ខេត្តកំពង់ឆ្នាំង ៖ រូបសំណាកព្រះនារាយណ៍ ឬព្រះវិស្ណុ ដែលមានទំហំយ៉ាងធំ និងមានកម្ពស់៥,៥០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យគោរពបូជាជាផ្លូវការ កាលពីថ្ងៃទី២២ មីនា ក្រោមអធិបតីភាពលោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីលោកទូច ម៉ារីម អភិបាលខេត្ត លោកអភិបាលរងខេត្ត មន្ត្រីរាជការ មេបញ្ជាការ លោកស្នងការរង និងអ្នកមុខអ្នកការជាច្រើនរូបទៀត ។
រូបសំណាកដ៏ធំមិនធ្លាប់មាននេះ ត្រូវបានដាក់តាំងនៅមុខមន្ទីរកសិកម្មខេត្ត ដែលមានផ្លូវបែកជា៣ ។ ពិធីបានចាប់ផ្តើមដោយលោកតាអាចារ្យរៀបចំក្រុងពាលី និងព្រះសង្ឃចំនួន៥អង្គ សូត្រជ័យន្តោ ប្រោះព្រំ ដោយមានរៀបចំដាក់តង្វាយ មានក្បាលជ្រូក១គូ ផ្លែឈើ នំចំណីគ្រប់មុខ និងមានបាយសីច្រើនថ្នាក់ផងដែរ ។ មន្ត្រីសាលាខេត្តមួយរូបបាននិយាយថា ព្រះបដិមា ព្រះនារាយណ៍នេះ ធ្វើអំពីថ្មភក់ មានកម្ពស់៥,៥០ម៉ែត្រ បានកសាងឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០១១ ហើយរួចរាល់នៅដើមឆ្នាំ២០១២ និងទើបត្រូវបានរៀបចំដាក់សម្ពោធនៅថ្ងៃនេះ ។
លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មានប្រសាសន៍ថា ព្រះនារាយណ៍ឬព្រះវស្ណុ ត្រូវបានគេរកឃើញក្នុងអំឡុងឆ្នាំ៨០០ នៅខេត្តតាកែវ ដែលជាព្រះបដិមាដ៏មានវ័យចំណាស់ជាងគេ ។ ព្រះវិស្ណុឬព្រះនារាយណ៍នេះ គឺខ្មែរយើងគោរពបូជាតាមបែបព្រហ្មញ្ញសាសនា ដែលព្រះបដិមាគេកសាងឡើងខ្លះមានព្រះហស្ត៤ ខ្លះមានព្រះហស្ត៨ ប៉ុន្តែរូបសំណាកដែលដាក់តាមទីសាធារណៈភាគច្រើនគឺមានព្រះហស្ត៤ ដែលតំណាងឱ្យទឹក ដី ភ្លើង ខ្យល់ ។ ដោយឡែករូបសំណាកព្រះវិស្ណុដែលដាក់សម្ពោធនាពេលនេះ មានព្រះហស្ត៤ និងកសាងតាមរចនាបថសម័យអង្គរ ។
ការដាក់តាំងរូបសំណាកនៅទីសាធារណៈនេះ គឺសំដៅឱ្យព្រះអង្គទ្រទ្រង់ទឹក ដី ប្រជាពលរដ្ឋ និងមន្ត្រីរាជការឱ្យមានសេចក្តីសុខឈ្នះអស់មារសត្រូវគ្រប់ទិសទី និងផ្ចាញ់អស់សត្រូវ និងជនអគតិ ដែលចង់យាយីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ។ ក្រៅពីនេះគឺសម្រាប់ទុកជាកន្លែងទីសក្ការៈដល់ប្រជាពលរដ្ឋគោរពបូជា និងបែបន់តាមជំនឿរៀងៗខ្លួនផងដែរ ហើយព្រះបដិមាដ៏ធំបែបនេះ ពុំធ្លាប់មានពីមុនមកទេ ដែលនេះគឺទី១សម្រាប់ខេត្តកំពង់ឆ្នាំង ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ព្រហ្មញ្ញសាសនាមានអាទិទេព៣អង្គ គឺព្រះនារាយណ៍ ឬព្រះវិស្ណុ ព្រះសិវៈ ឬព្រះឥសូរ និងព្រះព្រហ្ម ៕


ចែករំលែកព័តមាននេះ