រាជធានីភ្នំពេញ ៖ ក្រោយពីខកខានមិនបានឡើងសង្វៀនប្រកួតយ៉ាងយូរ កីឡាករពេជ្រ សម្បត្តិ មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ មួយរយៈមកនេះក៏តែងតែជួបការបរាជ័យ ជាបន្តបន្ទាប់ទៀត ប៉ុន្តែពេលនេះ សម្បត្តិ គេមានបំណងចង់សាកកម្លាំងជាមួយពៅ ស័ក្តិសិទ្ធិ មកពីក្លឹបក្រសួងមហាផ្ទៃ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ នាថ្ងៃសៅរ៍ទី២៥ កុម្ភៈ នេះម្តង ។ សម្បត្តិ ពីមុនគឺជាជើងខ្លាំងម្នាក់ដែលមានល្បិចប្រយុទ្ធខ្ពស់បំផុត និងមិនងាយទប់ទល់ឡើយ ប៉ុន្តែការបាត់មុខពីលើសង្វៀនយ៉ាងយូរមួយរយៈមកនេះធ្វើឱ្យគេមានការប្រែប្រួលខុសប្លែកពីមុនច្រើន ជាពិសេសទាំងកម្លាំងនិងល្បិចប្រយុទ្ធតែម្តង ។
ដោយសារតែចង់កសាងភាពល្បីល្បាញរបស់ខ្លួនឡើងវិញ លើកនេះសម្បត្តិចង់សាកកម្លាំងជាមួយស័ក្តិសិទ្ធិម្តងមើល ថាតើអាចទៅរួចបានកម្រិតណា ។ ស្នៀតជើងនិងស្នៀតដៃរបស់សម្បត្តិ នៅតែធ្វើឱ្យគូប្រកួតភាគច្រើនកោតញញើតជានិច្ច ព្រោះថារបៀបវាយចេញរបស់គេមានភាពច្បាស់លាស់ និងកំណត់ទិសដៅបានល្អទៀតផង តែបើប្រៀបជាមួយនឹងស្នៀតជើងរបស់ស័ក្តិសិទ្ធិគឺខុសគ្នាបន្តិចហើយ ។
ទម្ងន់ជើងរបស់ស័ក្តិសិទ្ធិ ធ្ងន់ជាងដូចគ្នានឹងទម្ងន់កណ្តាប់ដៃដែរ បើទោះជាវាយចេញយឺតបន្តិចមែន តែមិនអាចធ្វេសប្រហែសបានឡើយ ។ ស័ក្តិសិទ្ធិ កម្លាំងរបស់គេក៏ខ្លាំងណាស់ដែរ តែទោះជាយ៉ាងណាស័ក្តិសិទ្ធិ មិនហ៊ានមើលស្រាលពេជ្រ សម្បត្តិឡើយ ។ ឡុង សុវណ្ណពៅ មកពីក្លឹបសាលវ័ន្តកីឡា ចង់សាកកម្លាំងជាមួយហួន សុខនីម មកពីក្លឹបសិង្ហកីឡា ។ គូនេះមានល្បិចប្រយុទ្ធល្អម្យ៉ាងម្នាក់ ។ សុវណ្ណពៅ ពូកែស្នៀតកែងនិងជង្គង់ អាចវាយចេញបានរហ័ស ហើយចំទិសដៅបានល្អទៀតផង រីឯកម្លាំងខ្លាំង ហើយចិត្តហ៊ានទៀត ប៉ុន្តែស្នៀតជើងអន់ ។
ចំណែកសុខនីម មិនសូវចេះស្នៀតកែងនិងជង្គង់ទេ តែបើនិយាយពីស្នៀតជើងនិងស្នៀតកណ្តាប់ដៃវិញនោះគឺខ្លាំងជាងស្នៀតជើងសុវណ្ណពៅ ។ ទោះជាយ៉ាងណា ចលនាវាយនិងទាត់ចេញរបស់សុខនីម មិនសូវជារហ័សរហួនទេ រីឯចិត្តរបស់គេក៏តូចទៀត ។ គូនេះមិនអាចទាយទុកមុនពីការចាញ់ឈ្នះបានឡើយ ។ ផន ប៊ុនម៉ៅ មកពីក្លឹបបុរីរាជសីហ៍មានឫទ្ធិ ជួបសូយ គា មកពីក្លឹបអូដឹមកីឡា ។ ម៉ន វីរៈ មកពីក្លឹបព្រែកឯងកីឡា ជួបយិន បូរិន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ៕
ចែករំលែកព័តមាននេះ