ក្រុងប៉ោយប៉ែត ៖ កាមរីមួយគ្រឿងបានឆក់យកជីវិតបុរសជាប្តី និងបង្កឱ្យស្ត្រីជាប្រពន្ធរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូបត់ចូលផ្ទះត្រូវរថយន្តបុក កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ មេសា ២០១២ លើដងផ្លូវជាតិលេខ៥ ម្តុំភូមិសូរិយាថ្មី ឃុំកូម ស្រុកអូរជ្រៅ ។
គ្រួសាររងគ្រោះប្តីឈ្មោះកែវ គឿន អាយុ៥០ឆ្នាំ (ស្លាប់) ប្រពន្ធឈ្មោះកាន់ សុខឿន អាយុ៤៧ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាស៊េរីឆ្នាំ២០០៩ ពណ៌ ទឹកប៊ិច អ្នកទាំង៣ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែករថយន្តបង្កម៉ាកកាមរីស៊េរីឆ្នាំ ១៩៩៣ ពណ៌ស្លាបក្អែក ចង្កូតស្តាំ ។ តាមប្រភពពីកន្លែងកើតហេតុប្រាប់ថា មុនហេតុការណ៍កើតហេតុគេឃើញម៉ូតូរងគ្រោះ និងរថយន្តបង្កហេតុបើកបរស្របទិសគ្នាពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុ ដោយសារម៉ូតូបត់ចូលផ្ទះមិនមើលមុខក្រោយទើបធ្វើឱ្យរថយន្តកំពុងបើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បុក បណ្តាលឱ្យស្លាប់អ្នកបើកបរតែម្តង។
ប្រភពបន្តថា ភ្លាមៗអ្នកបើកបររថយន្តព្យាយាមរត់គេចតែរត់មិនរួច ព្រោះត្រូវអ្នកស្រុកក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ច។ សពបុរសជាប្តីត្រូវសាច់ញាតិយកទៅធ្វើបុណ្យ ឯស្ត្រីជាប្រពន្ធដែលរបួសធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ៕
ចែករំលែកព័តមាននេះ