ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ស៊ីន​ទ្រី​សោក​ស្តាយ​ចំពោះ​កំណើន​គំនរ​សំរាម​ឆ្នាំ​នេះ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស៊ីនទ្រីបាន​សម្តែងនូវការសោកស្តាយចំពោះបញ្ហាកំណើន គំនរសំរាមនៅគ្រប់កន្លែងក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យប៉ះ​ពាល់សោភ័ណ​ភាព​ទី​ក្រុង និងជា ពិសេសមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋថែម​ទៀតក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែរបីថ្ងៃរួច​មក ។ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា នឹងប្រមូល​សំរាម​ដែល​គរ​ជិត​ក្បាល​មនុស្សនោះឲ្យមានភាព ប្រក្រតីឡើងវិញនាពេលឆាប់ៗនេះ ។

លោកឧកញ៉ា សេង សាវី ប្រធានក្រុម​ហ៊ុន​ស៊ីនទ្រី បានប្រាប់កោះសន្តិភាពថា ក្នុងពិធីចូល​ឆ្នាំថ្មីប្រពៃណីជាតិគឺការឈប់របស់បុគ្គលិករាប់ ពាន់នាក់ដែល​ធ្វើឲ្យ​សេវា​កម្ម​ប្រមូលសំរាម២៤ ម៉ោងរបស់ក្រុមហ៊ុនមានការអាក់ខាន ។ ទោះ​បីជាមានការឧបត្ថម្ភប្រាក់បន្ថែមទៅតាមច្បាប់ យ៉ាងណាក៏ដោយក៏មិនអាចទប់ទៅនឹងទឹកចិត្ត សប្បាយ​រីករាយចូលឆ្នាំខ្មែររបស់បុគ្គលិកក្រុមហ៊ុនបានឡើយ ។ ក្នុងឆ្នាំនេះបុគ្គលិកបាន​ឈប់​ទៅចូលឆ្នំាថ្មីប្រមាណ៧០ភាគរយក្នុងចំណោម បុគ្គលិកប្រមូលសំរាម១.៣០០០នាក់ ។ ការអនុ​ញ្ញាតឲ្យបុគ្គលិកឈប់សម្រាកគឺចាប់តាំងពីថ្ងៃទី ១២ ខែមេសាដល់ថ្ងៃទី១៥ ខែមេសា ហើយ​ទើប ថ្ងៃទី១៦ ខែមេសានេះបុគ្គលិកចាប់មកធ្វើ​ការងារជាបណ្តើរៗ ប៉ុន្តែមកដល់ថ្ងៃនេះនៅតែ​មិនទាន់មកអស់គ្នាផង ។

លោកឧកញ៉ា សេង សាវី បានបន្តទៀតថា « ក្រុមហ៊ុននឹងរៀបចំគម្រោងប្រមូលសំរាមឲ្យ ហើយនៅថ្ងៃនេះ ដើម្បីឲ្យសម្រេចតាមផែន​ការ​និងដើម្បីឲ្យ​សោ​ភ័ណ​ភាពទី​ក្រុងមានភាព​ប្រក្រតី ឡើងវិញ ។ លោកក៏បានសម្តែងនូវការសោក​ស្តាយណាស់ដែលតែងតែជោគជ័យរាល់ពេល បុណ្យទានម្តងៗ ទោះបីជាបុណ្យអុំទូក ឬបុណ្យ​ពិសេស​ម្តងៗ ។ លោកបន្តថា «ក្នុងនាមខ្ញុំជា​ប្រធានក្រុមហ៊ុនស៊ីនទ្រីសុំការអភ័យទោសសុំ​ការ​អាស្រ័យទៅលើប្រជាពលរដ្ឋដែលមានការអាក់ អន់ចិត្ត ឬខឹងសម្បាយ៉ាងណា​ក្តី​នោះ។ »

លោកឧកញ៉ាប្រធានក្រុមហ៊ុនស៊ីនទ្រី បាន​គូស​បញ្ជាក់ថា លោកនឹងសហការជាមួយសាលា ក្រុងបន្តទៀតដើម្បីរកវិធានការឬ ធ្វើយ៉ាងណា​កុំ​ឲ្យមានការប៉ះ​ពាល់ដល់​ប្រជាពលរដ្ឋនាឆ្នាំ ក្រោយដូចឆ្នាំនេះនោះទេ ។ ក្រុមហ៊ុនស៊ីន​ទ្រី​ក៏​មានគម្រោងក្នុងការបន្ថយបុគ្គលិកឲ្យទៅជាលក្ខណៈបច្ចេក​ទេស​មួយដូចជាប្រើប្រាស់គ្រឿង​ចក្រឬ គ្រឿង​ម៉ាស៊ីនមកជំនួស ។ លោកក៏​អំពាវ​នាវឲ្យប្រជាពលរដ្ឋដែលមានរថយន្តចត​តាមដងផ្លូវសងខាងមេត្តាអាធ្យាស្រ័យដល់រថយន្តដឹកសំរាមរបស់លោក ដោយធ្វើយ៉ាង​ណា ជួយសម្រួលឲ្យរថយន្តដឹកសំរាមមានភាពងាយ ស្រួលក្នុងការប្រមូលសំរាមផង ៕