រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ បានបញ្ចប់ដើម្បីប្រាប់សារព័ត៌មានជាតិ-អន្តរជាតិនៅវិមានសន្តិភាពថា ដូចអស់លោកបានជ្រាបហើយថា នៅថ្ងៃទី៣ ទី៤ មេសា ឆ្នាំ២០១២នេះ កម្ពុជាមានមហាកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះនិងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលការប្រជុំបានប្រព្រឹត្តទៅនៅវិមានសន្តិភាពនេះ ។
ក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឋានៈជាប្រធានឆ្នាំ២០១២ កម្ពុជាបានជ្រើសរើសយកមូលបទ «អាស៊ានៈសហគមន៍តែមួយ វាសនាតែមួយ » ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រជាជាតិអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ានជាមហាគ្រួសារជិតស្និទ្ធមួយដែលមានសុខដុមទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយឈរលើគោលការណ៍វិភាគនៃច្បាប់សន្តិសុខ សុខសន្តិភាពនៃភាពរឹងមាំផ្នែកសេដ្ឋកិច្ច ។ លើមូលដ្ឋាននៃមូលបទនេះ យើងបានធ្វើការពិភាក្សានៅក្នុងការប្រជុំពេញអង្គកាលពីព្រឹកម្សិលមិញ និងនៅក្នុងកិច្ចប្រជុំចង្អៀតនាពេលព្រឹកមិញនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់ទៅលើការពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពដែលយើងសម្រេចបាន និងការកំណត់ឱ្យឃើញនូវការប្រឈមទាំងឡាយដែលយើងត្រូវពុះពារជម្នះនៅក្នុងការអនុវត្តធម្មនុញ្ញអាស៊ាន ផែនទីចង្អុលផ្លូវសម្រាប់សហគមន៍អាស៊ានតាមសសរស្តម្ភសំខាន់ទាំង៣ ពោលគឺសហគមន៍នយោបាយ សហគមន៍សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌អាស៊ាន និងការអនុវត្តការងារផែនការទី២នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ២០០៩-២០១៥ ព្រមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏បានពិភាក្សាផងដែរលើបញ្ហានានាដែលមានសារសំខាន់ដល់ការរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងសម្រាប់ការលើកស្ទួយកិត្យានុភាពអាស៊ាន និងសម្រាប់ការទាក់ទាញបន្ថែមទៀតនូវការយកចិត្តទុកដាក់ពីសំណាក់ដៃគូធំៗទាំងឡាយមកលើការខិតខំរបស់អាស៊ានដើម្បីសម្រេចបាននូវការកសាងសហគមន៍នៅក្នុងឆ្នាំ២០១៥ខាងមុខ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងស្មារតីបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នាក្នុងការកសាងសហគមន៍អាស៊ាន ជាមហាគ្រួសារជិតស្និទ្ធមួយដែលរស់នៅជាមួយគ្នាក្នុងភាពសុខដុមរមនា កម្ពុជាបានផ្តួចផ្តើមដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីអាស៊ានៈសហគមន៍តែមួយ វាសនាតែមួយ ។ បន្ថែមលើនេះ ដើម្បីធ្វើឱ្យសេចក្តីថ្លែងការណ៍មានការពេញលេញគ្រាន់និងកាន់តែមានភាពជាក់ស្តែង ក្នុងនាមជាប្រធានអាស៊ាន បានស្នើដល់ថ្នាក់ដឹកនាំអាស៊ានពិចារណា និងអនុម័តផងដែរ នូវរបៀបវារៈភ្នំពេញ ដែលផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានាដែលមានបច្ចុប្បន្នភាពសម្រាប់អាស៊ាន ក្នុងពេលចំពោះមុខផងនិងផ្តោតលើការកំណត់នូវវិធានការគន្លឹះនានា ដែលជាអាទិភាពសម្រាប់ឈានទៅសម្រេចបាននូវសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ខាងមុខ ។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានពិភាក្សាយ៉ាងហ្មត់ចត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើឯកសារចម្បងទាំង២ដោយបានធ្វើការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងបានផ្តល់ការអនុម័តលើឯកសារដ៏សំខាន់ទាំង២នេះផងដែរ ។
សម្តេចមានប្រសាសន៍ថា បន្ថែមលើនេះទៀត យើងក៏បានពិនិត្យនិងអនុម័តនូវសេចក្តីថ្លែងការណ៍ស្តីពីតំបន់អាស៊ានគ្មានគ្រឿងញៀន នៅឆ្នាំ២០១៥ ដែលប្រការនេះនឹងចូលរួមវិភាគទានដ៏សំខាន់ដល់គោលដៅ និងការធានាដល់សុខុមាលភាពជូនប្រជាជនពិសេសសម្រាប់ស្រទាប់យុវជននៅក្នុងតំបន់ ។ នៅក្នុងការពិភាក្សា ថ្នាក់ដឹកនាំអាស៊ានបានកត់សម្គាល់ ដោយការពេញចិត្តនូវជោគជ័យនិងសមិទ្ធផលជាច្រើនក្នុងគ្រប់វិស័យដែលយើងសម្រេចបានកន្លងមក។ ទន្ទឹមនឹងនេះ យើងក៏ទទួលស្គាល់ដែរថា អាស៊ាននៅកំពុងបន្តជួបនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួននៅលើវិថីឆ្ពោះទៅរកគោលដៅនៃការសម្រេចបាននូវសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ។ យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា វិធានការទាំងឡាយដែលយើងបានឯកភាពគ្នាដាក់ចេញ និងជំរុញឱ្យអនុវត្តនៅក្នុងក្របខណ្ឌ និងរបៀបវារៈភ្នំពេញ នឹងអាចក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ជួយដោះស្រាយបញ្ហាប្រឈមធំៗ ទាំងឡាយរបស់យើងដែលរួមមាន ៖
១- ភាពចាំបាច់នៃការខិតខំជំរុញការកាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់ ។
២- សេចក្តីត្រូវការក្នុងការជំរុញអភិវឌ្ឍឱ្យបានជោគជ័យផែនការមេស្តីពីការតភ្ជាប់អាស៊ានដែលបង្កើតជាពិសេសទៅលើការសម្របសម្រួលការអនុវត្តគម្រោងជាអទិភាពនានាឱ្យមានភាពស៊ីសង្វាក់គ្នា និងការកៀរគរធនធានហិរញ្ញវត្ថុចាំបាច់សម្រាប់យកមកអនុវត្តគម្រោងអាទិភាពទាំងឡាយនេះ ។
៣-តម្រូវការចាំបាច់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដូចជាកិច្ចការពារសិទ្ធិរបស់ពលករ និងពង្រឹងយន្តការគ្រប់គ្រងនិងដោះស្រាយផលពិបាកនៃគ្រោះមហន្តរាយជាដើម ។
យើងក៏បានកត់សម្គាល់ផងដែរអំពីការងារវឌ្ឍភាពជាច្រើនទៀតដែលមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការធានាប្រសិទ្ធភាពសម្រាប់ការងារអនុវត្តធម្មនុញ្ញអាស៊ាន និងសម្រាប់ជំរុញកសាងសហគមន៍អាស៊ានមួយដែលមានប្រជាជនជាស្នូលរួមមានការបង្កើតលិខិតូប ករណ៍ច្បាប់សម្រាប់បកស្រាយធម្មនុញ្ញអាស៊ាន និងដោះស្រាយការងារផ្នែកច្បាប់ វឌ្ឍនភាពការងារនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សនិងការពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិនៃអាស៊ាន ពិសេសគឺជាមួយដៃគូសន្ទនារបស់អាស៊ាន ។
បន្ថែមពីនេះយើងផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការសំខាន់ៗមួយចំនួនផ្សេងទៀត ដែលពាក់ព័ន្ធដល់ការធានាស្ថិរភាពនិងសន្តិសុខសម្រាប់អាស៊ាន រួមមានសន្ធិសញ្ញាមិត្តភាព និងកិច្ចប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ វេទិកាតំបន់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ព្រមទាំងការលុបបំបាត់ និងការមិនរីកភាយសាយ អាវុធនុយក្លេអ៊ែរ ជាដើម ។
នៅក្នុងការពិភាក្សាអំពីតំបន់និងអន្តរជាតិសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងបានកត់សម្គាល់នូវការផ្លាស់ប្តូរវិជ្ជមាននានា ដែលជាការរួមចំណែកធ្វើឱ្យមានការវវិត្តល្អប្រសើរនូវស្ថានភាពនយោបាយ ស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ ក្នុងនោះរួមមានវឌ្ឍនភាពគួរជាទីលើកទឹកចិត្តនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងជំហានទៅមុខយ៉ាងល្អប្រសើរក្នុងការជំរុញនូវការខិតខំអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគីសមុទ្រចិនខាងត្បូង ជាពិសេសគឺជំហានវិជ្ជមានទាំងឡាយដែលយើងសម្រេចបានក្នុងការឈានទៅរៀបចំក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្យូង ។ នៅក្នុងកិច្ចពិភាក្សានេះផងដែរ កិច្ចពិភាក្សាបានបញ្ជាក់អំពីការខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ការអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញឆាប់រហ័សនូវកិច្ចចរចា៦ភាគី ។
ទន្ទឹមនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ា ដោយសារវឌ្ឍនភាពថ្មីៗទាក់ទងទៅនឹងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ថ្នាក់ដឹកនាំអាស៊ានបានអំពាវចំពោះដៃគូពាក់ព័ន្ធនានាសូមឱ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីមីយ៉ាន់ម៉ា ។
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីក៏នឹងលើកបញ្ហានេះ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនៅពេលខាងមុខនេះដែរ ។ ជា ទូទៅមានកុងសង់ស៊ីសដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាដែរ ។
កិច្ចប្រជុំបានឯកភាពលើគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការរៀបចំកិច្ចសន្ទនាអាស៊ានសកល នៅក្នុងខែវិច្ឆិកា ខាងមុខ ហើយក៏បានអនុម័តផងដែរ លើឯកសារទស្សនាទានស្តីពីការចរចាសកលនិយមកណ្តាល ព្រមទាំងបានស្តាប់របាយការណ៍របស់ប្រធានអាស៊ានស្តីពីការរៀបចំត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលG២០ តាមការអញ្ជើញរបស់រដ្ឋាភិបាលម៉ិចស៊ិកកូនៅខែមិថុនា ខាងមុខនេះ ។
បរីការណ៍នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជួបសន្ទនានិងពិភាក្សាពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាជាមួយនឹងតំណាងអន្តរសភាអាស៊ាន តំណាងអង្គការសង្គមស៊ីវិលអាស៊ាន និងតំណាងយុវជនអាស៊ាន ។ យើងចាត់ទុកថាកិច្ចដំណើរការនេះគឺជាចំណែកមួយដ៏សំខាន់នៃការខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន១ ដែលផ្តោតលើប្រជាជន ដើម្បីប្រជាជន ក្នុងន័យនេះយើងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តចូលរួមនឹងផ្តល់មតិល្អៗក្នុងន័យស្ថាបនានៃតំណាងអន្តរសភាអាស៊ាន អង្គការសង្គមស៊ីវិល និងសង្គមស៊ីវិលអាស៊ាន ចំពោះគោលដៅក្នុងការកសាងសហគមន៍អាស៊ានដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាព និងសុខដុមរមនា។ លើសពីនេះទៀតកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នេះ ក៏ជួនគ្នាផងដែរ ទៅនឹងការគោរពខួបអនុស្សាវរីយ៍លើកទី៤៥នៃការបង្កើតអាស៊ាន ។ ដើម្បីអបអរសាទរពិធីនេះក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានចេញផ្សាយនូវសេចក្តីប្រកាសស្តីពីខួបអនុស្សាវរីយ៍ស្តីពីខួបលើកទី៤៥ នៃការបង្កើតសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍ ដើម្បីកិច្ចបញ្ជាក់អំពីសមិទ្ធផលដ៏ធំធេងដែលអាស៊ានសម្រេចបាននៅក្នុងរយៈពេលជាង៤ ទសវត្សកន្លងមក ។ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយនិងការពេញចិត្តយ៉ាងខ្លាំងដោយបានកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃបដិសន្ធិមក អាស៊ានសម្រេចបាននូវការរីកចម្រើនធំធាត់គួរជាទីមោទនៈ ហើយបានដើរតួនាទីយ៉ាងសកម្ម ហើយប្រកបដោយឥទ្ធិពលនៅក្នុងកិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ ។
ស្របតាមកាលកំណត់នៃធម្មនុញ្ញអាស៊ាន សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានឹងមានកិត្តិយសស្វាគមន៍ទទួលថ្នាក់ដឹកនាំអាស៊ានជាថ្មីម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ទាំងអស់នេះគឺជាចំណុចសំខាន់ៗទាំងឡាយដែលខ្ញុំគូសបញ្ជាក់ជូនអស់លោកជ្រាប ។
ពាក់ព័ន្ធទៅនឹងសំណួរ ដែលបានលើកឡើងថា តើអាស៊ានបានលើកយកមកពិភាក្សាទេ រឿងសមុទ្រចិនខាងត្បូង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រហែលជាអ្នកព័ត៌មានទាំងឡាយនឹងអ្នកនយោបាយខ្លះគិតថា នៅពេលប្រជុំអាស៊ានម្តងនិងការប្រជុំពាក់ព័ន្ធគឺវាហាក់ដូចជាមានការត្រៀមបម្រុងនៃការធ្វើសង្គ្រាមដ៏ធំមួយរវាងអាស៊ាននិងចិនលើបញ្ហាសមុទ្រចិនខាងត្បូង ។ នេះជាការយល់ខុសទាំងស្រុងចំពោះអ្វីដែលជាគោលបំណងធំរបស់អាស៊ាននិងចិនដែលបានចុះហត្ថលេខារួមគ្នា ដែលហៅថា«សេចក្តីថ្លែងការណ៍អំពីកិច្ចដំណើរនៃភាគីពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូងដែលហៅកាត់ DOC ។ វាជាកិច្ចដំណើរការមួយដែលមិនអាចបោះបង់ចោលបាន ព្រោះថា វាជាបញ្ហាដែលបានចាប់ផ្តើមពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ ជាបន្តបន្ទាប់មេដឹកនាំអាស៊ាន និងចិន បានពិភាក្សាគ្នាពីជំហានមួយទៅកាន់ជំហានមួយ ហើយដំណាក់កាលចុងក្រោយយើងបានព្រមព្រៀងលើគោលការណ៍ណែនាំស្តីអំពីការអនុវត្តនៅ DOC កាលពីឆ្នាំកន្លងទៅនៅប្រទេសឥណ្ឌូណេស៊ី ។
ដូច្នេះជាការពិតហើយ យើងមានការពិភាក្សាអំពីបញ្ហានេះ ហើយយើងក៏បានចេញសេចក្តីថ្លែងការណ៍រួមមាន សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានពាក់ព័ន្ធជាមួយបញ្ហាសមុទ្រចិនខាងត្បូង ដែលជាការស្វែងរកច្រកចេញសម្រុះសម្រួលបន្ថែមដើម្បីឈានទៅសម្រេច ជាយថាហេតុនៅពេលខាងមុខ ។ នៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន អំពីសហគមន៍តែមួយ វាសនាតែមួយ ក៏បានលើកឡើងនូវចំណុចពាក់ព័ន្ធអំពីបញ្ហានេះដែរ ។ របៀបវារៈទីក្រុងភ្នំពេញ ក៏បានលើកឡើងអំពីបញ្ហានេះដែរ ។ ខ្ញុំសូមរំលឹកបន្តិចថា មុនពេលកិច្ចប្រជុំអាសា៊ន មានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនថា បញ្ហាសមុទ្រចិនខាងត្បូងមិនស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សានៅក្នុងទីក្រុងភ្នំពេញទេ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានវាយតម្លៃថា នេះជាការភាន់ច្រឡំដ៏ធំមួយនៃអ្នកដែលខ្វះចំណេះដឹងលើកិច្ចដំណើរការលើបញ្ហានីមួយៗ។ វាមិនខុសគ្នាពីការកសាងសហគមន៍អាស៊ាន ឬកិច្ចដំណើរការសមាហរណកម្មអាស៊ាននោះទេ ។ ចំណែកបញ្ហាពាក់ព័ន្ធអំពីសមុទ្រចិនខាងត្បូង វាជាកិច្ចដំណើរការមួយដែលមិនអាចមានម្តង អត់ម្តងនោះទេ មាននៅវៀតណាម ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឬអត់នៅកម្ពុជា វាមិនអាចទៅកើតទេ វាត្រូវមានជារៀងរហូត រហូតដល់ដំណើរការចប់បានសេចក្តីថា ឈានដល់ទីបញ្ចប់ដំណាក់កាលក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងគឺ DOC នេះឯង ។
ដូច្នេះ ខ្ញុំពិតជាមានការសោកស្តាយនូវការអសមត្ថភាព ឬអាចនិយាយបានម្យ៉ាងទៀតថា អគតិចំពោះអ្វីដែលជាបញ្ហាដែលត្រូវបានលើកឡើងដោយអ្នកវិភាគនយោបាយមួយចំនួន រាប់ទាំងអ្នកដែលគេយល់ថា បណ្ឌិតក្បាលទំពែក ហើយតាំងខ្លួនជាអ្នកវិភាគឯករាជ្យ និងបូកជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង គេលើកថាប្រធានាធិបតីហ៊ូជីនតាវ មកកម្ពុជា ដើម្បីធ្វើការបញ្ចុះបញ្ចូលកម្ពុជាកុំឱ្យពិភាក្សាលើបញ្ហាសមុទ្រចិនខាងត្បូង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរិះគន់ហើយស្នើឱ្យបណ្ឌិតក្តី ឬមិនមែនបណ្ឌិតក្តីទៅរៀនសូត្របន្ថែមអំពីអ្វីដែលជាកិច្ចដំណើរការទៅលើបញ្ហាទាក់ទិនជាមួយនឹងកិច្ចការរបស់អាស៊ាន ។ កម្រិតត្រឹមប៉ុណ្ណេះមិនទាន់មានលទ្ធភាពដឹកនាំប្រទេសបានទេ ប្រសិនបើជាធ្វើនយោបាយតាមរបៀបនយោបាយឡប់ៗ ឬក៏ជានយោបាយក្មេងបៀមដៃនោះមិនទាន់មានលទ្ធភាពដឹកនាំប្រទេសបានទេ ។ ដូច្នេះ តើប្រជាជនកម្ពុជានឹងមានសង្ឃឹមចំពោះអ្នកដែលប្រកួតប្រជែងដើម្បីយកទីតាំងវិមានសន្តិភាពនេះទៅអង្គុយទេ? ប៉ុន្តែខ្ញុំឃើញកម្រិតនៃការចេះដឹងបែបនេះមិនទាន់មានលទ្ធភាពដឹកនាំកម្ពុជាបានទេ ។
សម្តេចបានបញ្ជាក់ថា បញ្ហានេះគ្មានការរារាំងណាមួយពីចិនអំពីការពិភាក្សាលើបញ្ហានោះទេ វេទិកាសមុទ្រចិនខាងត្បូង គឺជាវេទិការវាងអាស៊ាន និងចិន។ កម្ពុជានឹងប្រើតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់កុំឱ្យមានការជ្រៀតជ្រែកពីខាងក្រៅនាំឱ្យមានការស្មុគស្មាញបន្ថែមទៀត ។ មេដឹកនាំរបស់ចិនមិនបានតាំងខ្លួនជាអ្នកគាបសង្កត់ ឬការអូសទាញនោះទេ នៅក្នុងបញ្ហានេះឯកម្ពុជាក៏មិនមែនជាទំនិញសម្រាប់ការទិញដូររបស់អ្នកណាទាំងអស់ ក្នុងឋានៈជារដ្ឋអធិតេយ្យ ហើយក៏ជាម្ចាស់ផ្ទះនៃការដឹកនាំកិច្ចប្រជុំនៃការចុះហត្ថលេខា DOC ដែលឥឡូវបាន១០ឆ្នាំហើយ ។ ចិនចង់បានបន្តពិភាក្សានៅក្នុងក្របខណ្ឌអាស៊ាន-ចិន ។
ទាក់ទិននឹងការបោះឆ្នោតនៅមីយ៉ាន់មា៉ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអធិប្បាយថា តើអស់លោកមានការពេញចិត្តអ្វីទៀត បើគណបក្សប្រឆាំងទទួលបានជ័យជម្នះទាំង៤៥អាសនៈ ហើយ។ ចំណុចទាំងនេះ ការបោះឆ្នោតដោយសេរីយុត្តិធម៌ត្រឹមត្រូវបំផុតហើយ ដែលគណបក្សនយោបាយប្រជែងមួយទទួលយកបានទាំងអស់នូវអាសនៈដែលត្រូវបោះបំពេញបន្ថែម ។
ទាក់ទិននឹងសំណួររបស់ព្រឹតិ្តបត្រឌឹឃែមបូឌាដេលី សម្តេចតេជោនាយករដ្ឋមន្ត្រីបានរិះគន់ថា ពេលដែលឃែមបូឌាដេលីសួរសូមថតហើយផ្ទៀតផ្ទាត់មុននឹងសរសេរ បើមិនដូច្នេះក្មួយពិតជាបាត់បង់នូវកិត្យានុភាពក្នុងឋានៈជាអ្នកសរសេរ ។
សម្តេចមានប្រសាសន៍ថា មកដល់ពេលនេះអាស៊ានកំពុងតែលើកនូវគោលគំនិតពាក់ព័ន្ធជាមួយនឹងបញ្ហាធាតុគួបផ្សំដើម្បីព្រាងឡើងនូវក្រមប្រតិបត្តិ ។ យើងមិនទាន់ឈានទៅដល់ការពិភាក្សាចំណុចលម្អិតពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ ពិតមែនតែឧត្តមមន្ត្រីរបស់យើងបានឃើញនូវសេចក្តីព្រាងដោយភាគីនេះ ដោយភាគីនោះ ប៉ុន្តែយើងមិនទាន់មានចំណុចរួមពាក់ព័ន្ធនឹងបញ្ហាដើម្បីជជែកពិភាក្សាជាមួយចិននៅឡើយទេ។ យើងនឹងខិតខំធ្វើការងារនេះជាបន្ត ប៉ុន្តែការចាប់ផ្តើមរបស់យើងគឺត្រូវធ្វើដំណើរជាមួយនឹងការចាប់ផ្តើមជាមួយចិនផងដែរ ។ ដោយមិនត្រូវចាំបាច់ថា អាស៊ានមានការឯកភាពទាំងស្រុង ហើយយកទៅដាក់លើតុមានការគាបសង្កត់ទៅលើចិននោះទេ ។
សម្តេចបានលើកឡើងថា អ្វីដែលការចង់បានទាំងអាស៊ាន និងចិន គឺ ឈ្នះ=ឈ្នះ មិនមែនចាញ់=ចាញ់ទេ ។ ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ វាត្រូវតែមានកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ មិនអាចធ្វើឱ្យអ្នកណាមួយចាញ់នៅក្នុងកិច្ចសហប្រតិបត្តិការនេះបានទេ ។ ចំណុចដែលច្បាស់ ឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាក៏ធ្វើខួបអនុស្សាវរីយ៍នៃ DOC នេះគឺជាចំណុចដែលច្បាស់ ។ អ្វីៗបន្តយើងនឹងដំណើរការជាបន្តបន្តាប់ទៅតាមអ្វីដែលជាការព្រមព្រៀងរវាងអាស៊ាន-ចិន មិនអាចដំណើរការ អាស៊ានដោយចិនមិនយល់ព្រម ឬដំណើរការចិនដោយអាស៊ានមិនយល់ព្រមបានទេ ត្រូវដំណើរការទាំងសងខាង ។
ទាក់ទងទៅនឹងជោគជ័យនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា សំណួរសួរថា តើសម្តេចអាចជួបជាមួយប្រធានាធិបតី និងលោកស្រីអូងសានស៊ូជី ឬមានផែនការផ្សេង ?
សម្តេចតេជោបានរិះគន់ថា សំណួរនេះគេហៅថា ហួសសម័យ មិនមានការចាំបាច់ឱ្យទៅដឹកដៃលោកស្រីអូងសានសូ៊ជី ទៅជួបប្រធានាធិបតី ហើយក៏មិនមានការចាំបាច់ឱ្យមានរដ្ឋមន្ត្រីនេះ រដ្ឋមន្ត្រីនោះទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាដែរ អាហ្នឹងវាហួសសម័យហើយ ។ ព្រោះឥឡូវនេះលោកស្រីអូងសានស៊ូជី និងសហការីត្រៀមទៅអង្គុយប្រជុំជាមួយថេន សេន នៅក្នុងសភាទៅហើយ ដូច្នេះគ្មានការចាំបាច់ទេ ភាសាខ្មែរគេថា ហួសសម័យទៅហើយ ។
ចំពោះបញ្ហាទី២ វាមិនមែនជាឥទ្ធិពលដូចអ្នកវិភាគឡប់ៗ មួយចំនួនដែលចេះតែលើកថា ទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជាគឺជាការបញ្ចុះបញ្ចូល គាបសង្កត់កម្ពុជា ។ សម្តេចបានរិះគន់ថា វាមិនមែនយ៉ាងដូច្នោះទេ គឺជាការធ្វើដំណើរដោយមានការរៀបចំមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ គ្មានពាក់ព័ន្ធនឹងការប្រជុំកំពូលអាស៊ានទេ ។ បើទោះបីលោកប្រធានាធិបតីចិនមិនមកពេលហ្នឹង ក៏លោកមកពេលក្រោយ ប៉ុន្តែដំណើររបស់គាត់ចេញពីសេអ៊ូល ទៅកាន់ឥណ្ឌា រួចហើយទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយវិលចូលទៅប្រទេស ។
សម្តេចបានរិះគន់ថា សូមស្នើអស់លោកកុំធ្វើជាអ្នកវិភាគឡប់ ធ្វើជាអ្នកវិភាគតាមបែបវិជ្ជាជីវៈ ហើយធ្វើជាអ្នកវិភាគបែបចាស់ទុំបានទេ ជាពិសេសហៅថា អ្នកវិភាគឯករាជ្យក្បាលទំពែកនោះ….យូរទៅនាំគ្នាចង់ឡប់ ….៕






ចែករំលែកព័តមាននេះ