រាជធានីភ្នំពេញ ៖ យុវជនជាសិស្សសាលាម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈពេលជិះម៉ូតូគេចពីគេដេញវាយទៅបុកជាប់ជាមួយកង់រថយន្ដកូរ៉ូឡាបណ្ដាលឱ្យរងរបួស ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៦ មេសា នៅមុខភោជនីយដ្ឋានផ្ទះម៉ែក្មេក ត្រង់ចំណុចផ្លូវលេខ៥៥កែងលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា២នាក់ ជាសិស្សសាលាបើកតាមផ្លូវលេខ២៤០ ពីកើតទៅលិច ឯរថយន្ដកូរ៉ូឡា ពណ៌ស្លែ បើកដោយស្ដ្រីម្នាក់តាមផ្លូវលេខ៥៥ ពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏ទៅបុកជាប់កង់រថយន្ដ ហើយអ្នកបើកផ្លោងទៅបោកនឹងកញ្ចក់បណ្ដាលឱ្យស្រាំ និងរងរបួសធ្ងន់ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល ។
ជនរងគ្រោះជិះម៉ូតូធុនសេ១១០ ស៊េរី២០១២ ឈ្មោះ ភា វីរៈយុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ផ្លោងទៅបោកផ្ទប់កញ្ចក់រថយន្ដរបួសធ្ងន់ ឯមិត្ដភក្ដិជិះពីក្រោយរងរបួសស្រាល បានឱ្យដឹងថា បានជាពួកគេបើកម៉ូតូលឿន ដោយសារតែមានយុវជនមួយក្រុមទៀតជិះម៉ូតូដេញតាមវាយ ទើបពួកខ្លួនបើករត់គេចក៏ជួបគ្រោះថ្នាក់បែបនេះ ។
អ្នកបើកបររថយន្ដកូរ៉ូឡា ឈ្មោះគី សុខថាវី ភេទស្រី អាយុ៤៨ឆ្នាំ ជាគ្រូពេទ្យ ស្នាក់នៅផ្ទះសង់ថ្មី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលកើតហេតុ រថយន្ដក្រពឹតទ្វារមុខខាងឆ្វេងបិទអត់ជិត និងស្រាំកញ្ចក់ផ្ទាំងខាងមុខ ចំណែកម៉ូតូរយះក្បាំង រងការខូចខាតទាំងសងខាង ។
ជនរងគ្រោះត្រូវបានដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចំណែករថយន្ដ និងម៉ូតូយកទៅជួសជុលរៀងខ្លួន ដោយភាគីទាំងពីរដោះស្រាយគ្នាដោយខ្លួនឯង៕
ចែករំលែកព័តមាននេះ