលជង្គង់ ខណៈដែលបុរសនោះបានចុះទៅបេះកញ្ឆែត ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីរសៀលថ្ងៃទី២៦ មេសា នៅផ្ទះជួលភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។
មន្ត្រីសមត្ថកិច្ចឱ្យដឹងនៅព្រឹកថ្ងៃទី២៧ មេសា ថា ជនរងគ្រោះឈ្មោះ ពៀ ពី អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងប្រពន្ធឈ្មោះ រស់ ឌឿន អាយុ៣៣ឆ្នាំ ជាកម្មការិនីកាត់ដេរនៅរោងចក្ររាជធានីភ្នំពេញ ។ ប្រភពបន្តថា គ្រួសារនេះបានមកស្នាក់នៅក្នុងភូមិកាប់ទូក ដោយបានជួលផ្ទះស្នាក់នៅជាងមួយឆ្នាំហើយ ។ នៅល្ងាចថ្ងៃទី២៦ មេសា ពេលប្រពន្ធត្រឡប់ពីធ្វើការរោងចក្រវិញមកដល់ផ្ទះពុំឃើញប្តី ក៏ដើររកមើលជុំវិញផ្ទះ ទើបប្រទះឃើញស្បែកជើងប្តីមួយគូនៅមាត់ត្រពាំង លុះក្រឡេកទៅក្នុងត្រពាំង ស្រាប់តែឃើញកូនកាធុនមួយដាក់ត្រួយកញ្ឆែត ។ ដោយសង្ស័យប្តីធ្លាក់ទឹកស្លាប់ ក៏រត់ទៅហៅឈ្មោះពៀ សំបូរ ជាប្អូនបង្កើតរបស់ប្តីដែលនៅ ក្នុងភូមិមកចុះរាវ ទើបឃើញប្តីស្លាប់បាត់ទៅហើយ ក៏ ទ្រហោយំដោយក្តីស្តាយស្រណោះបំផុតនៅមាត់ត្រពាំង។ គ្រោះអកុសលនេះ ធ្វើឱ្យផ្អើលអ្នកភូមិជួយស្រង់សពមកដាក់លើគោក ដើម្បីឱ្យប៉ូលិសជំនាញធ្វើកោសល្យវិច័យ ។
ក្រោយការពិនិត្យសមត្ថកិច្ចសន្និដ្ឋានថា បុរសនោះប្រកាច់ស្លាប់ក្នុងទឹក ដោយសំអាងគាត់កើតរោគនេះជាយូរមកហើយ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ