ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានក្រឡាប់ចូលស្នាមភ្លោះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ មេសា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តចំនួន៣នាក់រងរបួសស្រាល ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េចំណុះ២តោន ពណ៌ខៀវ ដឹកឥដ្ឋពេញ បើកបរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះកង់មុខខាងឆ្វេងហើយបានរេចង្កូតទៅខាងឆ្វេងដៃធ្លាក់ចូលស្នាមភ្លោះក្រឡាប់តែម្តង។ ក្រោយពេលក្រឡាប់គេឃើញកាឡេរថយន្តបានបាក់ដាច់ជាពីរផងដែរ ។
មន្ត្រីប៉ូលិសបាននិយាយថា ម្ចាស់រថយន្តនិងជាអ្នកបើកបរឈ្មោះទ្រី ជនជាតិវៀតណាម រស់នៅផ្សារក្រោម ។ ទាំងអ្នកបើកបរទាំងអ្នករួមដំណើរជាកម្មកររងរបួសស្រាល ។ ប៉ូលិសថា គ្រោះថ្នាក់នេះកើតឡើងដោយសារម្ចាស់រថយន្តធ្វេសប្រហែសព្រោះកង់មុខរថយន្តទាំងពីរសឹកក្រឡាអស់ហើយនៅតែប្រើទៀត៕
ចែករំលែកព័តមាននេះ