ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​​ប្រកាស​ព័ត៌​មាន​ លទ្ធ​ផល​កិច្ច​ប្រជុំ​លើក​ទី​១ នៃ​ក្រុម​ការ​ងារ​រួម​កម្ពុជា​-ថៃ​នៅ​ក្រុង​បាង​កក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​៥ មេសា លោក​នាយ​ឧត្តមសេនីយ៍​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​​​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​​ក្រុម​ការងារ​​រួម​ដើម្បី​អនុវត្ត​ដីកា​​បង្គាប់​​​​របស់​តុលាការ​យុត្តិ​ធម៌​ក្រុង​ឡា​អេ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ក្រុម​ការ​ងារ​​ធ្វើ​​​​​មាតុ​ភូមិ​និវត្ត​ន៍ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥ មេសា នៅ​ទី​ក្រុង​បាង​កក ​​ប្រទេស​ថៃ​ ។ លោក​នាយ​ឧត្តម​​សេនីយ៍​​បាន​បញ្ជាក់​ថា «​ភាគី​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​លើ​ចំណុច​ជា​ច្រើន» ។

លោក​នាយ​ឧត្ត​ម​សេនីយ៍​​នាង​ ផាត​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថា គណៈ​ប្រតិភូ​ក្រុម​ការ​ងារ​​រួម​​​កម្ពុជា-ថៃ(JWG) តំណាង​រាជ​រដ្ឋ​ាភិបាល​​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់​​ដែល​ជា​ប្រធាន​ក្រុម​ការងារ​រួម​ ដើម្បី​អនុវត្ត​ដីកា​បង្គាប់​របស់​​​តុលាការ​​យុត្តិ​ធម៌​ក្រុង​ឡា​អេ ចុះ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​ ។ ​គណៈ​ប្រតិភូ​ដែល​បាន​ចូល​រួម​មាន​​តំណាង​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ក្រសួង​ការ​បរទេស​​កម្ពុជា ក្រសួង​មហា​ផ្ទៃ​ គណៈ​កម្មការ​​ព្រំដែន ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ មេ​បញ្ជា​ភូមិ​ភាគ​ មេបញ្ជាការ​កង​ពល និង​តំណាង​នគរ​​បាល​ជាតិ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​បញ្ជាក​ារ​នៃ​អគ្គ​បញ្ជា​ការ​ដ្ឋាន​ភូមិន្ទ​ថៃ ដែល​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម គឺ ៖

​ទី​១​-ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​​អនុវត្ត​ពេញ​លេញ​នូវ​ដីកា​បង្គាប់​របស់​តុលាកា​រ​យុត្តិធម៌​អន្តរជាតិ (ICJ)ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១១ ។

ទី​២-​ក្រុម​ការ​ងារ​​រួម​ (JWG) ប្តេជ្ញា​​អនុវត្ត​ល​ទ្ធផល​កិច្ច​ប្រជុំ​លើក​ទី​៨​ថ្ងៃ​ទី​២១ ធ្នូ ២០១១​របស់​​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) លើ​គោល​​ការណ៍​សម្រួល​កម្លាំង​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន (PDZ) និង​អញ្ជើញ​អ្នក​សង្កេត​ការណ៍ឥណ្ឌូណេស៊ី​​ មក​​ត្រួត​ពិនិត្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រតិបត្តិ (TOR) ដែល​ផ្តួចផ្តើម​​ដោយ​ឥណ្ឌូ​ណេ​​ស៊ី ។

ទី​៣-​ភាគី​ទាំង​ពីរ​នឹង​ឯក​ភាព​លើ​គោល​ការណ៍​ផែន​ការ​កែ​សម្រួល​កម្លាំង​​ទ័ព​ចេញ​ពី​តំបន់​ដែល​​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន​ (PDZ) និង​ការ​អញ្ជើញ​អ្នក​សង្កេត​ការណ៍រួម(កម្ពុជា​ ថៃ​ និង​ឥណ្ឌូ​ណេស៊ី) ដើម្បី​បន្ត​កិច្ច​ពិភាក្សា​នា​កិច្ច​ប្រជុំ​លើក​ក្រោយ​នៅ​កម្ពុជា​ ។

ទី​៤-​ភាគី​ទាំង​ពី​​​រ​បាន​ឯកភាព​​គ្នា​បង្កើត​មន្ត្រី​​ទំ​នាក់​ទំនង​ និង​លើក​ទឹក​ចិត្ត​​ពង្រឹង​យន្ត​ការ​ដែល​មាន​ស្រាប់​ដូច​ដែល​កម្ពុជា​បាន​​បង្កើត​រួច​ហើយ​គឺ​ក្រុ​ម​ការងារ​​សម្រប​សម្រួល​អ្នក​សង្កេត​ការណ៍​​បទ​ឈប់​បាញ់​ជា​មួយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី ។

ទី​៥-​ក្រុម​ការ​ងារ​ដែល​តំណាង​ដោយ​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពី​រ ​បាន​ឯក​ភាព​​រួម​កំណត់​​សម្គាល់​ចំណុច(ABDC) ដែល​បាន​កំណត់ដោយ​តុលាការ​​អន្តរជាតិ​ (ICJ) ស្រប​ពេល​គ្នា​នៃ​ការ​ប្រគល់​​​កិច្ច​ការ​ងារ​បោស​សម្អាត​មីន​នៃ​ប្រទេស​នីមួយៗ​អនុវត្ត​ការងារ​ជាក់​ស្តែង ។

ទី​៦-​​ក្រុម​ការ​ងារ​បាន​យល់​ស្រប​​គ្នា​​គោរព​តាមក​​ថាខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦៩ (B)(4)របស់​​សាល​ដីកា​បង្គាប់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ដោយគោរព​​គោល​ការណ៍​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ភាព​​សុខ​ដុម​រមនា​រវាង​ប្រជា​ជន​នៃ​ប្រទេស​​ទាំង​២ ដោយ​ជំរុញ​​សន្តិ​ភាព​យូរ​អង្វែង​តាម​បណ្តោយ​​ព្រំ​ដែន​ ហើយ​ប្តេជ្ញា​ទប់​ស្កាត់​រាល់​​សកម្ម​ភាព​ជ្រុល​និយម​ទាំង​ឡាយ​ណា​ដែល​ប្រើ​ប្រាស់​សាសនា​ ឬ​ចរិត​​ជាតិ​និយម​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បង្ក​ភាព​តាន​តឹង ឬ​​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​តំបន់​​ដែល​គ្មាន​កង​ទ័ព​បណ្តោះ​​អាសន្ន​​ ។

ទី​៧-​ភាគី​ទាំង​២​អនុញ្ញាត​ឱ្យ​ក្រុម​ការ​ងារ​នៃ​ប្រទស​នីមួយ​ៗ​មាន​សិទ្ធិ​រាយ​ការណ៍​រាល់​លទ្ធ​ផល​កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម (JWG) ដោយ​ផ្ទាល់​ជូន​ទៅ​គណៈ​កមា្មធិ​​ការ​ព្រំ​ដែ​ន​ទូ​ទៅ និង​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ដើម្បី​ជូន​ព័ត៌មាន​​ទៅ​តុលាការ​​យុត្តិ​ធម៌​អន្តរ​ជាតិ និង

ទី​៨-​ក្រុម​​ការងារ​រួម​កម្ពុជា-​ថៃ (JWG) ប្តេជ្ញា​គោរព​ច្បាប់​អន្តរ​ជាតិ​ គោល​ការណ៍​រួម​រស់​ជា​មួយ​គ្នា​​ដោយ​សន្តិ​សហ​​​​វិជ្ជមាន​ក្នុង​តំបន់ សហគមន៍​អាស៊ាន ដើម្បី​សន្តិ​ភាព​យូ​រអង្វែង​សហប្រតិបត្តិ​ការ​ល្អ​សម្រាប់​ប្រជា​ជន​ និង​សន្តិ​សុខសង្គម ។

លោក​នាយ​ឧត្ត​ម​សេនីយ៍​នាង​ ផាត បាន​​គូស​បញ្ជាក់​​ទៀត​ថា កាសែត​របស់​ថៃ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​​​មិន​ត្រឹម​ត្រូវ​ វា​ហាក់​ដូច​ជា​កា​សែតនោះ​ដឹង​ពី​លទ្ធផល​​នៅ​កិច្ច​ប្រជុំ​ បើ​ទោះ​បី​ជា​មិន​ទាន់​ដំណើរការ​កិច្ច​​ប្រជុំ​របស់​ក្រុម​ការងារ​រួម​កម្ពុជា​-ថៃ ក៏​ដោយ​ ។ លោក​នាយ​ឧត្តម​សេនីយ៍​បញ្ជាក់​ថា កិច្ច​ប្រជុំ​នៅ​កម្ពុជា​​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ ។ កម្ពុជា​ធ្លាប់​បាន​កំណត់​ថា ​ការ​ដក​​កង​ទ័ព​​​ចេញ​​ពី​តំបន់​​ដែល​គ្មាន​កង​ទ័ព​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ មករា​ ឆ្នាំ​២០១២ តែ​ភាគី​ថៃ​​បាន​​ស្នើ​ថា​​កុំ​កំណត់​ថ្ងៃ​ខែ​ច្បាស់​លាស់​ពេក​ក្នុង​ចេតនា​ពន្យា​រពេល ហើយ​ពេល​​នេះ​យើង​ដឹង​ហើយ​ថា​ចរិត​របស់​គេ​បែប​ណា​នោះ ៕​