ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​តម្បាញ​​​កោះ​ដាច់​​​នៅតែជួប​​កង្វះ​ខាត​​​ ខណៈ​ផលិត​​ផល​​នៅ​មាន​តម្លៃ​​​​ទាប និង​​មិនទាន់​មាន​ទីផ្សារ​ទូលាយ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ សិប្បកម្មតម្បាញ​ហូល ផាមួង ស៊ឹង សារុងសូត្រ​ និង​​ក្រមា​ជាសិប្បកម្ម​មួយ​ប្រភេទក្នុង​ចំណោមសិប្បកម្មប្រពៃណី​ជា​ច្រើនប្រភេទទៀត ដែលបានរួមចំណែកក្នុងការ​កំណត់​នូវអត្ត​សញ្ញាណខ្មែរ និងមានវត្តមានក្នុង​វប្បធម៌ប្រពៃ​ណីខ្មែរតាំងពីបុរាណកាលមក។

ជាការពិតបើទោះបីជាសម័យសាកលភាវូបនីយកម្ម ពោរពេញដោយសម្ភារ និងឧបករណ៍​ទំនើប ដែលបាននិងកំពុងអូសទាញពលរដ្ឋខ្មែរ​ស្ទើរគ្រប់វ័យមួយចំនួនក៏ដោយ ប៉ុន្តែសម្រាប់​ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែមិនភ្លើតភ្លើន និងភ្លេចពីវប្បធម៌ប្រពៃណីទំនឹមទំនៀម តាម​រយៈបន្តការប្រើប្រាស់​នូវអ្វីដែលជារបស់ខ្មែរ ដូច​ជាហូល ផាមួង ក្រមា ដើម្បីស្លៀកពាក់​ចូល​រួម​​ក្នុង​ពិធី​ជា​ប្រពៃណី សាសនា បុណ្យជាតិផ្សេងៗដូចជា ក្នុង​ពិធីអាពាហ៍ពិពាហ៍ ចូលវត្ត​អារាម​​ក្នុង​​ថ្ងៃ​​បុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ និង​ចូល​គាល់​ព្រះមហា​ក្សត្រ​ជាដើម​។

សិប្បកម្មតម្បាញហូល ផាមួង ត្រូវបានគេ​ស្គាល់ ​និងដឹងឮថាមាននៅ​តំបន់មួយចំនួនក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ដូច​ជា នៅព្រែកចង្រ្កាន ក្នុងខេត្តកំពង់ចាម ឃុំក្បាល​កោះ ស្រុកកៀន​ស្វាយ បច្ចុប្បន្នសង្កាត់ក្បាល​កោះ ក្នុងខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ និងនៅ​តាម​ស្រុកមួយចំនួន​ក្នុង​ខេត្តតាកែវ។ល។ ប៉ុន្តែ​សម្រាប់អ្នកភូមិនៅ​សង្កាត់​កោះដាច់ ​ខណ្ឌ​ឫស្សីកែវ ស្ថិតនៅតាម​បណ្តោយ​ដងទន្លេ​មេគង្គ​លើ ភាគខាងកើត​រាជ​ធានី​ភ្នំពេញប្រមាណ​១០​គីឡូម៉ែត្រ ដោយឆ្លង​កាត់​ទូក​ដពីត្រើយ​ខាងលិច ឆ្ពោះ​ទៅ​ខាង​កើត​នៃ​ទន្លេ​មេគង្គ ។ បើទោះបីជា​តម្លៃ​ហូល ផាមួងនៅ​លើ​ទីផ្សារបានធ្លាក់ចុះ និង​មិនសូវមានអ្នក​ជាវ​កាល​ពីឆ្នាំកន្លងទៅយ៉ាងណា ក៏ដោយ ក៏​អ្នកភូមិ​នៅតែ​ព្យា​យាម​ប្រកប​របរ​នេះ​ឥត​ខាន​។ បើ​និយាយពីគុណភាពហូល ផាមួង របស់អ្នកភូមិ​កោះ​ដាច់ ក៏ល្បីល្បាញថាមានគុណ​ភាពល្អ មិន​ចាញ់​ហូល ផាមួង ដែលត្បាញនៅ​តំបន់​ដទៃ​នោះ​ដែរ។

អង្គុយក្នុងការិយាល័យដែលពាសពេញទៅ ដោយក្រដាសឯកសារស្ថិតក្នុងអាគារសាលាសង្កាត់ដែលមានសភាពទ្រុឌទ្រោមផ្នែកខាង ក្រៅ ប៉ុន្តែមានការរៀបចំតុប​តែងបាន​ល្អគួរ​សម​ផ្នែកខាងក្នុង ​លោកប៉ាត់ អ៊ែល ចៅសង្កាត់​កោះ​ដាច់ បានមានប្រសាសន៍ប្រាប់កោះសន្តិ​ភាពក្នុង​ទឹកមុខញញឹមញញែមរួសរាយរាក់ទាក់​ថា​ វិបត្តិ​សេដ្ឋកិច្ចពិភពលោកដែលនៅតែបន្តមានឥទ្ឋិពលលើព្រះរាជាណាចក្រកម្ពុជានៅឡើយ ក៏​ជាមូល​ហេតុមួយក្នុងចំណោមមូលហេតុមួយ​ចំនួ​ន​ទៀត បណ្ដាលឱ្យ​ចង្វាក់ផលិតកម្មតម្បាញ​ក្នុងសង្កាត់​កោះដាច់មានការធ្លាក់ចុះជាលំដាប់​ក្នុងពេល​កន្លង​មកនេះ ហើយក៏បានជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅដល់ជីវភាព​ប្រជាតម្បាញដែលពឹង​ផ្អែក​ស្ទើរ​តែ​ទាំងស្រុងទៅលើរបរមួយនេះ និង​ចាត់ទុក​វា​ជា​ប្រភពចំណូលយ៉ាងសំខាន់សម្រាប់​ទ្រទ្រង់​ក្រុម​គ្រួសាររបស់ពួកគាត់ ពីព្រោះប្រសិន​បើ​វិស័យនេះមានការធ្លាក់ចុះនោះ អត្រា​ប្រាក់​ចំណូល​​សំខាន់របស់ក្រុមគ្រួសារប្រជាតម្បាញក៏​ធ្លាក់ចុះ ដែលធ្វើឱ្យ​សេដ្ឋកិច្ចគ្រួសាររបស់គាត់​ជួប​​នឹងវិបត្តិ​ផងដែរ​ ។

លោកចៅសង្កាត់កោះដាច់បានបន្តថា នៅ​ក្នុង​មូលដ្ឋានរបស់គាត់មានប្រជាជន ប្រមាណ​៦៥%កំពុងតែប្រកបរបរសិប្បកម្មតម្បាញហូល ផាមួង និងស៊ឹង ហើយការធ្លាក់ចុះដោយសារ​សេដ្ឋ​កិច្ច​អន្តរជាតិ និងជំនន់ទឹកភ្លៀង​កាលពីឆ្នាំ​កន្លងទៅដែលធ្វើឱ្យ​លិចលង់ផ្ទៃដីអស់ជាច្រើន​ហិកតា បានជះឥទ្ធិពលមកលើផលិតកម្មតម្បាញ​ផង​ដែរ រហូតស្ទើរតែរកមិនបានទីផ្សារសម្រាប់​ធ្វើការលក់នូវផលិតផល។

ប៉ុន្តែនៅក្នុងអំឡុងដើមឆ្នាំ២០១២នេះ គេ​សង្កេតឃើញថាវិស័យតម្បាញនេះ មានការ​ងើប​ឡើងមកវិញបន្តិច​។ ដោយមានប្រសាសន៍មួយៗក្នុងវ័យជាង៥០ឆ្នាំ លោកចៅសង្កាត់កោះដាច់​បានបញ្ជាក់បន្ថែមថា ក្នុងសង្កាត់កោះដាច់ អ្នក​ប្រកបមុខរបរសិប្បកម្មតម្បាញក៏បានចងក្រង ជាសមាគម​មួយផងដែរ ប៉ុន្តែហាក់ដូចជាមិន​មាន​សកម្មភាព និងដំណើរការល្អប៉ុន្មាននោះទេ គឺធ្វើខានធ្វើខានមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ បាន។ដូច្នេះហើយបានជាប្រជាតម្បាញដំណើរ
ការទៅតាមលទ្ឋភាពរៀងៗខ្លួន ក្រុមគ្រួសារខ្លះ​មាន​កីតម្បាញមួយ និងខ្លះទៀតមានកីតម្បាញ​លើសពីមួយ​។ ចំណែកឯវត្ថុធាតុដើមវិញ គឺដើម​ឡើយប្រជាជនធ្វើការជាវពីសំណាក់ឈ្មួញកណ្ដាល ដែលធ្វើការបណ្ដាក់ទុន ហើយនៅ​ពេល​ដែលផលិតបានឈ្មួញកណ្ដាល ក៏ធ្វើការ​ប្រមូល​ទិញយកទៅវិញ ប៉ុន្តែសព្វថ្ងៃនេះប្រជា​តម្បាញ​ភាគច្រើនបានឡើងមកជាវ​វត្ថុធាតុដើមដល់កន្លែង​​បោះដុំនៅឯទីផ្សារក្នុងរាជធានីភ្នំពេញ ដោយខ្លួនឯង ហើយយកទៅជូន​ម៉ូយវិញដោយ​ខ្លួនឯងបន្ទាប់ពី​ផលិតរួច ដោយមិនចាំបាច់ត្រូវ​ពឹងផ្អែកលើឈ្មួញកណ្ដាលនោះទៀតទេ​។ លោក​ចៅសង្កាត់កោះដាច់​ប៉ាត់ អ៊ែល បានបន្ថែមថា នៅ​ក្នុងសង្កាត់កោះដាច់ទាំងមូលមាន​សិប្បកម្ម​តម្បាញហូលផាមួង ស៊ឹង ក្រមា សារុង​សូត្រ និងសារុងអំបោះ ហើយត្រូវបានប្រមូលផ្ដុំ​បែង​ចែក​ទៅតាមភូមិនីមួយៗ ដូចជាសិប្បកម្ម​តម្បាញសូត្រ ​សារុងសូត្រ សំពត់សូត្រ មាន​ច្រើន​នៅក្នុងភូមិក្បាលកោះ​។ ចំណែក​ឯ​ភូមិ​ចុង​កោះ ភូមិល្វាវិញ ភាគច្រើនជាសិប្បកម្ម​តម្បាញ ក្រមា ប៉ុន្ដែប្រជាជន​ក៏មានការផលិត​​ទៅ​តាម​​ការ​កុម៉្មង់​របស់ទីផ្សារផងដែរ ដោយ​មិនប្រកាន់​ថាធ្វើតែក្រមា ឬ​សូត្រនោះ​ទេ ។

ចំណែកលោកស្រី​ចាន់ ជំនិត ដែលកំពុង​អង្គុយ​លើគ្រែរនាបក្បែរកីតម្បាញសំពត់ស៊ឹង ក្រោមផ្ទះដែលមានដើមក្រខុបពីរដើមនៅក្នុងទីធ្លាខាងមុខ មានមតិទាំងទឹកមុខស្ងួត ទាក់ ទង​ទៅ​នឹងសិប្បកម្មតម្បាញនិងផលវិបាកមួយចំនួន​ក្នុងរបរនេះ​ដែលលោកស្រីបានធ្លាប់ជួបកន្លង​មក​ថា ក្នុង​វិស័យនេះមានការលំបាកខ្លាំងជាពិសេស​គឺការខ្វះខាតកំលាំងក្នុងការដំណើរការសកម្មភាពផលិត ដែលធ្វើឲ្យផលិតកម្មមានសភាព​យឺត​យ៉ាវមិន​ទាន់តម្រូវការទីផ្សារ ហើយតម្លៃរបស់​ផលិត​​ផល​នេះទៀតសោត​ ក៏មិនមានសភាពនឹង​ន​ដែរ គឺ​តែង​តែធា្លក់ថ្លៃជានិច្ចដែលធ្វើឱ្យ​សិប្បក​រ​មិន​មានទឹកចិត្តក្នុងការបន្តការប្រឹងប្រែង​ផលិត​ដើម្បីរកប្រាក់ចំណូល​ពីវិស័យនេះ។

យ៉ាងណាក៏ដោយ ឧបសគ្គទាំងឡាយមិន​មែនកើតមានតែចំពោះជនណាម្នាក់នោះទេគឺតែងតែកើតមានចំពោះជនរាល់រូប ហើយតម្រូវ​ឱ្យ​ជនរូបនោះតស៊ូវព្យាយាមជំនះឲ្យខាង​តែ​បា​ន។​ នេះជាការលើកឡើងនូវជីវិតជាក់ស្ដែង​របស់អាជីវករលក់ផលិតផលតម្បាញមានដូចជា ហូល ផាមួង នៅផ្សារអូឬស្សីតូបលេខ២១-២២ និង២៣ដែលទទួលទិញផលិតផលក្នុងតំបន់កោះដាច់យកមកលក់បន្ត លោកស្រី​ហេង យូ បាន​មាន​ប្រសាសន៍ដោយសុទិ​ដ្ឋិ​និយមថា ផលិតផល​សិប្ប​កម្មតម្បាញហូល-ផាមួងនិងស៊ឹង ខាង​កោះ​ដាច់មានការងើបឡើងវិញហើយ ទាំងតម្លៃ និង​ផលិតកម្មនៅដើមឆ្នាំ២០១២នេះ ដោយសំពត់​ស៊ឹង​មានតម្លៃ៣,៥ដុល្លារ​ និង​មួយប្រភេទទៀត​តម្លៃ​៤ដុល្លារ​ ចំណែកកឯផាមួងវិញមាន​តម្លៃ​១២ដុល្លារ​ និង​១៨ដុល្លារ​ដែលក្នុងពេលកន្លង​មក​មាន​តម្លៃត្រឹម​តែ​៨ដុល្លារ​ប៉ុណ្ណោះ។ លោកស្រី​ក៏​បានបន្ថែមទៀតថា ផលិតផលនេះមានលក់​ដាច់​ខ្លាំងនៅរដូវចេញ​ព្រះវស្សា ជាពេលវេលាដែល​ប្រជា​ជនខ្មែរ​និយម​ប្រារព្ធពិធីរៀបអាពាហ៍​ពិពាហ៍ ហើយលក់​ដាច់​មួយៗនៅរដូវផ្សេង​ពី​នេះ។

យ៉ាងណាក៏ដោយតម្លៃហូល ផាមួង និង​ស៊ឹង​នៅលើទិផ្សារនាដើមខែមីនា ២០១២នេះ គឺមាន​ការឡើងថ្លៃមួយកម្រិត ដោយសារជារដូវដែល​ប្រជាពលរដ្ឋខ្មែរត្រៀមរៀបចំ និង​ត្រៀមខ្លួន​ទទួល​ទេវតាឆ្នាំថ្មី ឆ្នាំរោងចត្វាស័ក ព.ស ២៥៥៦​​ត្រូវនឹងថ្ងៃ៧-៨និង៩រោច ខែចេត្រ គ.ស ២០១២ខាងមុខនេះ។ ក្នុងនោះតម្លៃផា​មួង​ធុនមធ្យមមានតម្លៃ៣៨ដុល្លារអាមេរិកក្នុងមួយ សំពត់ និងមានរហូតដល់ជាង២០០ដុល្លារ​។​ប៉ុន្តែ​សម្រាប់ប្រជាពលរដ្ឋកោះដាច់ដែលប្រកបរបរ សិប្បកម្មតម្បាញនៅតែជួបការលំបាក ដោយ​សារតែតម្លៃសូត្រក៏មានការឡើងថ្លៃនៅគ្រាដែលសូត្រមួយចំនួនផលិតក្នុងស្រុកនៅមានចំនួនតិច
តួច​​។ មូលហេតុ​​ដែលសូត្រ​​​ផលិត​​​​​បានតិច​​តួច​គឺ​ប្រជា​ពលរដ្ឋមួយចំនួនដែលបើក​កសិដ្ឋាន​ចិញ្ចឹម​ដង្កូវនាង នៅមិនទាន់មាន​បច្ចេក​ទេសខ្ពស់​ក្នុង​ការ​​ចញ្ចឹមត្រឹមត្រូវតាមស្តង់ដា និង​ការ​ចិញ្ចឹម​ដង្កូវនាងប្រើពេលវេលាយូរ​នោះជាដើម​។ ទាំង​នេះ​ជា​​​ហេតុ​ធ្វើអោយកសិដ្ឋានចិញ្ចឹមដង្កូវនាង​ដើម្បី​​យក​សូត្រ​មួយចំនួនបានបិទទ្វារ។ ដូច្នេះ​ប្រជា​តម្បាញហូល ផាមួង ក្រមា  និង​ស៊ឹង​​ភាគ​ច្រើន​​គឺ​ពឹងផ្អែកទាំងស្រុងពីការនាំចូលសូត្រពី​បរទេស​ដែល​មានតម្លៃថ្លៃ ៕