ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេជាងសំណង់​២​នាក់​ប្តីប្រពន្ធ ត្រូវ​​កូន​ជាង​ដែក​ព្រួតគ្នា​កា.ប់​របួស​​ទាំង​២​នាក់​ រួច​ជិះ​ម៉ូតូ​​រត់​បាត់​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មេជាងសំណង់២​នាក់ប្ដី​ប្រពន្ធបានរងរបួសដេរម្នាក់ជាង១០ថ្នេរ ដោយ​សារតែជនពាល​៣នាក់ ក្នុង​នោះ​២​នាក់ជាកូន​ជាង​ផ្សារដែក​ប្រើកាំបិត និងប៉ែលចូក​ស៊ីម៉ង់ត៍​វាយ និង​កា.ប់ឲ្យរបួស កាលពីវេលាម៉ោង៥​និង​៣០​នាទី​ល្ងាចថ្ងៃទី១ មេសា ក្នុងគ្រាដែល​ភាគី​ទាំង២​កំពុង​សាងសង់ផ្ទះគេមួយ​កន្លែងស្ថិត​ក្នុង​ភូមិព្រែក​មហាទេព

ខេត្តបាត់ដំបង ៖ មេជាងសំណង់២​នាក់ប្ដី​ប្រពន្ធបានរងរបួសដេរម្នាក់ជាង១០ថ្នេរ ដោយ​សារតែជនពាល​៣នាក់ ក្នុង​នោះ​២​នាក់ជាកូន​ជាង​ផ្សារដែក​ប្រើកាំបិត និងប៉ែលចូក​ស៊ីម៉ង់ត៍​វាយ និង​កាប់ឲ្យរបួស កាលពីវេលាម៉ោង៥​និង​៣០​នាទី​ល្ងាចថ្ងៃទី១ មេសា ក្នុងគ្រាដែល​ភាគី​ទាំង២​កំពុង​សាងសង់ផ្ទះគេមួយ​កន្លែងស្ថិត​ក្នុង​ភូមិព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង។ ក្រោយ​ពីធ្វើសកម្មភាព​ក្រុមជនពាលបាន​ជិះម៉ូតូ​គេច​ខ្លួនបាត់អស់។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​ប្រាប់​ឱ្យ​ដឹង​ថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ​នោះ​ឈ្មោះ​គង់ តាំ អាយុ៤១ឆ្នាំ ជាប្ដីរបួស​ត្រង់ថ្ងាស​ដេរ​ជាង​១០ថ្នេរ និងប្រពន្ធឈ្មោះទឹម លៀប អាយុ​៤១ឆ្នាំរបួសច្រមុះដេរជិត១០ថ្នេរដែរ។ ប្ដី​ប្រពន្ធ​នេះជាមេជាងផ្នែកសំណង់នៅភូមិ-សង្កាត់​កើត​ហេតុខាងលើ។ រីឯក្រុមបង្កមាន​គ្នា​៣​នាក់ដែល​គេស្គាល់១-ឈ្មោះវិត ម៉ារ៉ាឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២-ឈ្មោះវឿន ភេទ​ប្រុស អាយុ២៣ឆ្នាំ ២នាក់នេះជា​ជនដៃដល់ និង៣-មិនទាន់​ស្គាល់​ឈ្មោះ​ជាអ្នក​ឌុបដែលអង្គុយចាំលើម៉ូតូជា​ស្រេច។ សមត្ថ​កិច្ចប្រាប់ថា ក្រុមនេះ​បាន​ប្រើ​កាំបិត​ប៉័ង​តោចំនួន​២ និងប៉ែលក្នុងការវាយ​ប្រហារទៅ​លើ​ប្ដី​ប្រពន្ធនោះ។

មេជាងសំណង់ដែលរងគ្រោះឈ្មោះគង់ តាំ បានប្រាប់សមត្ថកិច្ចថា គាត់ជាជាងសំណង់ រីឯ​ក្រុមនោះជាជាងដែក ត្រូវ​ម្ចាស់ផ្ទះជួលឲ្យមក​ធ្វើ​ផ្ទះនោះជាមួយគ្នា តែផ្នែក​ផ្សេងគ្នា។ បុរស​នេះ​បន្តថា កាលពីព្រឹកថ្ងៃកើតហេតុគាត់បានឮ​ម្ចាស់​ផ្ទះ​ឈ្មោះ​ទិត្យ ទុំ អាយុ៤៥ឆ្នាំបានប្រាប់ក្រុម​ជាង​ដែក​នេះ អំពីរឿងធ្វើមិនត្រូវតាមប្លង់ ហើយ​ម្ចាស់ផ្ទះ​បាន​ប្រាប់ឲ្យកែតម្រូវ។ មេជាងសំណង់​បញ្ជាក់​ថា គ្រានោះ ស្រាប់តែកូនជាងដែកបាន​តមាត់​ម្ចាស់​ផ្ទះគ្មានដាច់មួយម៉ាត់ទេ ឭដូច្នេះ​រូប​គាត់ក៏​ប្រាប់​កូនជាងដែកនោះថា «អើចុះអែង​ក្មេង​ចាំ​តមាត់​គាត់ធ្វើអី បើខុសហើយម៉េច​មិន​ពិនិត្យ​ឲ្យ​ត្រង់​ទៅ»គ្រាន់តែប៉ុណ្ណឹងក្រុមនេះ​ដំឡើង​សរសៃ.ក​ដាក់​គាត់មួយរំពេច និង​ឈានទៅ​ព្រួត​គ្នា​វាយ​តប់​គាត់​តែម្តង ៕