ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការរវាងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាមួយព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នគរបាលខណ្ឌមានជ័យ នគរបាលខណ្ឌដង្កោ ព្រមទាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបក្រុមកំពូលមេចោរប្លន់ដ៏ល្បី នៅក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ បានទាំងសំបុករហូតដល់ទៅ៤នាក់ដោយដកហូតបានអាវុធខ្លី១ដើមម៉ាកា៥៩ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះមេខ្លោងម្នាក់ប្លន់បានលុយរហូតដល់សាងសង់ផ្ទះវីឡាតម្លៃជាង១២ម៉ឺនដុល្លារ ដោយក្រុមនេះល្បីជាងកំពូលមេចោរប្លន់ ស ម៉ារ៉ាទៅទៀត ។
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣ មេសា លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌មានប្រសាសន៍ឲ្យដឹងថា ដើម្បីរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំឲ្យកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋនោះ ដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនកំពូលមេចោរប្លន់ឈ្មោះងួន ស៊ុនអេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រីង៣ដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរផងនោះ នគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌជាច្រើនទៀត តាមប្រមាញ់រហូតមកដល់ថ្ងៃទី១០ មេសា ២០១២ ទើបចាប់បានមេចោរប្លន់ជាបន្តបន្ទាប់រហូតដល់ទៅ៤នាក់ ។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តមានប្រសាសន៍បន្តថា ចំពោះជនដែលត្រូវចាប់ខ្លួនបាននេះរួមមាន ១-មេខ្លោងឈ្មោះងួន ស៊ុនអេង ហៅហេង វណ្ណា ហៅផៃ ស៊ុនវណ្ណា ស្នាក់នៅបណ្តោះអាសន្នភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះហ៊ឹម សំអុល ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ ៣-ឈ្មោះស៊ឹម ប៊ុនថុន ហៅរ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤-ឈ្មោះព្រៀវ សុវណ្ណារ៉ា ហៅឡាត ភេទប្រុស អាយុ៣៣ឆ្នាំ នៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ៕


ចែករំលែកព័តមាននេះ