រាជធានីភ្នំពេញ ៖ ស្ថាប័នស្វយ័តរបស់រដ្ឋ គឺកំពង់ផែស្វយ័តអន្តរជាតិ ខេត្តព្រះសីហនុ និងទូរគមនាគមន៍កម្ពុជា កំពុងត្រៀមខ្លួនបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ នេះ ។ តាមប្រភពព័ត៌មានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែជំរុញឱ្យស្ថាប័នស្វយ័តទាំងពីរខាងលើ ឈានជើងចូលក្នុងផ្សារមូលបត្រកម្ពុជាទន្ទឹមគ្នាទៅនឹងស្ថាប័នស្វយ័ត រដ្ឋាករទឹករាជធានីភ្នំពេញ ដែលកំពុងដាក់ចរាចរមូលបត្ររបស់ខ្លួនក្នុងទីផ្សារមូលបត្រកម្ពុជា ប៉ុន្តែស្ថាប័នទាំងពីរនេះមិនទាន់រៀបចំខ្លួនរួចរាល់ ក្នុងការដាក់ចរាចរនូវមូលបត្ររបស់ខ្លួនទើបធ្វើឱ្យក្រុមហ៊ុនទាំងពីរនេះ ត្រូវបោះជំហានចូលតាមក្រោយ ។
គួរបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន «សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬធ្វើការទិញ-លក់មូលបត្រ» ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម ៕




ចែករំលែកព័តមាននេះ