ពិព័រណ៍អន្ដរជាតិក្នុងក្រុងកោះពេជ្រកំពុងបញ្ចេញស្នាដៃ “សារព័ត៌មាន និងគេហទំព័រកោះសន្ដិភាព”តាំងបង្ហាញនៅទីក្រុងកោះពេជ្រ
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០១០ ម៉ោង ១០:៥៨

កោះសន្តិភាព
“កោះសន្ដិភាព” និង “គេហទំព័រ”
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១ មេសា នៅទីក្រុងកោះពេជ្រអមដោយទន្លេបាសាក់ និងទន្លេមេគង្គដ៏ត្រកុំត្រកាល មានរៀបចំតាំងពិព័រណ៍អន្ដរជាតិបង្ហាញផលិតផលជាច្រើនមុខ លាតសន្ធឹងជាង១០០ស្ដង់ ដែលនាំចូលពីបណ្ដាប្រទេសនានានៅលើពិភពលោក នឹងផលិតផលក្នុងស្រុកដើម្បីបង្ហាញនូវសមិទ្ធផលថ្មីៗ និងភាពអស្ចារ្យដែលអ្នកបច្ចេកវិទ្យាទើបតែរកឃើញ ហើយយកមកដាក់ប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិ ។ជាមួយគ្នានេះក្រុមហ៊ុនកោះសន្ដិភាព បានដាក់តាំងបង្ហាញនូវផលិតផលពេញនិយមរបស់ខ្លួនផងដែរ គឺសារព័ត៌មាន “កោះសន្ដិភាព” និង “គេហទំព័រ” (Website) ជាទីប្រឹក្សាដ៏ឆ្នើមក្នុងការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ជូនអស់លោកអ្នកអានក្នុងប្រទេស និងនៅលើពិភពលោក។
ផលិតផលជាច្រើនដែលរាយតាមស្ដង់ជាជួរៗ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់តាមផ្ទះ គ្រឿងសំណង់ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក មានកុំព្យូទ័រ ទូរស័ព្ទ រថយន្ដ ផលិតនៅប្រទេស ចិន រថយន្ដធនាគារចល័ត និងផលិតផល សំរាប់ប្រើប្រាស់ផ្នែកកសិកម្មឧស្សាហកម្មជាច្រើនមុខទៀត ។ សំរាប់ក្រុមហ៊ុនកោះសន្ដិភាពវិញ បានដាក់តាំងបង្ហាញផលិតផលសារព័ត៌មានកោះសន្ដិភាព និងគេហទំព័រ (Website) របស់ខ្លួនផងដែរ ដើម្បីបញ្ជ្រាបព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិកជូនដល់អតិថិជន ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសបានតាមដានពីព័ត៌មានផ្សេងៗ ។ ជាពិសេសដំណឹងទាន់ហេតុការណ៍ និងបានរចនាខ្លួនឱ្យក្លាយជា អ្នកផ្ដល់ដំណឹងថ្មីៗ ជាភ្នាក់ងារពិសេសផ្សព្វផ្សាយពាណិជ្ជកម្ម សេចក្ដីជូនដំណឹងផ្សេងៗ គ្រប់រូបភាពជាទីទុកចិត្ដដល់អស់លោក ព្រមទាំងបានបង្ហោះទៅដល់គ្រប់ទិសទី ប្រកបទៅដោយសោភ័ណភាពទាក់ចិត្ដ ដែលកន្លងមក “សារព័ត៌មានកោះសន្ដិភាព និងគេហទំព័រ (Website) បានក្លាយជាទីប្រឹក្សាដ៏ឆ្នើមរបស់លោកអ្នករួចមកហើយ” ។
ពិធីតាំងពិព័រណ៍ផលិតផលទំនើបៗនៅទីក្រុងថ្មីកោះពេជ្រនេះ រៀបចំឡើងដោយអាជ្ញាធរជាតិអភិវឌ្ឍន៍បច្ចេកវិទ្យាគមនា គមន៍ព័ត៌មានវិទ្យា (NIDA) សហការជាមួយក្រុមការងារទិន្នន័យអន្ដរជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣ មេសា ខាងមុខនេះ ។នៅក្នុងព្រឹត្ដិការណ៍នេះដែរ មានគណៈ ប្រតិភូថ្នាក់ដឹកនាំជាច្រើនរូបដែលអញ្ជើញមកពីបណ្ដាប្រទេសមួយចំនួនបានចូលរួមដូចជាប្រទេសវៀតណាម, សិង្ហបុរី, ហុងកុង, អូស្ដ្រាលី និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលអញ្ជើញមកពីក្រសួង មន្ទីរពាក់ព័ន្ធក្នុង ប្រទេសកម្ពុជា ។
ជាមួយការតាំងបង្ហាញសារព័ត៌មាន និងគេហទំព័រកោះសន្ដិភាពនេះ លោកជា ហ្គារូដា នាយកប្រតិបត្ដិសារព័ត៌មានកោះសន្ដិភាពបានមានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញអំពីភាពរីកចំរើនលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា ជាពិសេសយុវវ័យសម័យថ្មី ដែលពួកគេបានក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិ មានសមត្ថភាពកាន់តែខ្ពង់ខ្ពស់បានជម្រុញឱ្យ “សារព័ត៌មានកោះសន្ដិភាព” សំរេចចិត្ដបោះជំហានវែងទៅមុខមួយជំហានទៀតនៅក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដោយបានបង្កើតសារព័ត៌មានអេឡិចត្រូនិចមួយទៀតហៅថា គេហទំព័រ ឬវ៉េបសាយ (Website) សំរាប់បំរើសាធារណជនទាំងឡាយណាដែលមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ ។