រាជធានីភ្នំពេញ ៖ បុរសពីរនាក់ត្រូវនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៧ មេសា បន្ទាប់ពីធ្វើសកម្មភាពចូលក្នុងហាងលក់ផលិតផលថែសម្ផស្សដែលមានទីតាំងនៅផ្ទះលេខ៤៤ដេ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក លួចយកទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿងពីអ្នកលក់ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះមាស ស៊ីនួន អាយុ២៩ឆ្នាំ មានលំនៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ២-ឈ្មោះផន សុផាត ហៅង៉ោល អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណៃ ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកលក់ផលិតផលថែសម្ផស្សស្នាក់នៅផ្ទះកើតហេតុ។ តាមមន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ទូរស័ព្ទឈ្មោះសុខ ស្រីណៃ កំពុងអង្គុយលក់ផលិតផលថែសម្ផស្សនៅក្នុងហាងចំណុចខាងលើ ហើយទុកទូរស័ព្ទម៉ាកអាយហ្វូនបញ្ចូលថ្មនៅកន្លែងលក់ ស្រាប់តែជនសង្ស័យឈ្មោះមាស ស៊ីនួន បានចូលទៅសួរនាំរកទិញឡេសម្រាប់លាបបំបាត់សង្វារពោះ និងក្រេមលាបមុខ ។ ពេលអ្នកលកផលិតផលឱ្យមើល ស្រាប់តែជនសង្ស័យមាស ស៊ីនួន បានធ្វើសកម្មភាពលួចយកទូរស័ព្ទ ហើយរត់ឡើងជិះម៉ូតូបក្សពួកឈ្មោះផន សុផាត ដែលកំពុងឈប់ចាំបើកគេចខ្លួនតែត្រូវម្ចាស់ស្រែកឆោឡោ ។
កម្លាំងនគរបាលប៉ុស្តិ៍ដែលល្បាតក៏ដេញចាប់បានទាំងពីរនាក់ ព្រមទាំងដកហូតបានទូរស័ព្ទប្រគល់ឱ្យម្ចាស់ដើមវិញ ៕
ចែករំលែកព័តមាននេះ