រាជធានីភ្នំពេញ ៖បុរសពីរនាក់ត្រូវប៉ូលិស ប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោកចាប់ខ្លួនកាលពី វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៧ មេសាបន្ទាប់ពីធ្វើសកម្មភាពចូលក្នុងហាងលក់ ផលិតផលថែសម្ផស្សដែលមានទីតាំងនៅផ្ទះ លេខ៤៤D ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកលួចយកទូរស័ព្ទម៉ាកអាយហ្វូន មួយគ្រឿងពីអ្នកលក់។
ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះ មាស ស៊ីនួន អាយុ២៩ឆ្នាំ មានលំនៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ២-ឈ្មោះផន សុផាត ហៅង៉ោល អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណៃ ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកលក់ផលិតផលថែសម្ផស្សស្នាក់នៅផ្ទះលេខ៤៤D ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួគោក ។ តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណៃ កំពុងអង្គុយលក់ផលិតផលថែសម្ផស្សនៅក្នុងហាងចំណុចខាងលើ និងទុកទូរស័ព្ទម៉ាកអាយហ្វូនបញ្ចូលថ្មនៅកន្លែងលក់ ។ ពេលនោះមានជនសង្ស័យម្នាក់ឈ្មោះមាស ស៊ីនួន បានចូលទៅសួរនាំរកទិញឡេសម្រាប់លាបបំបាត់សង្វាពោះនិងក្រែមលាបមុខ ។
នៅពេលដែលអ្នកលក់រវល់រើយកផលិតផលឱ្យមើលស្រាប់តែជននោះបានធ្វើសកម្មភាពលួចយកទូរស័ព្ទហើយរត់ឡើងជិះម៉ូតូបក្សពួកឈ្មោះផន សុផាត ដែលកំពុងឈប់ចាំហើយបើករត់ក៏ត្រូវម្ចាស់ស្រែកឆោឡោផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ដែលល្បាតដេញចាប់បានទាំងពីរនាក់និងដកហូតទូរស័ព្ទមកប្រគល់ឱ្យម្ចាស់វិញ ឯជនសង្ស័យត្រូវបានចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ