ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​​កម្ម​​ជុំ​​វិញ​ រឿង​​​ដោះ​​ដូរ​​​​អតី​ត​​​​ទី​​តាំង​​​ ដាប ​ឈួន​​ម្ជុល​​ពេជ្រ​ មន្ទីរ​​​​ចំនួន​៣​​ដោះ​​ដូរ​​​​តម្លៃ​​​​ត្រឹម​​តែ​​​២​លាន​​ដុល្លារ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រតិ​កម្ម​ពី​ខេត្ត​​សៀម​រាប​​​រឿង​ឈ្មួញ​​ពពាយ​នាយ​លក់ដី​​​អតីត​​ទី​តាំង​​​មេ​ទ័ព​​ដាប​ ឈួនម្ជុល​ពេជ្រ​​​ ដែល​​សព្វ​ថ្ងៃ​​គ្រប់​​គ្រ​ង​​ដោយ​ក្រសួង​​​អប់​រំ​​យុវ​​ជន​ និង​កីឡា​ បាន​បញ្ជូន​​ឯក​សារ​​​មក​ការិ​យា​ល័យ​​​និ​ពន្ធ​កោះ​សន្តិ​ភាព​​ជា​បន្ត​បន្ទាប់​​ទៀត​ បង្ហាញ​នូវ​​​មតិ​​ប្រឆាំង​​​ចំពោះ​​ការ​ដោះ​​ដូរ​នេះ ។

រាជ​ធានី​ភ្នំពេញ​ ៖ ប្រតិ​កម្ម​ពី​ខេត្ត​​សៀម​រាប​​​រឿង​ឈ្មួញ​​ពពាយ​នាយ​លក់ដី​​​អតីត​​ទី​តាំង​​​មេ​ទ័ព​​ដាប​ ឈួនម្ជុល​ពេជ្រ​​​ ដែល​​សព្វ​ថ្ងៃ​​គ្រប់​​គ្រ​ង​​ដោយ​ក្រសួង​​​អប់​រំ​​យុវ​​ជន​ និង​កីឡា​ បាន​បញ្ជូន​​ឯក​សារ​​​មក​ការិ​យា​ល័យ​​​និ​ពន្ធ​កោះ​សន្តិ​ភាព​​ជា​បន្ត​បន្ទាប់​​ទៀត​ បង្ហាញ​នូវ​​​មតិ​​ប្រឆាំង​​​ចំពោះ​​ការ​ដោះ​​ដូរ​នេះ ។

​ដី​ដាប ឈួន ដែល​បច្ចុ​ប្បន្ន​​​​ជា​ទី​តាំង​មជ្ឈ​មណ្ឌល​​ជាតិយុវ​ជន​កម្ពុជា​​​ មាន​ផ្ទៃ​​ដី​ទំហំ​១៥.៣៣៤ម៉ែត្រ​​ការេ ។ មាន​អគារ​​ធំមួយ​​​ធ្វើ​អំ​ពី​បេត​ុ​​ងរឹង​មាំ​​ មាន​​​រច​នា​បទ​​ខ្មែរ​​​ល្អ​ប្រណីត​​ សក្តិ​សម​​​​​​ស្ថិ​ត​នៅ​លើ​ទឹក​ដី​​អង្គ​រ​​ដ៏​បវរ ។ អ្នក​ទេស​​ចរណ៍​​ទាំង​ឡាយ​​ដែល​ធ្វើ​ដំណើរ​​​ទៅ​លេង​ប្រសាទ​អង្គរ​វត្ត​​​​ តែង​​តែ​​​ក្រឡេក​​​មើល​ទី​នោះ​​ព្រោះ​​គេ​ស្គាល់​​​ថាជា​ផ្ទះ​​​​​ ដាប ឈួនម្ជុល​ពេជ្រ​ ​ព្រោះ​វា​​​ជា​ទី​តាំង​​​​ប្រវត្តិ​សាស្ត្រ​​​ ឬ​ជា​បេតិ​​ក​ភណ្ឌ​​ជាតិ​​យើង​ទៅ​ហើយ ។​ អគារ​​ដ៏​ឆើត​ឆាយ​នេះ​ បាន​​ជួស​ជុល​​​ឡើង​វិញ​​ម្ត​ង​រួច​​ហើយនៅ​ឆ្នាំ​១៩៨៨ បង្ហាញ​​ឱ្យ​ឃើញ​​នូវ​ភាព​​រឹង​មាំ​​​ស្រស់​ស្អាត​​​គួរ​ឱ្យ​គយ​គន់​​​ ដែល​អ្នក​​សៀម​រាប​ឱ្យ​ឈ្មោះ​​ថា ជា​ទី​តាំង​​​ប្រវត្តិ​សាស្ត្រ​​ផង​ដែរ​ ។ ​នៅ​ក្នុង​​​​បរិ​វេណ​​ដី​​​ជាង​​មួយ​​ហិក​តា​​កន្លះ​​នេះ ​មាន​អង្ក​ការ​​​មួយ​​ឈ្មោះ​​អង្គ​ការ​​​ អ៊ីតាលី ជួយ​សង្គ្រោះ​​​​កុមារ​​​  ដែល​កំពុង​​​បង្រៀន​​សិល្បៈ​​ មាន​សិស្ស​​ក្រី​ក្រ​​ កុមារ​កំព្រា​ ក្មេង​​មិន​ចូល​សាលា​ជាង​​៣០០នាក់ ​ដែល​មានអាយុ​​​ចាប់​ពី​​៧ឆ្នាំ​​ដល់​​១៥ឆ្នាំ​ កំពុង​សិក្សា​​វិស័យ​សិល្បៈ​​​​យ៉ាង​ត្រ​ជាក់​​ត្រជុំ ។ ជា​ទី​​តាំង​​​បោះ​​ជំ​រុំ​យុវជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូទាំ​ង​​ប្រទេស​​ ដែល​ការលក់​​នេះធ្វើ​ឱ្យ​​ប៉ះ​ពាល់​​​កាន់​តែ​ធំ ។ ​ប៉ះ​ពាល់​​ដល់​អគារ​​​​ធំៗ​​៣ទៀត​​​ ដែល​​ជា​ទី​​​ផ្សារ​លក់​​​ផលិត​​ផល​ស្នា​​ដៃ​​​របស់​ខ្មែរ​​ ដែលជា​​ស្មា​ដៃ​​ស្ត្រី​ក្រី​ក្រ​​របស់​ខ្មែរ​​​ ​និ​ង​រប​ស់​ជន​ពិ​ការ​​​​ ។ ទីតាំង​​​នេះ​ធំ​ណាស់​​សម្រាប់​​​ក្រុង​​សៀម​រាប​ បើ​ចង់​​អភិ​វឌ្ឍ​ន៍​​ហេតុ​អ្វី​​មិន​អភិ​វឌ្ឍ​ន៍​​នៅ​​នឹង​កន្លែង​​? ​ហេតុ​អី​​​ចាំ​បាច់​​​ស្នើ​សុំ​​ដោះ​ដូរ​​ ? ​តើ​ការ​​​ព្យា​យាម​​​សុំ​ដោះ​ដូរ​​​នោះ​ បាន​ផល​ប្រយោជន៍​​ផ្ទាល់​​ខ្លួន​ធំ​ធេង​​​មហិ​មា​ប៉ុណ្ណា​ទៅ​…ម្ចាស់​ថ្លៃ ?

តាម​​ឯក​សារ​​​ដែល​​អ្នក​ដឹង​រឿង​​​​ច្បាស់​​បាន​​​បញ្ជូន​​​មក​​ការ​ិ​យា​ល័យ​​​និ​ពន្ធ​ លើកទី​២​បង្ហាញ​​ថា ក្រសួង​​​អប់​រំ​​យុវ​ជន​​ និង​កី​ឡា​​​តាម​​លិខិត​​​លេខ​៤០៧​​ អ.យ.ក.ស​ទរ ចុះ​ថ្ងៃទី​​​២ កុម្ភៈ​​ ឆ្នាំ​២០០៩ បាន​សុំ​ទៅ​​​ប្រធាន​​គណៈ​​កម្ម​ការ​​​​រៀប​ចំ​​​មណ្ឌល​​រដ្ឋបាល​​ប្រមូល​​​ផ្តុំ​​ខេត្ត​​សៀម​រាប​ ដើម្បី​​បញ្ចូល​​ទី​តាំង​​ដី​មជ្ឈ​មណ្ឌល​​​ជាតិយុវ​ជន​​កម្ពុជាទៅ​ក្នុ​ង​​​គម្រោង​​សាង​សង់​​​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​រដ្ឋ​​បាល​ប្រមូល​ផ្តុំ​​ ដែល​ខេត្ត​សៀម​រាប​​កំពុង​តែ​​សាង​សង់​​​នៅ​លើ​​ទី​វាល​​រហោ​ស្ថាន​​ដាច់​ស្រ​យាល​មួយ​ចម្ងាយ​​ជាង​​២០គីឡូម៉ែត្រ​ពី​​ក្រុង​​សៀម​រាប ។ នៅ​ក្នុង​​​លិខិត​​ស្នើ​សុំ​​នោះ រដ្ឋ​មន្ត្រី​​ក្រសួង​​​អប់​រំ​យុវ​ជន​​ និង​កីឡា ត្អូញ​ត្អែ​​គួរ​ឱ្យ​​អា​​ណិត​អាសូរ​​​ថា «ក្រសួង​​អប់​រំ​​យុវ​ជន​ និង​កីឡា​មាន​អគារ​​​​មជ្ឈ​មណ្ឌល​​​យុវ​ជន​ស្ថិ​ត​នៅ​​ខេត្ត​សៀម​រាប​ ដែល​មាន​ដី​ទំ​ហំ​១៥.៣៣៤​ម៉ែត្រ​ការេ ដែល​​មាន​អគារ​​​​សា​ង​សង់​​​យូរ​​មក​ហើយ​ មាន​លក្ខ​ណៈ​​ចាស់​​ទ្រុឌ​ទ្រោម​​ ពុំ​មាន​កន្លែង​​សម​ស្រប​​សម្រាប់​ឱ្យ​​យុវ​​ជន​​ស្នាក់​នៅ​​ និង​រៀន​សូត្រ​​» ។ល។

​បន្ទាប់​មកលោក​​ ព្រុំ​ សុខា​ ប្រធាន​​គណៈ​កម្ម​ការ​​​រៀប​ចំ ​មណ្ឌល​​រដ្ឋ​​បាល​​ប្រមូល​ផ្តុំ​នៅ​ខេត្ត​​សៀម​រាបដូច​ត្រូ​វ​ប៉ាន់​ បា​​ន​ធ្វើ​​លិខិត​​​មួយ​​​អត់​លេខ​​ចុះ​ថ្ងៃទី​៨ កក្កដា ​ឆ្នាំ​២០០៩ ​សុំ​ទៅ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​​ទី​ស្តីការ​​គណៈ​រដ្ឋ​មន្ត្រី​​ ដោយ​សុំ​បញ្ចូល​ទី​តាំង​​​ដី​មជ្ឈ​មណ្ឌល​ជាតិ​យុវ​ជន​​កម្ពុជា​ ​ទៅ​​ក្នុង​​​​គម្រោង​សាង​​សង់​​មណ្ឌល​រដ្ឋ​បាល​​ប្រមូល​ផ្តុំ​​នៅ​ខេត្ត​​សៀម​រាប ។ តាម​​ឯក​សារ​​បង្ហាញ​​ថា លោក​​ប្រធាន​​គណៈ​​កម្ម​ការ​​​រៀប​ចំ​​មណ្ឌល​​រដ្ឋ​បាល​​ប្រមូល​ផ្តុំ​​ ក៏​ចេះ​​ខ្លាំង​​ណាស់​​ដែរ​ បាន​​យោង​លិខិត​​លេខ​៤០៧ អយក.ស.ទ.រ របស់​ក្រសួង​​​អប់​រំ​យុវ​ជន​​ និង​​កីឡា​ ដែល​​ជា​ម្ចាស់​​លើ​ដី​​ដាប ឈួន នេះ ដោយ​រៀប​រាប់​​​ពី​អគារ​​​ចាស់​ទ្រុឌ​ទ្រោម​​….ពុំ​​មាន​កន្លែង​​សម​ស្រប​​ឱ្យ​យុវ​ជន​​ស្នាក់​នៅ​​​ និង​រៀន​សូត្រ​​​ទេ​ ​ជា​ពិសេស​​ខ្វះ​ថវិ​កា​​ដើម្បី​​​ធ្វើការ​​​អភិ​​វឌ្ឍ​​មណ្ឌល​នេះ​​ឱ្យ​​មាន​លក្ខ​ណៈ​​​​សម​ស្រប ។

​នៅក្នុង​លិខិត​ស្មើ​សុំ​នេះ​ ក្រោយពី​​រៀប​រាប់​​​​របៀប​ក្រីក្រ​​ និង​កំសត់​រួចមក បាន​ចែង​​នៅ​ចុង​ក្រោយ​​ថា ​ចំពោះ​សំណើ​របស់​​ក្រសួង​​​អប់​រំ​​យុវ​ជន​ និង​កីឡា​ខាង​លើ​នេះ ​គណៈ​​កម្មការ​​​យល់​ឃើញ​​ថា គួរ​​​ឯក​ភាព​​តាម​ការ​ស្នើ​សុំ​​ ពី​ព្រោះ​​នៅ​ក្នុង​គម្រោង​​​​ប្លង់​រួម​​​កន្លង​​មក គណៈ​កម្ម​ការ​​​​បាន​ត្រៀម​​​រៀប​​ចំ​ដី​​ និង​គម្រោង​​​​សាង​សង់​​អគារ​​​ស្នាក់​នៅ​ និង​​ក្លឹប​យុវ​ជន​​​រួច​ហើយ​ដែរ…។ល។

​ក្រុម​​អ្នក​​សង្កេត​​ការណ៍​​យល់​ឃើញ​​​​ និង​សង្ស័យ​ថា ​រវាង​​​ក្រសួង​​​អប់​រំ​យុវ​ជន​ និង​កី​ឡា​​ និង​អ្នក​​ទទួល​បន្ទុក​​​​គណៈ​កម្ម​ការ​​​​មជ្ឈ​មណ្ឌល​​​រដ្ឋ​បាល​​ប្រមួល​ផ្តុំ​​ខេត្ត​​សៀម​រាប​​ បាន​ត្រូវ​​​​ដង​ត្រូវ​ផ្លែ​​គ្នា​ជា​មុន​​​រួច​​ហើយ​ ព្រោះ​ដី​​​ដាប ឈួន ​​ជា​សម្បត្តិ​​មហា​សាល​ដ៏​ពិ​សេស​មួយ​ ។ ​បាន​ឃើញ​​លិខិត​​​មួយ​ទៀត​ទើប​អស្ចារ្យ​​ដែល​គួរ​ឱ្យ​តក់​ស្លុត​ និង​​​រន្ធត់​​​ខ្លាំង​ណាស់​​ សម្រាប់​​​អ្នក​វិភាគ​​នានា​​ទៅ​លើ​ការ​​​​វាយ​តម្លៃ​​ដោះ​ដូរ​​រវាង​​មន្ទីរ​​​ចំនួន​៣​ នៅ​ក្នុង​​​ក្រុង​សៀម​រាប​ ដែល​ត្រូវ​​​​ដូរ​ចេញ​​ទៅ​នៅ​​​វាល​រហោ​ឋាន ដែល​គេ​​ឱ្យ​ឈ្មោះ​ថា «មជ្ឈ​មណ្ឌល​រដ្ឋ​បាល​​ប្រមូល​ផ្តុំ​​ខេត្ត​​សៀម​រាប» ​​និង​ដែល​​​អ្នក​សៀម​រាប​​និយាយថា​ គេ​នាំ​គ្នា «យ​ក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំង​ដី​» ។

​យោ​ង​តាម​ ស.ជ.ណ របស់​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​​លេខ​១១៧១​ ស.ជ.ណ ចុះ​​​ថ្ងៃ​​ទី​១៥​ តុលា ឆ្នាំ​២០១០ ជម្រាប​ទៅ​រដ្ឋ​មន្ត្រី​​ក្រសួង​​​ផែន​ការ​​ រដ្ឋ​មន្ត្រី​​ក្រសួង​អប់​រំ​យុវ​ជន​ និង​កីឡា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​​​ប្រៃ​ស​ណីយ៍​ និង​​ទូ​រ​គមនា​គមន៍ ចែង​​​ថា ចំពោះ​​ករណី​​ស្នើ​សុំ​​ធ្វើ​​អនុ​​​​ប​យោ​គ​លើ​ដី​ និង​​​អគារ​​​ចំនួន​​៣​​ក្នុង​ក្រុង​​​សៀម​រាប​ រាជ​រដ្ឋា​​ភិ​បាល​​​​បាន​សម្រេច​​​ឱ្យ​មន្ទីរ​​​​ទាំង​​៣​ធ្វើការ​​ផ្ទេរ​​ទៅ​កាន់​​​បុ​រី​រដ្ឋ​​​បាល​​ប្រមូល​​ផ្តុំ​​ ។

​នៅ​ក្នុង​​ ស.ជ.ណ ​ដដែល​​​ចែង​​ថា ​ការ​​​វាយ​តម្លៃ​​ទ្រព្យ​សម្បត្តិ​​រដ្ឋ​​​​​នៃ​​មន្ទីរ​ទាំង​​​៣​​ ដែល​ក្នុង​​នោះ​​​​មាន​​មជ្ឈ​មណ្ឌល​​ជាតិយុវ​ជន​​​​កម្ពុជា​​ផង​ដែរ និង​ថ្នូរ​​​ដែល​ក្រុម​ហ៊ុន​​​​ត្រូវ​សាង​សង់​​​ បាន​​​ប​ង់​ចូល​ថវិ​កា​រដ្ឋ​​ ដែល​បាន​អនុ​​វត្ត​​​ដោយ​​គណៈ​កម្ម​ការ​​រៀប​ចំ​បុរី​រដ្ឋ​​បាល​​សៀម​រាប​ ដែល​មា​ន​លោក​​​​​​​ព្រំ សុខា​ ជា​ប្រធាន​ ​​រួម​​ជា​មួយ​​ថៅ​កែ​​ឯក​ជន​​​​​ទទួល​បន្ទុក​​ម៉ៅការ​​​សាង​សង់​​មាន​​ដូច​ខាង​ក្រោម​​នេះ​​គួរ​ឱ្យ​​កត់​សម្គាល់​​​ជាង​គេ​ ។ ទ្រព្យ​សម្បត្តិ​នៃ​មន្ទីរ​ទាំង​​​៣​នោះ​មាន​​ មន្ទីរ​​ប្រៃស​​ណីយ៍​ និង​ទូរ​​គមនា​គម​ន៍​​​ មន្ទីរ​​ផែន​ការ​​ និង​​មជ្ឈ​មណ្ឌល​​ជាតិយុវ​ជន​​កម្ពុជា​ ត្រូវ​​បាន​​វាយ​តម្លៃ​​​សរុប​ ២.០៧៧.៤៧០​​​ដុល្លារ​​​អា​មេ​រិក​ ។ ចំណែក​​​ទ្រព្យ​សម្បតិ្ត​​ក្រុម​ហ៊ុន​​សាង​សង់​​​ឈ្មោះ ជេ & អ អឹម​ផត​ អិច​​ផត​ ​ដែល​ត្រូវ​​​ដោះ​ដូរ​​​មាន​តម្លៃ​​ ១.៩៧៦.៥៥៨ ដុល្លារ​​​អា​មេ​រិក ។ ដូច្នេះ​​ក្រុម​ហ៊ុន​ទុក​ខ្លះ​​សម្រាប់​​​បង់​ចូល​​​ថវិកា​រដ្ឋ​​នូវ​​ប្រាក់​​លំអៀង​​ចំនួន​ជាង​​១០​ម៉ឺន​ដុល្លារ​ ។

​ក្រុម​អ្នក​​សង្កេត​ការណ៍​ពិ​និត្យ​ឃើញថា ​ទ្រព្យ​សម្បត្តិ​​នៃ​មន្ទីរ​​ទាំង​៣ខាង​លើ​​នេះ មាន​​តម្លៃ​ត្រឹម​តែ​​​ជាង​ ២លាន​ដុល្លារ​​​ប៉ុណ្ណោះ ដែល​ប្រការ​​​នេះ​ហើយ ​​ធ្វើ​ឱ្យ​មជ្ឈ​​ដ្ឋាន​​នានា​សង្ស័យ​​​​​​ថា​​មាន​​បង្កប់​​ទៅ​ដោយ​​​អំ​ពើ​​ពុក​រលួយ​​ធំធេង​​​ណាស់ ​ធ្វើ​ឱ្យ​មាន​ការ​​ពិចារ​ណា​​ឥត​ឈប់​ឈរ​ ។

គួរ​​​កត់​សម្គាល់​​ថា ក្នុង​​​ចំណោម​មន្ទីរ​​​​ទាំង​​៣​ខាង​លើ​​នេះ​ មិន​​បាច់​និយាយ​​វែង​​ឆ្ងាយ​​ទេ ​គេ​យក​តែ​​ទី​តាំង​​​អតីត​​ដី​ដាប ឈួន​ម្ជុល​ពេជ្រ ​ដែល​មាន​​ផ្ទៃ​ដី​​ទំហំ ១៥.៣៣៤ ម៉ែត្រ​​កា​រេ​​នៅ​កណ្តាល​​ក្រុង​សៀម​រាប​​​មក​ពិ​ចារ​​ណា​​​ ប្រាកដ​​​​ជា​រក​ឃើញ​​នូវ​​​ភាព​មិន​​ប្រ​ក្រ​តី​​នោះ​មិនខានឡើយ​​ ។

បច្ចុប្បន្ន​​​អតីត​​ទីតាំង​​​ដី​ដាប ឈួន​​ ត្រូវ​​​ម្ចាស់​​ក្រោយ​​​ដែល​​គេ​និយាយ​ថា​​ ជា​ឧត្ត​ម​​សេនីយ៍​​​ម្នាក់​​​ និង​​ជាថៅ​កែ​​​ក្រុម​ហ៊ុន​ ជេ & អ ដែល​សាង​សង់​​​មជ្ឈ​មណ្ឌល​​រដ្ឋ​បាល​​​ប្រមូល​ផ្តុំ​​​នោះ​​បាន​វាយ​​តម្លៃ​លក់​​​​ក្នុង​​១ម៉ែត្រ​កា​រេ​៥០០​ដុល្លារ​​ ។ បើ​​ដូច្នេះ​​​​​មែន​ ដីដាប ឈួន ដែល​​បញ្ញ​វ័ន​​ខេត្ត​សៀម​រាប​​ឱ្យ​ឈ្មោះថា ​ជា​ទី​​តាំង​​​ប្រវត្តិ​សាស្ត្រ​​នោះអាច​​លក់​បាន​​ជាង​​៧លាន​ដុល្លារ​​ទៅ​ហើយ ។​ បញ្ញ​វ័ន​​មួយ​ក្រុម​​​និយាយ​ថា ​ចុះ​អ្នក​​​ណា​ក៏​​អន់​ម៉្លេះ​​ វា​យ​តម្លៃ​​​ទី​តាំង​​ដាប ឈួន របស់​រដ្ឋ​​​ប្រ​ហាក់​ប្រហែល​​​កន្លះ​​លាន​ដុល្លារ​​បែបនេះ​​ ខុសគ្នា​​​មួយ​ជា​ដប់​​​ បើ​ប្រៀប​ធៀប​​​មន្ទីរ​​​ចំនួន​៣​​​ដែល​មា​​ន​តម្លៃ​​​​ត្រឹម​តែ​​២លាន​ដុល្លារ​​​ដូច​ពោល​ខាង​លើ​នោះ ។​ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ ​ក្រុម​ហ៊ុន​​ឯក​ជន​​ ជេ & អ ​បាន​​បង់​តម្លៃ​​​​លំអៀង​​បាន​ចំនួន ១០០.៩១២ ដុល្លារ ចូល​ហោ​ប៉ាវ​​​រដ្ឋ​ដែរ ។

តាម​ការ​កត់​សម្គាល់​​សកម្ម​ភាព​​ដោះ​ដូរ​​​ខាង​លើ​​នេះ ហាក់​ដូច​​ជា​​ស្ងប់​ស្ងាត់​​ល្អ​​ណាស់​​ ទើប​តែ​មាន​ប្រតិ​កម្ម​​​ដោយ​​​សារ​តែ​​​​ថៅកែ​ថ្មី​​ពពាយ​​នាយ​​លក់​​​ដី​ដាប ឈួន ក្នុង​តម្លៃ​៥០០​ដុល្លារ​​​មួយ​ម៉ែត្រ​​កា​រេ នាពេល​ថ្មី​​ៗ​នេះ​តែ​ប៉ុណ្ណោះ និង​កំពុង​​ជ្រួល​​ពេញ​មជ្ឈ​​មណ្ឌល​​ដោយ​សារ​​​យុវ​ជន​​រាប់​រយ​នាក់​ និង​អ្នក​គ្រប់​គ្រង​​មិន​សប្យាយ​​ចិត្ត​ ។

​នៅ​ពេល​ដែល​យើង​កំ​ពុង​​តែ​​​​សរសេរ​​​ព័ត៌​មាន​​អាស្រូវ​នេះ​​​ មាន​ទូ​រ​ស័ព្ទ​​មក​ហូរ​ហែ​​​បង្ហាញ​ពី​ប្រ​តិ​​កម្ម​​​ខ្លាំង​​​ៗ​​ចំពោះ​ការ​ដោះ​ដូរ​​​ដែល​​ពួក​គេ​​ចោទ​​​ថា មាន​ភាព​មិន​ប្រក្រតី​នេះ ។

​កោះ​សន្តិ​ភាព​​បាន​ព្យា​យាម​​​សុំ​ការ​​​បំភ្លឺ​​​ពី​លោក​​​ព្រំ សុខា​ ប្រធាន​​គណៈ​កម្ម​ការ​​រដ្ឋ​បាល​​ប្រមូល​​ផ្តុំ​​នៅ​ខេត្ត​​​​សៀម​រាប​​ដែរ​ ប៉ុន្តែ​​ពុំ​​អាច​ទំនាក់​ទំ​នង​​​បាន​ទេ​​ ។ ​​សូម្បី​តំណាង​ក្រុម​ហ៊ុន​​​សាង​សង់​​​ដោះ​ដូរ ជេ & អ ក៏​មិន​​អាច​​​ទាក់​​ទង​បាន​ដែរ​ ។ ចំពោះ​បណ្តា​ប្រតិ​កម្ម​​​ទាំង​ឡាយ​​ដែល​បញ្ជូន​ម​ក​​​ដល់​​​កោះ​សន្តិ​ភាព​​ យើង​នឹង​ប្រមូល​ផ្តុំ​ផ្សាយ​ជូន​នៅ​ពេល​​ក្រោយ​​ៗទៀត ៕