រាជធានីភ្នំពេញ ៖ រថយន្ដហ៊ីយ៉ាន់ដាយដឹកស៊ីទែនទឹកពីភ្នំពេញឆ្ពោះទៅខេត្ដស្ទឹងត្រែងខូចបូមចង្កូតកាច់ទៅមុខមិនរួច ឈប់ចតនៅចិញ្ចើមផ្លូវហើយព្រូចងអង្រឹងដេកនៅពីក្រោយរថយន្ដត្រូវម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ បុកបណ្ដាលឱ្យដាច់ខ្សែអង្រឹងធ្លាក់គ្រេចដៃ ហើយអ្នកជិះម៉ូតូទាំងពីរនាក់ដួលបោកចូលក្រោមរថយន្ដរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មេសា នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីឈ្មោះជ្រូក ភេទប្រុស អាយុ១៨ឆ្នាំ ជាព្រូឡាន មានស្រុកកំណើតនៅខេត្ដកំពង់ចាមបានឱ្យដឹងថា រថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស៊ីទែនទឹកពីភ្នំពេញឆ្ពោះទៅខេត្ដស្ទឹងត្រែង ។ ខណៈបើកទៅដល់ចំណុចកើតហេតុខាងលើនៅវេលាម៉ោង៥រសៀល ថ្ងៃទី៦ មេសា ស្រាប់តែរថយន្ដខូចបូមចង្កូតកាច់ទៅមុខលែងរួចក៏ឈប់អែបនៅចិញ្ចើមផ្លូវ ហើយបានទូរស័ព្ទហៅជាងទៅធ្វើប៉ុន្ដែជាងប្រាប់ថា ចាំព្រឹកបានទៅធ្វើឱ្យ ។ ដោយសារតែគ្មានជាងជួសជុល ទើបនាំគ្នាឈប់អែបនៅចិញ្ចើមផ្លូវហើយយកការ៉ុងច្រកសំរាមចងមាត់ជិតដាក់ជាសញ្ញាសម្គាល់ចងភ្ជាប់ជាមួយនឹងឈើ រួចចងអង្រឹងជាប់ពីក្រោយគូទរថយន្ដសម្រាក ។
ប្រភពដដែលបន្ដទៀតថា បន្ទាប់ពីសម្រាកលង់លក់ស្រាប់តែមានម៉ូតូគ្រីសអង្គរ ពណ៌ខៀវ ជិះគ្នា២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ពីត្បូងទៅជើង ដោយអ្នកបើកបរស្ថិតក្នុងសភាពស្រវឹងទៅបុកគូទរថយន្ដដោយបុកចំខ្សែអង្រឹងធ្វើឱ្យដាច់ធ្លាក់ព្រូដែលដេកក្នុងអង្រឹងគ្រេចដៃឆ្វេង ។ ចំណែកម៉ូតូ និងអ្នកបើកបរដួលបោករអិលចូលក្រោមរថយន្ដបណ្តាលឱ្យរបួសធ្ងន់ទាំងពីរនាក់ ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវគេដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនជិតកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ