ខេត្តក្រចេះ ៖ ប៉ូលិសស្រុកសំបូរ បានចាប់ឃាត់ខ្លួនយុវជនដៃដល់ក្នុងករណីឃាតកម្មវាយសម្លាប់ឪពុកបង្កើតដោយខ្នងពូថៅ ក្រោយពេលដែលឪពុករូបនេះតែងតែបង្កហិង្សាក្នុងគ្រួសារ លើស្រ្តីជាម្តាយ និងប្អូនៗ ជាច្រើនលើកច្រើនសា ។
ប៉ូលិសស្រុកសំបូរ បានឱ្យដឹងថា យុវជនជាប់ចោទរូបនេះឈ្មោះសន រ៉ាត់ អាយុ១៩ឆ្នាំ ជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី១ មេសា ។ រីឯបុរសជាឪពុកឈ្មោះសន ឡាត់ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ហើយបុរសជាឪពុករូបនេះ ត្រូវបានគេដឹងថា ជាមនុស្សពូកែផឹកស្រា និងប្រចណ្ឌប្រពន្ធ និងតែងតែរករឿងវាយប្រពន្ធកូនជាច្រើនលើកច្រើនសា នៅពេលស្រវឹងម្តងៗ ។
ប៉ូលិសបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១ មេសា វេលាម៉ោង៦ល្ងាច ជនដៃដល់ជាកូន បានត្រឡប់ពីចម្ការ និងអង្គុយចាំងដងពូថៅនៅក្រោមផ្ទះ ។ ខណៈនោះដែរបុរសជាឪពុក ដែលស្ថិតក្នុងអាការៈស្រវឹងស្រា បានរករឿងស្រ្តីជាប្រពន្ធ និងឈានទៅដល់វាយតប់ប្រពន្ធយ៉ាងចាស់ដៃ ។
នៅក្នុងជម្លោះឪពុកជាមួយនឹងម្តាយ ជនដៃដល់ជាកូនក៏បានឃាត់ឪពុកថា កុំឲ្យឈ្លោះ ជាមួយម្តាយខ្មាសគេ តែឪពុកមិនស្តាប់ថែមទាំងគំហកសម្លុតរូបគេថែមទៀត ។ ក្នុងជម្លោះ ហិង្សានៅល្ងាចថ្ងៃនោះ បុរសជាឪពុកបានបោចសក់ស្ត្រីជាប្រពន្ធ និងចាប់ច្របាច់.កស្ទើរដាច់ខ្យល់ស្លាប់ ដោយឃើញសភាពធ្ងន់ធ្ងរបែបនេះប្អូនៗដែលនៅលើផ្ទះបានចាប់ជួយឃាត់ក៏ឃាត់មិនឈ្នះ និងបានស្រែកហៅជនដៃដល់ជាកូនច្បងឱ្យមកជួយម្តាយដោយប្រាប់ថា ពុកច្របាច់.កស្លាប់ឥឡូវហើយ ។ ភ្លាមៗនោះ យុវជនដៃដល់ក៏ស្ទុះទៅជួយចាប់ឪពុកចេញ តែគាត់មិនព្រមចេញថែមទាំងវាយជនដៃដល់មួយដៃ តែត្រូវគេចផុត ហើយរូបគេក៏ស្ទុះយកពូថៅមកវាយឪពុកមួយពូថៅចំក្បាលបណ្តាលឱ្យបុរសជាឪពុកដួលលើរនាបផ្ទះ និងវាយថែមពីរខ្នងពូថៅទៀត បណ្តាលឱ្យដួលបាត់មាត់ឈឹងចេញឈាមតាមគុម្ពត្រចៀកស្លាប់នៅនឹងកន្លែង ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមកដោយសារតែបុរសជាឪពុកពូកែរក រឿងវាយតប់ម្តាយនៅពេលស្រវឹងម្តងៗ ជនដៃដល់ជាកូនច្បងក៏បានជម្លៀសម្តាយចេញពីខេត្ត កណ្តាល មករស់នៅចំណុចខាងលើប្រកបរបរធ្វើចម្ការបានរយៈពេលមួយឆ្នាំមកហើយ ដើម្បីឱ្យឃ្លាតឆ្ងាយពីហិង្សាដែលបង្កឡើងដោយបុរសជាឪពុកប្រមឹករូបនេះ ។ ក្រោយមកដោយសារបុរសជាឪពុករូបនេះ ធ្លាក់ខ្លួនឈឺម្តាយក៏ទៅយកមករស់នៅជាមួយ ហើយក៏កើតបញ្ហាជាបន្តបន្ទាប់រហូតឈានទៅដល់ការវាយស្លាប់នេះ ។
តាមការរៀបរាប់របស់ក្មេងប្រុសឈ្មោះ សន សំបូរ អាយុ១៦ឆ្នាំ ជាកូនទី២ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខណៈពេលដែលខ្លួនមកពីលើកភ្លឺស្រែ ចំណែកឯបងប្រុសមកពីចម្ការ និងរកកង្កែបក្តាមគ្រាន់ទុកធ្វើម្ហូប ដូចតាមទម្លាប់នោះ ពេលមកដល់ផ្ទះឃើញឪពុកកំពុងតែអង្គុយផឹកស្រាក្លែមសាច់មាន់ ដោយផឹកបណ្តើរជេររករឿងម្តាយបណ្តើរពីរឿងប្រចណ្ឌក៏ឈានទៅដល់ទំនាស់យ៉ាងចាស់ដៃ ។
លោកអនុសេនីយ៍ឯក ស្វាយ សុន្ទរី អធិការរងនគរបាលស្រុកសំបូរ បានឱ្យដឹងថា ជនដៃដល់ជាកូនរូបនេះ ត្រូវបានកម្លាំងនគរបាលស្រុកចាប់ឃាត់ខ្លួនភ្លាមៗក្រោយពេលកើតហេតុ ។ ឆ្លងតាមការពិនិត្យសពជនរងគ្រោះ គឺត្រូវជនដៃដល់វាយនឹងខ្នងពូថៅ ត្រូវចំគុម្ពត្រចៀកខាងស្តាំមួយពូថៅ និងចំកចំនួនពីរពូថៅ ។
លោកអធិការរងបានបញ្ជាក់ថា ជនដៃដល់ជាកូនត្រូវបានកម្លាំងជំនាញអធិការដ្ឋានស្រុក ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តដើម្បីមានវិធានការបន្ត ៕
ចែករំលែកព័តមាននេះ