បុរសជនជាតិអង់គ្លេសម្នាក់ទិញព្រហ្មចារីតំលៃ1.500$មួយសប្តាហ៍ បាន6ថ្ងៃបែកការណ៍
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:៥៩

ប៊ុនរី
ជនជាតិអង់គ្លេសម្នាក់ត្រូវចាប់ខ្លួន
ខេត្តកណ្តាល ៖ ជនជាតិអង់គ្លេសម្នាក់ និងខ្មែរ៣នាក់ត្រូវចាប់ខ្លួន និងកុមារី២នាក់ ត្រូវបានរំដោះកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ កញ្ញា នៅផ្ទះទឹកកៀនស្វាយ ដោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ និងមានចំណារអនុញ្ញាតឱ្យស៊ើបអង្កេតជាបឋមលេខ៤៧៧ ចុះថ្ងៃទី៤ កញ្ញា របស់លោកហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ សមត្ថកិច្ចស្រាវជ្រាវរកឃើញបទល្មើសករណីទិញ-លក់ពេស្យាចារកុមារ ក្នុងនោះក៏មានកុមារី២នាក់ត្រូវបានរំដោះ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ MICHAEL JOLIAN LEACH ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាភ្ញៀវទេសចរ ២-ឈ្មោះពេញ ផាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១ ផ្លូវ១៧៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី៣-ឈ្មោះសេប ដិប ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ម្ចាស់ទីតាំង) ផ្ទះទឹកជួលឱ្យជនបរទេសប្រព្រឹត្តបទល្មើស និងទី៤-ឈ្មោះអេត អឿន ភេទស្រី អាយុ៤០ឆ្នាំ ជាម្តាយកុមារីរងគ្រោះ ។ រីឯជនរងគ្រោះមានម្នាក់ឈ្មោះលី សំណាង ភេទស្រី អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះវ៉ាន៉ ឌី ភេទស្រី អាយុ១៣ឆ្នាំ ដូចគ្នា ។
ទាក់ទិននិងការឃាត់ខ្លួនជនពាក់ព័ន្ធទិញ-លក់ពេស្យាចារកុមារខាងលើនេះ លោកកែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឱ្យដឹងថា អំពើល្មើសច្បាប់ លើកុមារីជាអនីតិជនប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ទៅមិនរួចទេ ព្រោះម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ គេបានសហការជាមួយសមត្ថកិច្ចមិនឱ្យនាំចូលផ្តេសផ្តាស ដូច្នេះហើយបានជាគេនាំទៅប្រព្រឹត្តតាមបណ្តាខេត្តវិញ ៕