រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការបររទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កៅ គឹមហួន បានថ្លែងកាលពីព្រឹកថ្ងៃទី៤ មេសា ថា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាបាញ់អាវុធនុយក្លេអ៊ែរ គ្របដណ្តប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក កៅ គឹមហួន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំចង្អៀតរបស់មេដឹកនាំអាស៊ានថា បញ្ហាទាំងអស់នេះត្រូវបានលើកយកមកពិភាក្សាគ្នាខ្លះៗហើយ ប៉ុន្តែអាស៊ាននឹងលើកយកមកពិភាក្សាគ្នាលម្អិតបន្ថែមទៀត នៅក្នុងកិច្ចប្រជុំចង្អៀតនាថ្ងៃនេះ ។ លោក កៅ គឹមហួន ក៏បានច្រានចោលផងដែរ នូវការធ្វើអត្ថាធិប្បាយនានា ដែលថាប្រទេសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន និងមានភាពលម្អៀងទៅរកប្រទេសមហាអំណាចមួយនេះ ដោយលោកបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះ មាននៅក្នុងរបៀបវារៈរួចហើយ និយាយឱ្យចំគឺ បញ្ហានេះវាជារបៀបវារៈជាប្រចាំរបស់អាស៊ានទៅហើយ មិនមែនតែលើកនេះទេ ។
លោករដ្ឋលេខាធិការបានបន្ថែមថា បញ្ហាសេចក្តីព្រាង CoC កំពុងត្រូវបានពន្លឿនដោយ ឧត្តមមន្ត្រីអាស៊ាន ដោយបានជួបជុំគ្នា៤លើករួចមកហើយដោះស្រាយជាមួយប្រទេសចិន ដែលយើងបានដឹងហើយថា មេដឹកនាំអាស៊ានបាននិងកំពុងជំរុញ និងពន្លឿន ដើម្បីបញ្ចប់នូវសេចក្តីព្រាង CoC ឱ្យបានមុនការចូលរួមរបស់ភាគី ចិន ។
ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបររទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា អ្វីដែលមេដឹកនាំអាស៊ានចង់បាននោះគឺ រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងមិនឱ្យបញ្ហាសមុទ្រចិនខាងត្បូង ក្លាយជាបញ្ហាទំនាស់រវាងអាស៊ាន និងចិននោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាបាញ់បង្ហោះអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង លោក កៅ គឹមហួន បញ្ជាក់ថា បញ្ហានេះនឹងក្លាយជារបៀបវារៈដ៏សំខាន់របស់ប្រមុខអាស៊ាន ។ លោកបន្តថា នាអំឡុងដើមខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាស៊ានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងផងដែរ៕



ចែករំលែកព័តមាននេះ