ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹបប៉េ​ងប៉ុង​ទួល​​ស្វាយ​ព្រៃ​ថ្មី​រៀប​​ចំ​​ព្រឹត្តិ​ការណ៍​​​ប្រកួត​​លើក​ទី​1​ដើម្បី​ដណ្តើម​ពាន​រង្វាន់ឆ្នាំ2012

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ក្នុង​គោល​បំណង​​លើក​កម្ពស់​គុណ​ភាពវិស័យ​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​មាន​ការ​រីកចម្រើន​​ ក៏ដូច​ជារួមចំណែក​​​ក្នុង​ការ​​លើក​កម្ពស់​ផ្នែក​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទៀត​ផង​នោះ ក្លឹប​វាយ​ប៉េង​ប៉ុង​​ទួល​ស្វាយ​ព្រៃ​ថ្មី ដែល​មាន​ទីតាំង​​ស្ថិត​នៅ​ដីឡូត៍​លេខ​៥ ផ្លូវ​លេខ​៥៦៦ ​សង្កាត់​​បឹង​កក់​១ ខណ្ឌទួលគោក បាន​សហការ​ជា​មួយ​សហ​ព័ន្ធកីឡា​វាយ​កូន​បាល់​កម្ពុជា​ រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​​​ប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ដណ្តើម​ពាន​រង្វាន់​ក្លឹប​ទួល​ស្វាយ​ព្រៃ​ថ្មី​ ជា​លើក​ទី១ ប្រចាំ​ឆ្នាំ​​២០១២ ។

លោក​ស្រេង វ៉ាន់​ថាន ​ប្រធានក្លឹប​​ទួល​ស្វាយ​ព្រៃថ្មី ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ដោយ​លោក​មាន​បំណង​ចង់​ឱ្យ​កម្មវិធីនេះ​ប្រព្រឹត្ត​​ទៅ​​បាន​រលូន​ ហើយ​​ក៏​ចង់​ឱ្យ​មាន​អ្នក​មក​ចូល​រួម​បាន​ច្រើន​ទៀត​ផង​នោះ ទើប​គណៈ​​កម្ម​ការ​រៀប​ចំ​​ការ​ប្រកួត​ជា​លើក​ទី​១ របស់​ក្លឹប​មិន​​កំណត់​​​លក្ខខណ្ឌ​អ្វី​ស្មុគ​ស្មាញ​ដល់​អ្នក​មក​ចុះ​ឈ្មោះ​​ចូល​រួម​​ឡើយ ពោល​គឺ​ក្មេង​ក៏​បាន​ចាស់​ក៏​បាន​ដែរ មិន​មាន​ការ​បែង​ចែក​អាយុ​ឡើយ ។ ​ឯការ​ប្រកួត​​ចែក​ចេញ​ជា​២​វិញ្ញា​សា​ គឺ​ប្រកួត​​ជា​ក្រុម និង​ឯកត្ត​​ជន ។ លោក​បាន​រៀបចំ​រង្វាន់​​​សម្រាប់​ផ្តល់​​ជូន​ផង​ដែរ គឺ​ប្រកួតជា​ក្រុម​ លេខ​១ ​ទទួល​បាន​១​លាន​​រៀល លេខ​២ ​៦០​ម៉ឺន​រៀល និង​លេខ​ ​​៤០​ម៉ឺ​ន​រៀល ។ ​​

ឯ​ប្រកួត​ជា​ឯកត្តជន​វិញ​លេខ​១​​ទទួល​បាន​​៦០​ម៉ឺន​រៀល ​លេខ​២​ ៤០​ម៉ឺន​រៀល និង​​លេខ​៣ ​២០​ម៉ឺន​រៀល ។ ​ក្លឹប​ក៏​មាន​​​​កម្មវិធី​ពិសេស​​មួយ​ទៀត គឺ​អ្នក​ដែល​ជាប់​លេខ​១ ទាំង​២​វិញ្ញា​សា​នេះ​អាច​មក​លេង​មិន​គិត​ថ្លៃ​រយៈ​ពេល​៣​ខែ លេខ​២ បាន​២​ខែ និង​៣​បាន​​១​ខែ ។ លោក​ស្រេង ​​វ៉ាន់​ថាន មាន​គម្រោង​​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​បែបនេះ ក្នុង​១​ឆ្នាំ​៤​ដង​ ប៉ុន្តែ​លើក​​ក្រោយ គឺ​​មាន​ការ​បែង​ចែក​អាយុ​ឱ្យ​បាន​ច្បាស់​លាស់​ជាង​នេះ ។

​លោក​ស៊ុន សុទ្ធា​រិទ្ធ អគ្គ​​លេខាធិការ​នៃ​សហ​ព័ន្ធ​​​​កីឡា​វាយ​កូន​ឃ្លី​លើតុ​កម្ពុជា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​​យ៉ាង​ខ្លាំង​ចំពោះ​​ក្លឹប​ប៉េង​ប៉ុង​​ទួល​ស្វាយ​ព្រៃ​ថ្មី ដែល​មាន​គំនិត​​ផ្តួច​ផ្តើម​​បែប​នេះ​ឡើង ។ ​លោក​បាន​បញ្ជាក់​ឱ្យដឹង​ផង​ដែរថា ​ប​ច្ចុ​ប្បន្ន​​សហ​ព័ន្ធ​កំពុង​តែ​ខិត​ខំ​​​ជំរុញ​យ៉ាង​ខ្លាំង​ធ្វើ​យ៉ាង​ណា​​ផ្តល់​ឱកាស​​ឱ្យ​បាន​ច្រើន​សម្រាប់​ក្មេងៗ​​ស្រករ​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ហើយ​លោក​បាន​សំណូម​ពរ​ឱ្យ​ក្លឹប​​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​សម្រាប់​ក្មេង​ៗ​ផង​ដែរ ​ជា​ពិសេស​​សម្រាប់​សិស្ស​សាលា​តែ​ម្តង ៕