រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ មេសា ២០១២ បានតាមប្រមាញ់ចាប់ចោរឆក់ម្នាក់ដែលធ្វើសកម្មភាពឆក់ខ្សែ.កទម្ងន់៣ជី ពីស្ដ្រីម្នាក់នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរហូតទាល់តែបាន បើទោះបីចោរនោះបើកម៉ូតូប្រភេទទំនើបចូលទៅពួនក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិទី២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខបានប្រាប់ឱ្យដឹងថា ជនសង្ស័យនេះឈ្មោះរី អះម៉ាតភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅក្នុងភូមិ សង្កាត់ខាងលើ ។ ជននេះជាមុខសញ្ញាឆក់យ៉ាងសកម្មនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ហើយធ្លាប់ជាប់គុក១ឆ្នាំថែមទៀតផងពីបទឆក់ទូរស័ព្ទគេនៅឯសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។
លោកអធិការបានបន្ដថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះឈិន សារុំ ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរមានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខបានជិះម៉ូតូឌុបកូនចេញពីផ្សារសែនសុខត្រឡប់ទៅផ្ទះ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនល្មើសម្នាក់ជិះម៉ូតូមកកៀរ ហើយធ្វើសកម្មភាពឆក់យកខ្សែ.កទំងន់៣ជី តែត្រូវជនរងគ្រោះស្រែកឆោឡោ ទើបធ្វើឱ្យសមត្ថកិច្ចតាមចាប់បានជាក់ស្ដែងជាមួយនឹងម៉ូតូតែម្ដង៕
ចែករំលែកព័តមាននេះ