ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​ម៉ូតូ​បាញ់​ត្រូវ​ជើង​គ្នា​ឯងរបួស​រត់​អត់រួច​ចាប់​បាន​ម្នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ជន​សង្ស័យ​ចោរ​ប្លន់​​​ម្នាក់ក្នុង​ចំណោម​បក្ស​ពួក​​២​នាក់ ត្រូវ​បាន​​​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ចាប់​ខ្លួន​បាន​​ កាលពី​វេលា​ម៉ោង​​១២​និង​១៥នាទី រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៣ មេសា​ នៅ​ចំណុច​ផ្លូវ​លេខ​៥១៤ សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​ប​ន្ទាប់ពីរូប​គេ និង​បក្សពួកបាន​​ធ្វើ​សកម្ម​ភាព​​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​​ហ្វីណូ​ ពណ៌​ស​លាយ​ខ្មៅ មួយគ្រឿង ពីនារីម្នាក់​​មិន​បាន​សម្រេច​​ ហើយ​ត្រូវបក្ស​ពួក​គេបាញ់នារីនោះ ​ចៃ​ដន្យ​​គ្រាប់​​ប្លាត​ទៅ​ត្រូវ​ជើង​របស់​គេបណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ទើបរត់មិន​រួច​​ក៏​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​បាន​តែម្តង ។​

ជន​សង្ស័​​យដែល​ត្រូវសមត្ថកិច្ច​​ចាប់​ខ្លួន​បាន​ដោយ​​របួស​ធ្ងន់​នោះ ​ឈ្មោះ​ ម៉ុន សុហាក់​ ​អាយុ​២៩ឆ្នាំ​ ​​ស្នាក់នៅ​ផ្ទះ​ជួល​ ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​។ មុន​ពេល​ត្រូវចាប់​ឃាត់​ខ្លួន​ ជន​សង្ស័យម្នាក់នេះ ​បាន​ជិះ​ម៉ូតូ​​​ម៉ាក​ស្មាស់​ ពណ៌​​ខ្មៅ​ មួយគ្រឿងដើរប្លន់ជាមួយ​បក្ស​ពួក​ម្នាក់​ទៀត​ ​ដែល​បានរត់​គេច​ខ្លួន​​បាត់នោះ​ ​។ លុះ​ជិះ​មក​ដល់​ផ្លូវ​លេខ​៥១៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការ​មន បាន​កៀរ​ម៉ូតូ​​ម៉ាក​ហ្វីណូ ​ដែលជិះ​ដោយ​នារី​មា្នក់​​​ឈ្មោះ ​ជឹម ​សុជាតា ​​អាយុ​២១​ឆា្នំ​ ​ខណៈ​​ដែល​នារី​នោះ​​ធ្វើដំណើរ​ត្រឡប់​មកពី​ធ្វើការ​​​ពេល​យប់​ឆ្ពោះ​ទៅផ្ទះ​ ។​ ពេល​នោះ​ដោយ​​ដឹងថា ​ចោរ​កំពុង​តាម​ប្លន់​ម៉ូតូ​ខ្លួន​​​ នារី​ម្ចាស់​ម៉ូតូ​​បាន​ព្យា​យាម​បង្កើន​ល្បឿន​​គេច​ពី​ពួក​​ចោរនេះ ទើប​ចោរបាញ់​​​មួយ​គ្រាប់​​សំដៅ​​ទៅ​​នាង​​​ តែ​សំណាងល្អ​មិន​ត្រូវ​ ហើយ​គ្រាប់​នោះ​បាន​ប្លាត​ទៅ​​ត្រូវចំ​ជើង​ស្តាំ​របស់​ឈ្មោះ ម៉ុន សុហាក់​ របួស​ធ្ងន់​រត់ទៅណា​មិន​រួច​ ។ ខណៈ​​នោះដែរ ប៉ូលិស​​មូល​ដ្ឋាន​ដែល​កំពុង​​ល្បាត​​ពេល​​ឮ​​ស្នូរគ្រាប់កាំ​ភ្លើង​ក៏​បានមក​ដល់​​ភ្លាមៗក្របួច​បាន​ឈ្មោះ ម៉ុន សុហាក់​  និង​ដក​​ហូត​បាន​ម៉ូតូ​មួយ​គ្រឿង​​ដែល​គេជិះ​ធ្វើ​សកម្ម​ភាព​​ ។​ រីឯបក្ស​ពួក​ម្នាក់​ទៀតបាន​រត់​​គេច​ខ្លួន​បាត់​​មុន​ពេល​ប៉ូលិស​​មក​ដល់​ ។​

នៅចំពោះ​មុខ​សមត្ថកិច្ច​​ឈ្មោះ ម៉ុន សុហាក់​ ​បាន​សារភាព​​ថា ខ្លួន​ពិត​ជា​បាន​​ធ្វើ​សកម្ម​ភាព​​ប្លន់​ម៉ូតូ​​នារី​ឈ្មោះ ​ជឹម សុជាតា​ ​ប្រាកដ​មែនជាមួយ​បក្សពួក​​ដែល​បាន​រត់​គេច​​ខ្លួនជាមួយកាំភ្លើង​ខ្លី​មួយដើម ។បច្ចុប្បន្ន​​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​​​នគរបាល​​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​កសាង​សំណុំ​រឿង​បញ្ជូន​​ខ្លួន​ទៅ​កាន់​​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​​​ដើម្បី​ចាត់​ការ​​បន្ត​តាម​ផ្លូវ​ច្បាប់​ ៕