ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​យួន​នាំ​បក្ស​ពួក​យក​ជាង​ទង​ម្នាក់​ទៅ​វាយ​ធ្វើ​បាប​តាម​ដង​ផ្លូវ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ជាង​ធ្វើ​គ្រឿង​ប្រាក់​ម្នាក់​បាន​ចោទ​ប្រកាន់​ថា ថៅ​កែ​របស់​ខ្លួន​រួម​ទាំង​បក្ស​ពួក​សរុប​៥​នាក់​ បាន​ជិះ​ម៉ូតូ​ឌុប​យក​រូប​គេ​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​ហើយ​នាំ​គ្នា​វាយ​ដំនឹង​​ស្នាប់​ដៃ​ បណ្តាល​ឱ្យ​បែក​មុខ​បែក​មាត់​ដួល​សន្លប់​​​​តាម​ដង​ផ្លូវ​ ហើយ​ក៏​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​ ។ ការ​ប្រើ​​ហិង្សា​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​ នៅ​តាម​​ដង​ផ្លូវ​ស្ថិ​ត​នៅ​​ក្នុង​ភូមិ​ទួល​សង្កែ សង្កា​ត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​អះ​អាង​ថា ទទួល​រង​ការ​វាយ​ដំ​នេះ​ឈ្មោះ​ញឹម ឡៃស៊ីម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជាង​ទង​ធ្វើ​គ្រឿង​ប្រាក់ មាន​ទី​លំ​នៅ​ផ្ទះ​ជួល​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ  ។ ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ក្រុម​ជន​ដៃ​ដល់​មាន​បក្ស​ពួក​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​​គ្រឿង​ ដែល​មួយ​គ្រឿង​បាន​ដឹក​ជន​រង​គ្រោះ​​មក​ទម្លាក់​នៅ​តាម​ផ្លូវ​ហើយ​នាំ​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​​យ៉ាង​ចាស់​ដៃ​តែ​ម្តង ។ បន្ទាប់​ពី​បង្ក​របួស​ស្នាម​ហើយក្រុ​ម​នេះ​​បាន​គេច​ខ្លួន​បាត់​អស់​ទៅ ។

តាម​សម្តី​ឈ្មោះ​ញឹម ឡៃស៊ីម​ បាន​ឱ្យ​ដឹង​ថា ជន​ដៃ​ដល់​ដែល​បាន​វាយ​មក​លើ​ខ្លួន​ឈ្មោះ​ព្រុង​ ​ជន​ជាតិ​វៀត​ណាម និង​ជា​មេជាង​ធ្វើ​គ្រឿង​ប្រាក់​ រួម​ទាំង​បក្ស​ពួក​ចំនួន​៤​នាក់​ដោយ​ចោទ​ខ្លួន​ថា ជា​អ្នក​លួច​ទូរទស្សន៍​ រួច​ដឹក​មក​វាយ​ដំ​បែប​នេះ​តែ​ម្តង ។

ជន​រង​គ្រោះ​បន្ត​​​ថា ​​ពី​មុនរូប​គេ​​ធ្វើ​ជា​សន្តិ​សុខ​ ​​បាន​ឈប់​ប្រមាណ​ជាង​១​ខែ​ហើយ​ទៅ​ធ្វើ​ជា​ជាង​ធ្វើ​គ្រឿង​ប្រាក់​នៅ​ផ្ទះ​របស់​ឈ្មោះ​ព្រុង ​​ជន​ជាតិ​វៀត​ណាម​ ។
នៅ​ល្ងាច​ថ្ងៃទី​២៣ កុម្ភៈ​ ជន​រង​គ្រោះ​​បាន​ទូរស័ព្ទ​ទៅ​េម​ជាង​ឈ្មោះ​ព្រុង​ថា ខ្លួន​ឈប់​ធ្វើ​ការ​ហើយ ស្រាប់​តែ​មេ​ជាង​នោះ​ប្រាប់​ថា ចាំ​ស្អែក​​ចាំ​ទៅ​ តែ​ខ្លួន​មិន​ព្រម​ក៏​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​ ។ លុះ​ព្រឹក​ឡើង​នៅ​ពេល​ដែលឈ្មោះ​ញឹម ឡៃ​ស៊ីម ​កំពុង​ផឹក​កាហ្វេ​ ស្រាប់​តែ​ឈ្មោះ​ព្រុង ​​បាន​ចោទ​ប្រកាន់​ថា ខ្លួន​ជា​អ្នក​លួចទូរទស្សន៍​​ ហើយ​​បាន​ហៅ​មិត្ត​ភក្តិ​ និង​ក្មួយ​របស់​គាត់​ទាំង​អស់​ចំនួន​៥​នាក់​មក​ឌុប​ខ្លួនដោយ​ប្រាប់​​ថា ទៅ​ជួប​ឪពុក​មា​ តែ​មិន​នឹក​ស្មាន​​ថា ដឹក​យក​មក​ទម្លាក​់​តាមផ្លូវរួច​នាំ​គ្នា​វាយ​មក​លើ​ខ្លួន​បែ​ប​នេះ​សោះ ។ ជនរង​គ្រោះ​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯកជន​ដើម្បី​​ដេរ​របួស​ ៕